ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​រាប់​ពាន់​នាក់​តវ៉ា​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា


ជនជាតិ​រ៉ូហ៊ីងយ៉ា​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ម្នាក់​បី​ស្ត្រី​ចាស់​ម្នាក់ នៅ​ពេល​ពួកគេ​ចុះ​ពី​ទូក​ឆ្លង​ទៅ​ព្រំដែន​បង់ក្លាដែស កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។

មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​ក្បួន​តវ៉ា​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម។

ការ​តវ៉ា​លើក​នេះ​គឺ​ជា​ការ​តវ៉ា​ដ៏​ធំ​បំផុត​មួយ​នៃ​ការ​ធ្វើ​បាតុកម្ម​ជា​ច្រើន​នៅ​ក្នុង​សប្ដាហ៍​នេះ ដែល​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រឆាំង​នឹង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី​ អង់សាន ស៊ូជី។ ការ​តវ៉ា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ Islamic Defenders Front និង​មាន​ការ​ចូលរួម​ពី​ក្រុម​អង្គការ​ឥស្លាម​ដែល​មាន​ទំនោរ​ជ្រុល​ផ្សេងៗ​ទៀត។

កន្លង​មក អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ប្រហែល ១ សែន ២ ម៉ឺន ៥ ពាន់​នាក់ បាន​រត់​គេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដេស បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា​ធ្វើ​ការ​បង្ក្រាប​ពួកគេ​នៅ​ក្នុង​រដ្ឋ Rakhine មក។ រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ បាន​បញ្ជាក់​ថា ការ​បង្ក្រាប​នេះ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​ពួក​រ៉ូហ៊ីងយ៉ា​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស និង​យោធា​ប៉ារ៉ា។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នឹង​ប្រឈម​នឹង​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​ពី​សំណាក់​អ្នក​បោះ​ឆ្នោត​ដែល​កាន់​សាសនា​ឥស្លាម ប្រសិនបើ​មិន​បាន​ឆ្លើយ​តប​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នេះ។ ប៉ុន្តែ​ការ​ចាត់​វិធានការ​ទាំង​នេះ​បាន​គឺ​មាន​កម្រិត ដោយសារតែ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់​បាន​ឯកភាព​គ្នា​ថា​នឹង​ជៀសវាង​ការ​រិះគន់​ដោយ​បើក​ចំហ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក៕

XS
SM
MD
LG