ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ស.រ.អា.​បារម្ភ​ពី​វិបត្តិ​ពួក​ជន​រ៉ូហ៊ីងយ៉ា និង​បាន​ទាក់​ទង​ជាមួយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា


ផ្ទះ​មួយ​ខ្នង​កំពុង​ឆាប​ឆេះ​នៅ​ក្នុង​ភូមិ Gawdu Zara នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី​៧ ខែ​កញ្ញា។

ស.រ.អា.​បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ហើយ​និយាយ​ថា ​ខ្លួន​មាន​ការ​ទាក់ទង​ជិត​ដិត​ជា​មួយ​រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ាអំពី​ស្ថានការណ៍​នៅ​ក្នុង​រដ្ឋ​ Rakhine នា​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេស​នេះ​ ដែល​នៅ​ទី​នោះ​ពួក​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ កាន់​សាសនា​ឥស្លាម​ រាប់​ម៉ឺន​នាក់​បាន​ត្រូវ​បង្ខិត​បង្ខំ​ឱ្យ​រត់​គេច​ខ្លួន​ឆ្លង​កាត់​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស។​

អ្នកស្រី​ Heather Nauert អ្នកនាំ​ពាក្យ​នៃក្រសួងការបរទេស​ស.រ.អ.បាននិយាយ​ទៅ​កាន់ពួក​អ្នកកាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សន្និសិទសារព័ត៌មាន​នៃ​ក្រសួង​ការបរទេសអំពី​បញ្ហា​ប្រទេស​ភូមា។

អ្នកស្រី Nauert ​បាន​និយាយ​ថា៖ «យើង​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​អំពី​ស្ថានការណ៍​នាំ​ឱ្យ​មាន​អំពល់​នៅ​ក្នុង​រដ្ឋ ​Rakhine ​នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ភូមា។​ នៅ​ទី​នោះ​មាន​បន្លាស់​ទី​របស់​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​ច្រើន​ក្រាស់​ក្រែល​ក្រោយ​ពី​មាន​ការ​

ចោទ​ប្រកាន់​អំពី​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស ដោយ​មាន​រួម​បញ្ចូល​ការ​ដុត​ភូមិ​ជា​ច្រើន​របស់​ពួកជន​អំបូរ​រ៉ូហ៊ីងយ៉ា​ និង​អំពើ​ហិង្សា​ត្រូវ​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​សន្តិសុខ​និង​ដោយ​ក្រុម​ជន​ស៊ីវិល​ប្រដាប់​អាវុធ​ផងដែរ។

អ្នកស្រី​ Nauert ​បាននិយាយ​ដែរ​ថា «ជា​ថ្មី​ទៀត​ យើង​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​លើ​កង​សន្តិសុខ​ភូមា ក៏​ប៉ុន្តែ​យើង​ចូល​រួម​ជា​មួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​អំពាវ​នាវ​ដល់​កង​កម្លាំង​ទាំង​នោះ​ឱ្យ​បញ្ចៀស​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​ថែម​ទៀត​និង​ការពារ​ប្រជារាស្ត្រ​ក្នុង​មូលដ្ឋាន​តាម​វិធី​ដែល​សម​ស្រប​ជា​មួយ​វិធាន​ច្បាប់​ និង​ការ​គោរព​ពេញ​លេញ​ដល់​សិទ្ធិ​មនុស្ស។ ​យើង​សុំ​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​ប្រទេស​ភូមា​ ដោយ​រួម​បញ្ចូល​ទាំង​ជន​នៅ​ក្នុង​រដ្ឋ​ Rakhine ​ផង​ដែរ​ឱ្យ​ជៀស​វាង​កុំ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​បង្កើន​ភាព​តានតឹង​នៅ​ទី​នោះ»៕

XS
SM
MD
LG