បើទោះនឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញក្នុងរយៈ៣ខែទៀត ប៉ុន្តែមន្រ្តីគណបក្សប្រឆាំងមួយចំនួននៅតែបន្តប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការ ដែលជាការរឹតត្បិតសកម្មភាពនយោបាយរបស់ពួកគេបន្តទៀត។
មន្រ្តី ថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ត្រូវបានកាត់សិទ្ធិមិនឲ្យធ្វើនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលដែលគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានរំលាយដោយតុលាការកំពូល។
មកដល់ពេលនេះ ក្នុងចំណោមអ្នកទាំងនោះ មានតែអ្នកនយោបាយជាង២០នាក់ប៉ុណ្ណោះបានទទួលសម្បទានធ្វើនយោបាយឡើងវិញ ដោយខ្លះទៅបង្កើតគណបក្សថ្មី។ អ្នកនយោបាយខ្លះ ដែលមិនទាន់ទទួលបានសម្បទាធ្វើនយោបាយឡើងវិញ កំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការ ក្នុងសំណុំរឿងផ្តួលរលំរដ្ឋាភិបាល និងរួមគំនិតក្បត់។
លោក ជា ជីវ អតីតប្រធានប្រតិបត្តិប្រចាំខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ ដែលរងបម្រាមនយោបាយ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង នៅពេលជិតដល់ថ្ងៃផុតបម្រាម ប៉ុន្តែបែរជាមានការចោទប្រកាន់រូបលោកពាក់ព័ន្ធរួមគំនិតក្បត់ និងការបង្កអសន្តិសុខវឹកវរក្នុងសង្គម ដែលលោកត្រូវបានបង្គាប់ឱ្យចាប់ខ្លួន និងជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ។
លោក ជា ជីវ ដែលបានភៀសខ្លួនទៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ យល់ឃើញថា នេះមិនមែនជាការអនុវត្តច្បាប់ត្រឹមត្រូវទេ ប៉ុន្តែវាជាការបំបិទសិទ្ធិសេរីភាពអ្នកនយោបាយដែលគាំទ្រ តស៊ូជាមួយលោក សម រង្ស៊ី និងជាមួយគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖«មិនបាច់មានច្បាប់ទេ មិនបាច់មានលិខិតបទដ្ឋានទេ មិនបាច់មានឯកសារយោងនេះ យោងនោះទេ។ ហើយមានតែច្បាប់មួយទៅ គឺនីតិមាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះប្រសិនបើគ្មានការអនុញ្ញាត ឬក៏មិនមានការឯកភាពរបស់នាយករដ្ឋមន្ត្រី គ្មានអ្នកណាហ៊ានធ្វើ គ្មានអ្នកណាហ៊ានសម្រេចជួសច្បាប់ ជួសលិខិតបទដ្ឋាននោះទេ»។
ចំណែកលោក ម៉ន ផល្លា សមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បើទោះបីជាផុតបម្រាមនយោបាយយ៉ាងណាក្តី ក៏មន្ត្រីគណបក្សសង្គ្រោះជាតិនៅប្រឈមបញ្ហាទោសព្រហ្មទណ្ឌ ដែលលោកថា នេះជាការគាបសង្កត់សិទ្ធិនយោបាយ។ លោកបន្ថែមថា បើសិនជាលោកនាយករដ្ឋមន្ត្រីមានចិត្តសឿង គួរតែទម្លាក់បទចោទប្រកាន់ទាំងអស់លើមន្ត្រីគណបក្សសង្គ្រោះជាតិ ហើយត្រូវបើកផ្លូវឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា និងដោយភាពស្មោះត្រង់ដើម្បីដឹងថា ប្រជាពលរដ្ឋពេញចិត្តឱ្យអ្នកណាគ្រប់គ្រងប្រទេស។
លោកបញ្ជាក់ថា៖ «សូមលើកទឹកចិត្តលោក ហ៊ុន សែន បើគិតថា លោកក្លាហាន លោកស្មោះត្រង់ចំពោះជាតិចំពោះប្រជាពលរដ្ឋពិតប្រាកដ លោកបើកផ្លូវឱ្យពួកយើងទាំងអស់វិលត្រឡប់ទៅកម្ពុជាវិញដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ»។
ចំណែកលោក ជូង ជូងី ជាមេធាវី និងធ្លាប់ជាសមាជិកគណៈកម្មាធិការនាយករបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាបនយោបាយដែរនោះ ប្រាប់វីអូអេថា លោកធ្លាប់ស្នើសុំសិទ្ធិសម្បទានយោបាយឡើងវិញពីក្រសួងមហាផ្ទៃ កាលពីឆ្នាំមុន ប៉ុន្តែមិនទទួលបានដំណឹងអ្វីនោះទេ។
លោកថ្លែងថា៖ «ក្រសួងមហាផ្ទៃអត់មានឆ្លើយតបជាផ្លូវការមកខ្ញុំទេ ប៉ុន្តែតាមបណ្តាញសង្គមផ្សេងៗក្នុងន័យថាមិនអនុញ្ញាតហើយ។ ហើយខ្ញុំក៏អត់មានសុំ អត់មានពន្លឿនអីទៀត អត់មានធ្វើអីទេ គឺចាំឱ្យចប់៥ឆ្នាំអ៊ីចឹងទៅ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់បម្រាបនយោបាយអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនបានឡើងវិញជាធម្មតា ក្រោយពីផុតបម្រាមក្នុងខែវិច្ឆិកាខាងមុខ ប៉ុន្តែមិនមែនធ្វើជាមួយបក្សសង្គ្រោះជាតិវិញទេ ព្រោះតុលាការបានរំលាយបាត់ទៅហើយ។
លោកថ្លែងថា៖ «ច្បាប់បានផ្អាកនីតិសម្បទាធ្វើនយោបាយរបស់គាត់៥ឆ្នាំ ឥឡូវនៅសល់៣ខែទៀត អាហ្នឹងគាត់អាចចូលមកវិញបានហើយ វាអត់មានបញ្ហាអ្វីទេ»។
ប៉ុន្តែលោកថា បុគ្គលមួយចំនួនដែលជាប់ក្តីក្តាំក្នុងសំណុំរឿងផ្តួលរលំរដ្ឋាភិបាល និងសំណុំរឿងរួមគំនិតជាដើម ត្រូវតែប្រឈមមុខជាមួយតុលាការជាមុនសិន។ លោកក៏បានឌឺដងទៅឱ្យលោក សម រង្ស៊ី ដែលលោកហៅថាជា«មេឧទ្ទាមក្រៅច្បាប់»ថា បើចិត្តសឿងឱ្យចូលមកកម្ពុជាមក។
លោកបន្ថែមថា៖«តាមសាលក្រម សាលដីរបស់តុលាការកន្លងទៅ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ្នឹងត្រូវជាប់គុកប្រហែលជា១៦០ឆ្នាំ»។
លោក សុខ ឥសាន បន្ថែមថា គណបក្សប្រជាជនកម្ពុជាមិនខ្លាចវត្តមានរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិទេសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិខាងមុខ។ ហើយលោកថា ទោះបីជាមានការរួបរួមគ្នាឡើងវិញនៃគណបក្សប្រឆាំងក៏មិនអាចប្រៀបផ្ទឹមគណបក្សប្រជាជនបានដែរ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលបាននៅឡើយទេ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល យល់ថា រដ្ឋាភិបាលត្រូវធានាថាសកម្មជននយោបាយអាចចូលរួមការបោះឆ្នោត ដោយពុំមានការបំភិតបំភ័យ។
លោកថ្លែងថា៖ «រឿងសំខាន់ទៀតគឺផ្តល់លទ្ធភាពឱ្យគាត់បានចូលរួម ដោយពេញលេញ ដោយមិនមានការរំខានដោយផ្លូវតុលាការ ឬដោយការបំភិតបំភ័យពីអាជ្ញាធរមូលដ្ឋាន ឬក៏សមត្ថកិច្ចផ្សេងៗហ្នឹង»។
កាលពីខែមុន អតីតមន្ត្រីជាន់ខ្ពស់ និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស រួមមានលោក អ៊ូ ច័ន្ទឫទ្ធិ លោកគង់ សភា និងលោក ហេង ដាណារ៉ូ បានធ្វើលិខិតមួយច្បាប់ ចុះថ្ងៃទី២៥ ខែកក្កដាស្នើសុំដោយផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ឱ្យជួយធ្វើអន្តរាគមន៍ទម្លាក់រាល់បទចោទប្រកាន់ទាំងអស់លើពួកគេដើម្បីអាចវិលមកកម្ពុជាវិញ។
ពួកគេបញ្ជាក់គោលបំណងក្នុងលិខិតនោះថា ពួកគេពុំមានឧបាយកលទុច្ចរិតណាមួយ ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញនោះទេ ដោយគ្រាន់ចង់ស្តារឱ្យមានលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងការគោរពសិទ្ធិមនុស្សពេញលេញនៅក្នុងប្រទេសកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។
ពួកគេទទូចថា៖«សូមសម្តេចតេជោនាយករដ្ឋមន្ត្រីមេត្តាជួយធ្វើកិច្ចអន្តរាគមន៍ដើម្បីឱ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ដល់ពួកខ្ញុំ ដើម្បីឱ្យពួកខ្ញុំទាំងបីនាក់មានសេរីភាពវិលត្រឡប់ទៅរួមរស់ក្នុងប្រទេសកម្ពុជាវិញ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដូចប្រជាពលរដ្ឋទូទៅដទៃ ដោយអនុគ្រោះ» ៕