មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានដណ្តើមយករោងចក្រថាមពលធំជាងគេទីពីររបស់អ៊ុយក្រែន ហើយកំពុង«ដាក់ពង្រាយកងកម្លាំងជាច្រើនឡើងវិញ»នៅតំបន់ចំនួនបីនៅភាគខាងត្បូងអ៊ុយក្រែន។
ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គឺលោក Oleksiy Arestovych បានបញ្ជាក់ពីការកាន់កាប់របស់រុស្ស៊ីលើរោងចក្រថាមពល Vuhlehirsk នៅតំបន់ Donetsk ភាគខាងកើត។ ប៉ុន្តែលោកបាននិយាយថា ព្រឹត្តិការណ៍នេះគ្រាន់តែជា«ការកាន់កាប់ជាយុទ្ធសាស្ត្រដ៏តូច»ប៉ុណ្ណោះសម្រាប់រុស្ស៊ី។
លោកបាននិយាយថា ការពង្រាយកងទ័ពឡើងវិញរបស់រុស្ស៊ីរួមមានការបញ្ជូនកងកម្លាំងទៅកាន់តំបន់ Melitopol, Zaporizhzhia និង Kherson ដែលជាផ្នែកនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រជាក់ស្តែងក្នុងកិច្ចខិតខំប្រឹងប្រែងការពារ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ុយក្រែនកំពុងប្រមូលផ្តុំសន្ទុះនៅក្នុងការវាយបកវិញនៅ Kherson ដែលជាតំបន់រុស្ស៊ីបានកាន់កាប់ចាប់តាំងពីថ្ងៃដំបូងនៃការលុកលុយនៅចុងខែកុម្ភៈ។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា «អ៊ុយក្រែនបានប្រើកាំភ្លើងធំរយៈចម្ងាយឆ្ងាយថ្មីរបស់ខ្លួន បំផ្លាញស្ពានយ៉ាងហោចណាស់ចំនួនបីឆ្លងទន្លេ Dnipro ដែលរុស្ស៊ីប្រើដើម្បីដឹកជញ្ជូនការផ្គត់ផ្គង់តំបន់ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន»។
ការវាយតម្លៃប្រចាំថ្ងៃរបស់ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ទីក្រុង Kherson ឥឡូវនេះត្រូវបានកាត់ផ្តាច់ពីទឹកដីដែលរុស្ស៊ីកាន់កាប់ផ្សេងទៀត។
កងកម្លាំងអ៊ុយក្រែនបានវាយប្រហារស្ពាន Antonivskyi ឆ្លងទន្លេ Dnipro កាលពីល្ងាចថ្ងៃអង្គារ។ មន្ត្រីរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួននឹងប្រើប្រាស់មធ្យោបាយផ្សេងទៀតដើម្បីឆ្លងកាត់តំបន់ដែលស្ពានរងការខូចខាត រួមទាំងការប្រើប្រាស់ស្ពានបណ្តែតទឹក និងសាឡាងផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា លោកនឹងនិយាយជាមួយសមភាគីរុស្ស៊ីរបស់លោកក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ពិភាក្សាអំពីក្តីរំពឹងការអនុវត្តកិច្ចព្រមព្រៀងបន្តនាំចេញគ្រាប់ធញ្ញជាតិតាមកំពង់ផែរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ និងបញ្ហារុស្ស៊ីបញ្ចូលតំបន់ Donbas ជារបស់ខ្លួន។
លោក Blinken និងលោក Lavrov បាននិយាយគ្នាលើកចុងក្រោយនៅថ្ងៃទី១៥ ខែកុម្ភៈ ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចាប់ផ្តើមការឈ្លានពានផ្នែកយោធានៅអ៊ុយក្រែន៕
អ្នកស្រី Margaret Besheer អ្នកយកព័ត៌មានរបស់ VOA រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។