ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សារមន្ទីរ​បិតា​ស្ថាបនិក​បង់ក្លាដេស​នឹង​អាច​ទស្សនា​បាន​ជា​រូបភាព​តាម​អ៊ីនធឺណែត


រូបឯកសារ៖ ស្ត្រីម្នាក់​ដើរកាត់​គេហដ្ឋាន​របស់​បិតា​ស្ថាបនិក​ប្រទេស​បង់ក្លាដេស គឺលោក Sheikh Mujibur Rahman ដែល​បច្ចុប្បន្ននេះ គឺជា​សារមន្ទីរមួយនៅទីក្រុង ដាក្កា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩។

រយៈពេល​ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ ក៏​ប៉ុន្តែ ស្លាកស្នាមនៃ​ការ​សម្លាប់​រូបលោក Sheikh Mujibur Rahma និង​ក្រុម​គ្រួសារ​របស់​លោក ​នៅ​តែ​មើល​ឃើញ​នៅ​ឡើយ។ ស្នាម​ឈាម​ស្ងួត​នៅ​លើ​ជញ្ជាំង រន្ធ​គ្រាប់​កាំភ្លើង​ មាន​ឃើញ​នៅ​ក្នុង​បន្ទប់​គេង​ដែល​គ្មាន​មនុស្ស​នៅ។

ផ្ទះ​ដាក្កា គឺជា​កន្លែង​ដែល​វីរៈបុរស​ឯករាជ្យ​បង់ក្លាដេស ឈ្មោះ Sheikh Mujibur Rahman និង​គ្រួសារ រួម​មាន​ភរិយា និង​កូន​ប្រុស​អាយុ​១០​ឆ្នាំ​របស់​លោក ត្រូវ​បាន​ពួក​ទាហាន​បាញ់​សម្លាប់​ក្នុង​ឆ្នាំ១៩៧៥។ ចាប់​តាំង​ពី​ពេល​បើក​សម្ពោធ​ជា​សារមន្ទីរ​រំឭក​វិញ្ញាណក្ខន្ធ នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក ផ្ទះ​នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​មក​ទស្សនា​ជាច្រើន​នាក់។

កិច្ចការ​ភាគ​ច្រើន បាន​ផ្ដោត​លើ​ការ​ថែរក្សា​ទីតាំង​នេះ​ឲ្យ​នៅ​ដូច​សភាព​ដើម។ មាន​អាង​កញ្ចក់​ចិញ្ចឹម​ត្រី​ ប្រក្រតីទិន​ដែល​បង្ហាញ​ពី​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​សម្លាប់​រង្គាល​នោះ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​សីហា និង​វត្ថុ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត ដូចជា ប្រដាប់​ដាក់​ក្រែម​លាប​សក់​របស់​លោក Mujib ជា​ដើម។

ប៉ុន្តែ ការ​ផ្លាស់​ប្ដូរ​កំពុង​តែ​ធ្វើ​ឡើង មិនមែន​ខាង​ទីធ្លា​ប៉ុន្មាន​ទេ តែ​ភាគ​ច្រើន​គឺ​ផ្លាស់ប្តូរ​ទៅ​លើ​ទិដ្ឋភាព​នៃ​ការ​ចូល​ទៅ​ក្នុង​សារមន្ទីរ​នេះ។ អ្នក​អភិរក្ស​ថ្មី​ម្នាក់​ កំពុង​តែ​រៀបចំ​គម្រោង​សារមន្ទីរ​ជា​រូបភាព​ ដែល​អាច​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចូល​ទស្សនា​បាន តាម​រយៈ​ប្រព័ន្ធអ៊ីនធឺណែត។

លោក Nazrul Islam Khan ដែល​កាន់​តំណែង​ជា​អ្នក​អភិរក្ស​សារមន្ទីរ​នេះ​កាល​ពី​ឆ្នាំ​មុន បាន​និយាយ​ថា៖ «បទ​ពិសោធន៍​មើល​សារមន្ទីរ​នេះ (តាម​អ៊ីនធឺណែត) គឺ​ស្រដៀង​គ្នា​នឹង​បទ​ពិសោធន៍​របស់​អ្នក​បើក​យន្តហោះ ក្នុង​ពេល​បញ្ឆេះ​យន្ត​ហោះ​អីចឹង​ដែរ។ ប្រសិន​បើ​អ្នកចង់មក​មើល​សារមន្ទីរ ប៉ុន្តែ​នៅ​តំបន់​ដាច់​ស្រយាល ឬ​ក៏​មិន​អាច​មក​បាន ​អ្នក​នឹង​គ្មាន​បញ្ហា​នោះ​ទេ។ អ្នក​ក៏​អាច​ទស្សនា​សារមន្ទីរ​នេះ​បាន​គ្រប់​ពេល​ដែលអ្នក​ចង់»។

លោក Khan បាន​និយាយ​ថា គម្រោង​នេះ ធ្វើ​ឡើង​ដោយថត​រូប​ជា​ទិដ្ឋភាព​៣៦០ដឺក្រេ ដែល​នឹង​អាច​ទស្សនា​បាន​នៅ​លើ​គេហទំព័រ។ ការ​សម្ពោធ​ជា​លើក​ដំបូង នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ខែ​ទៀត។ លោក​ក៏​កំពុង​រៀប​ចំ​គម្រោង​ឲ្យ​មាន​មគ្គុទេសក៍​ជា​សោតកម្ម​ផង​ដែរ។

ព្រឹត្តិការណ៍​នៅ​ឆ្នាំ​១៩៧៥​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រយៈពេល​ជិត​បួន​ឆ្នាំ បន្ទាប់​ពីបង់ក្លាដេស​បាន​ឈ្នះ​សង្រ្គាម​ប្រឆាំង​ប៉ាគីស្ថាន​ នៅតែ​លេច​ឮ​ពេញ​ឆាក​នយោបាយ​ទូទាំង​ប្រទេស​នាពេល​បច្ចុប្បន្ន​នេះ។

លោក Mujib ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ឲ្យ​មាន​ចលនា​ឯករាជ្យ​ដំបូង​នៅ​ប្រទេស​បង់ក្លាដេស។​ ប្រទេស​ប៉ាគីស្ថាន ​បាន​ចាប់​ខ្លួន​លោក​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ នៅ​អំឡុង​ពេល​ការ​បង្រ្កាប​របស់​ប៉ាគីស្ថាន​លើ​ការ​ប្រឆាំង​បះបោរ​នៅ​ឆ្នាំ​១៩៧១ ក៏ប៉ុន្តែ​ ក្រោយ​ពេល​លោក​ត្រូវ​បាន​ដោះលែង លោក​បាន​ត្រឡប់​ទៅ​ដឹក​នាំ​សង្រ្គាម​រំដោះ​បង់ក្លាដេស។ ក្រោយ​ពេល​ឃាត​កម្ម​នេះ មន្រ្តី​យោធា​ជាន់​ខ្ពស់​ម្នាក់​គឺ លោក Ziaur Rahman បាន​ឡើង​កាន់​អំណាច​ ប៉ុន្តែ​ក្រោយ​មក​មន្ត្រី​យោធា​រូប​នេះ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ឆ្នាំ​១៩៨១។

លោកស្រី Hasina Wajed កូន​ស្រី​ម្នាក់​របស់​លោក​ Mujib ដែល​នៅ​រស់​ ហើយ​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្រ្តី​បង់ក្លាដេស បាន​ដឹកនាំ​គណបក្ស​ Awami League របស់​ឪពុក​លោកស្រី។ រីឯ​លោក​ស្រី​ Khaleda Zia ដែល​ជា​ភរិយា​របស់​លោក​ Ziaur Rahman បាន​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ ​ឈ្មោះ​គណបក្ស​ជាតិ​បង់ក្លាដេស។​ ទោះបីជា​ប្រទេស​បង់ក្លាដេស​ មាន​ប្រជាជន​មូស្លីម​ច្រើន​ក៏​ដោយ​ ក៏​ចក្ខុ​វិស័យមិន​ចម្រុះ​សាសនា​និយម​របស់​គណបក្ស Awami League បាន​ប៉ះ​ទង្គិច​នឹង​ចក្ខុវិស័យ​ទំនោរ​សាសនា​និយម​របស់​គណបក្ស​ជាតិ​បង់ក្លាដេស (BNP)។

លោក​ Joseph Allchin អ្នក​សារព័ត៌មាន​ និង​ជា​អ្នក​និពន្ធ​សៀវភៅ «សមុទ្រ​មួយ​ ទន្លេ​ច្រើន» (Many Rivers, One Sea) បាន​និយាយ​អំពី​ការ​បះបោរ​ផ្នែក​យោធា​ឥស្លាម នៅ​ក្នុង​ប្រទេស​បង់ក្លាដេស ថា៖ «លោក Sheikh Mujib គឺជា​រូបវ័ន្ត​បុគ្គល ​តំណាង​ឲ្យ​ជាតិសាសន៍​តែមួយ​របស់​បង់ក្លាដេស។ ប៉ុន្តែ​ សារៈសំខាន់​របស់​លោក ​ត្រូវ​បាន​បំប៉ោង​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ Awami League ដើម្បី​ហេតុ​ផល​នយោបាយ ហើយ​ត្រូវ​បាន​ថយ​ចុះ​ដោយ​គណបក្ស​ស្ដាំ​និយម​ ឬ​សាសនា​និយម​ជាតិ​បង់ក្លាដេស​ (BNP) ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល»។

លោក Joseph បាន​បន្ត​ថា៖ «លោក​ Mujib ដែល​ជា​អ្នក​បង្កើត​គណបក្ស​ បាន​នាំ​កេរ្តិ៍ឈ្មោះ​ឲ្យ​បក្ស​ Awami Leagueតាម​រយៈ​ការ​ដឹកនាំ​របស់​លោក​ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ឯករាជ្យ​ពី​ប្រទេស​ប៉ាគីស្ថាន។ យ៉ាងណាមិញ មនុស្ស​ជា​ច្រើន​យល់ថា អំពើ​ឃាតកម្ម​លើ​រូបលោក​ បាន​ជួយ​ពង្រឹង​ឥទ្ធិពល​បន្ថែម​ដល់​ឋានៈ​រាជវង្ស​ដ៏​ខ្លាំងក្លា​របស់​នាយករដ្ឋ​មន្រ្តី​បង់ក្លាដេស​បច្ចុប្បន្ន​ដែល​ជា​កូន​ស្រី​របស់​លោក គឺ​លោក​ស្រី​ Sheikh Hasina ។

ជោគ​វាសនា​របស់​ជន​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​លប​ធ្វើ​ឃាត​លោក Mujib ​នៅ​ឆ្នាំ​១៩៧៥​នោះ ត្រូវ​បាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់ ខណៈដែល​ការ​គ្រប់គ្រង​អំណាច​បាន​ផ្លាស់​ប្ដូរ​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ ក្នុង​រយៈពេល​ជាង​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ។ ហើយ​អ្នក​រួម​គំនិត​មួយ​ចំនួន​ ត្រូវ​បាន​ផ្តល់​តំណែង​ខាង​ការទូត​ឲ្យ​ជា​ដើម។

លោក​ស្រី​ Hasina បាន​យកចិត្ត​ទុក​ដាក់​លើ​ករណី​នេះ ​បន្ទាប់​ពី​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​នៅ​ឆ្នាំ​១៩៩៦ ប៉ុន្តែ​ រហូត​ដល់​ឆ្នាំ​២០១០ ​ទើប​មាន​បុរស​ប្រាំ​នាក់​ត្រូវ​បាន​ព្យួរ​ក ពី​បទ​ឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។ មួយ​ឆ្នាំ​មុន​ គណបក្ស​ Awami League បាន​គ្រប់គ្រង​រដ្ឋាភិបាល​វិញ ដោយ​ពង្រឹង​ការ​គ្រប់គ្រង​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៤​ ​ដែល​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិកា​មិន​ចូលរួម។

អ្នក​ទិតៀន​បាន​រិះគន់​លោកស្រី Hasina ថា​ យក​វិញ្ញាណក្ខន្ធ​លោក Mujib មក​ជា​ឧបករណ៍​ដើម្បី​ឲ្យ​មនុស្ស​គោរព។ ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ គ្រូ​បង្រៀន​ចំនួន​១៣​នាក់​ ត្រូវ​បាន​ជាប់​ទោស​ពី​បទ​បះបោរ​ ដោយសារ​តែ​ពួកគេ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​មន្រ្តី​គណបក្ស​ប្រឆាំង​ទៅនឹងលោក​ Mujib។

ប៉ុន្តែ ទោះបីជា​ដឹង​ថា​ គណបក្ស​ Awami League អាច​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​រក្សា​កេរតំណែល​របស់​លោក​ Mujib ដើម្បី​ធានា​ដល់​ផល​ប្រយោជន៍​ក្នុង​ការ​បោះឆ្នោត​ក៏​ដោយ ក៏​អ្នក​និពន្ធ​ឈ្មោះ Salil Tripathi ដែល​បាន​សម្ភាស​បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រឆាំង​លោក Mujib បាន​អះអាង​ថា​ សង្រ្គាម​ដើម្បី​ឯករាជ្យ​ភាព​ នឹង​មាន​អាយុ​៥០​ឆ្នាំ​ នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ហើយ​មនុស្ស​ជំនាន់​មួយ​ នឹងធំដឹង​ក្តី​ឡើង​ដោយ​មិន​សូវ​ចងចាំ​អំពី​រឿង​នេះ​ ឬ​អំពី​ឃាតកម្ម​នៅ​ឆ្នាំ​១៩៧៥​នោះ​ទេ។

លោក​ Salil Tripathi បាន​និយាយ​ថា៖ «ឃាតកម្ម​ដ៏​រន្ធត់​ទៅ​លើ​គ្រួសារ​របស់​លោកស្រី Hasina គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ដែល​លោកស្រី ​មិន​ចង់​ឲ្យ​ប្រទេស​ជាតិ​ភ្លេច​នោះ​ទេ។ ការ​ផ្ដល់​នូវ​លទ្ធភាព​ចូល​ទៅ​កាន់​សារមន្ទីរ​ ទោះបីជា​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ក៏ដោយ​ ក៏​រឿង​នេះ​គឺ​ជា​សញ្ញា​ល្អ​មួយ»។ លោក​បាន​និយាយ​បន្ថែម​ថា​ ព័ត៌មាន​ពេញ​លេញ​អំពី​សង្រ្គាម​ដើម្បី​ឯករាជ្យ​ និងអំពី​រឿងរ៉ាវ​ដែល​បង្ក​ឲ្យ​សង្គ្រាម​នេះ​កើត​ឡើង​ ក៏​ជា​មាន​សារៈសំខាន់​ដែរ។

លោក​បាន​បន្ត​ថា៖ «ការ​តស៊ូ​រវាង​អ្នក​ឲ្យ​តម្លៃ​សំខាន់​លើ​សាសនា​ និង​អ្នក​ដែល​មើល​ឃើញ​ថា ប្រទេស​បង់ក្លាដេស​ជា​អាណាចក្រ​មិន​ទំនោរ​លើ​សាសនា​និយម ដែល​មាន​ភាសា​ជា​ការ​កំណត់​អត្តសញ្ញាណជាតិ ​នៅ​តែ​បន្ត​កើត​មាន។ នោះ​ហើយ​គឺជា​ជម្លោះ​ដ៏​សំខាន់។ ការ​រក្សា​កេរដំណែល​របស់​លោក Mujibur Rahman ឲ្យ​នៅ​រស់​ គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​ដ៏​ធំជាង​នេះ។

នៅ​ពេល​ត្រូវ​បាន​សួរ​ពី​ការណ៍​ដែល​មិន​អាច​រិះគន់​បាន​ជា​សាធារណៈ​ជុំវិញ​រឿង​ទាញ​យក​ប្រយោជន៍​ពី​លោក Mujib នោះ​ លោក Khan ​ដែល​អ្នក​អភិរក្ស​សារមន្ទីរ​នេះ ​បាន​និយាយ​ថា​ លោក​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​តាក់តែង​បន្ថែម​ទៀត​លើ​សារមន្ទីរ។

លោក Khan បាន​និយាយ​ថា៖ «ពេល​ខ្ញុំ​ចាប់ផ្ដើម​គ្រប់គ្រង​សារមន្ទីរ​នេះ ខ្ញុំ​រៀបចំ​សៀវភៅ​សន្ទរកថា​ដែល​លោក​បាន​ថ្លែងនៅ​ថ្ងៃ​ផ្សេងៗ​គ្នា»។ លោក​ Khan បាន​និយាយ​ដោយ​ប្រើ​ឈ្មោះ​មួយ​សម្រាប់​លោក Mujib មានន័យ​ថា​ «មិត្ត​របស់​បង់ក្លាដេស»។

លោក Khan បាន​បន្ត​ថា៖ «ខ្ញុំ​បាន​រៀបរៀង​កាលបរិច្ឆេទ ដើម្បី​ឲ្យ​ងាយ​រកឃើញ​ តាម​ប្រធានបទ និង​តាម​បញ្ហា​ដែល​លោក​បាន​លើកឡើង ហើយ​និង​កាលបរិច្ឆេទ​នៃ​ការ​លើកឡើង​នោះ»៕

​ប្រែ​សម្រួល​ដោយ សើ សាយ្យាណា

XS
SM
MD
LG