ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​បង្កើត​បក្ស​ថ្មី​របស់​អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ប្រឈម​ការ​រិះគន់​និង​ភាព​មិន​ច្បាស់​លាស់


រូបឯកសារ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ចាន់រ័ត្ន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អំឡុងពេលសវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា មេបក្សជំទាស់។ (ទី អូលីស្សា/VOA)

តម្រុយ​នៃ​ការ​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ​របស់លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ រងការរិះគន់​ពី​អតីត​មន្ត្រី​បក្សប្រឆាំងមួយ​ចំនួនថា ជា​ចលនា​ដែល​នឹងបាន​ត្រឹម​តែបំបែក​សំឡេង​អ្នកគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ​បន្ថែម​ទៀត។

ពួកគេ​លើក​ឡើង​ថា បើ​ត្រូវ​បាន​បង្កើត​មែននោះ ​គណបក្ស​ថ្មី​នេះ​ក៏មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​សែន​ បាន​ដែរ។

លោក ​អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាង​រាស្ត្ររបស់​គណ​បក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​តាកែវ​ បាន​ព្រលយ​ជា​ថ្មី​ទៀត​នូវ​ការ​រៀបចំបង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ​ ដើម្បី​រុញ​ច្រាន​ដំណើរ​ការ​ប្រជាធិប​តេយ្យ​កម្ពុជា​ឲ្យ​ទៅ​មុខ ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដែល​ត្រូវរំលាយ​និង​គណបក្ស​កាន់​អំណាច​មិន​អាច​ឈាន​ដល់​ការ​ស្រុះ​ស្រួល​ខាង​នយោបាយ​ណា​មួយ នៅ​ក្រោយ​ថ្ងៃ​ទី​៤ ​ខែ​មករា ​ឆ្នាំ​២០២១​ ខាង​មុខ។

កាល​កំណត់​នោះ ជា​ពេល​ដែល​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន ក្នុង​នោះ​មាន​លោកស្រី មូរ សុខហួរ ដែល​ជា​អនុ​ប្រធាន​គណបក្ស គ្រោង​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

លោក អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​សៀមរាប ​ប្រាប់​វីអូអេ​ពី​សហរដ្ឋ​អាមេរិក​មក​ថា ផែន​ការ​បង្កើត​បក្ស​ថ្មី​នេះ​ជា​រឿង​ឥត​បាន​ការ។

លោក​មាន​ប្រសាសន៍​ថា៖ «បង្កើត​គណបក្ស​នៅ​ពេល​ហ្នឹង​វា មិន​មាន​ការ​ទទួល​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ហើយ​បង្កើត​ហ្នឹង​ ដើម្បី​តែ​កំដរ​គណបក្ស​ប្រជាជន​តែ​ប៉ុណ្ណោះឯង។ វា​គ្រាន់តែ​ជា...ដើមផ្កា​មួយ​ក្នុង​សួន​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ​របស់​លោក ​ហ៊ុន សែន...ហើយ​មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រជាធិប​តេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ​»។

លោក អ៊ុំ សំអាន បន្ថែម​ថា ​ពុំ​មានគណបក្សណា​មួយ​អាច​ប្រជែង​នឹង​គណ​បក្ស​កាន់​អំណាច ក្រៅ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នោះទេ។

លោក ​អ៊ូ ច័ន្ទរ័ត្ន បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ផែន​ការ​បង្កើត​គណ​បក្ស​របស់​លោក​នឹង​ចេញ​ជា​រូបរាង ប្រសិន​បើ​ថា្នក់​ដឹក​នាំ​មួយ​ចំនួន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​រក​ដំណោះ​ស្រាយ​នយោបាយ​ណាមួយ​ នៅ​ក្រោយ​ថ្ងៃ​ទី​៤​ ខែ​មករា ឆ្នាំ​២០២១។

លោក​បន្ត​ថា​ គម្រោងការ​បង្កើត​បក្ស​ថ្មី​នេះ​នឹង​មិន​មាន​ទៀត​ទេ​ បើ​សិន​ជា​លោក​ស្រី មូរ សុខ​ហួរ ​អាច​ចូល​មក​ក្នុង​ប្រទេស​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​នានា។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​បើ​សិន​ជា​ថ្ងៃ[ទី]​៤​ហ្នឹង​មើល​ទៅ​ មិន​មាន​ដំណោះ​ស្រាយ​អី​ទេ ​ហើយ​ខាង​លោក​ប្រធាន​ កឹម សុខា​ គាត់​ក៏​គ្មាន​ដំណោះ​ស្រាយ​អី​ជា​វិជ្ជមាន​អាច​មាន​លទ្ធភាព​មក​ដឹកនាំ​វិញ​ទេ អាហ្នឹង​យើង​ពិចារណា​ក្នុង​ការ​សម្រេច​ចិត្ត​ជា​ផ្លូវការ»។

លោក​បន្ថែម​ថា៖ «​ដូច្នេះ​បើ​សិន​ជា​មាន​ដំណោះ​ស្រាយ​មែន​ ហើយ​ខ្ញុំ​ជឿ​ជាក់​លើ​សមត្ថភាព​របស់​លោក​ជំទាវ​ថា​ បើ​សិន​ជា​មាន​ដំណោះ​ស្រាយ​បញ្ហា​ជាតិ​មែន ​អាហ្នឹង​យើង​ខ្ញុំ​មិន​បាច់​ទៅ​ធ្វើ​អី​ទេ ជួយ​គាំទ្រ​លោក​ជំទាវ​ ជួយ​គាំទ្រ​ថ្នាក់​ដឹកនាំ​ទាំង​អស់​ ហើយ​បើ​សិន​ជា​គាំទ្រ​បាន​តិច​ក៏​ដោយ​ច្រើន​ក៏ដោយ​ យ៉ាង​ហោច​ប្រមូល​គ្នា​ទៅ​បោះ​ជូន​ដែរ​បាទ»។

រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។

លោក មាជ សុវណ្ណារ៉ា​ អតីត​មន្ត្រីជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ យល់​ថា​លោក ​អ៊ូ ច័ន្ទ​រ័ត្ន​មាន​សិទ្ធិ​នយោបាយ​ពេញ​លេញ​ក្នុង​ការ​បង្កើត​គណបក្ស ក៏​ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អតីត​តំណាង​រាស្ត្ររូប​នោះ​ថ្លឹងថ្លែង​ឡើង​វិញ អំពី​ប្រជាប្រិយ​ភាព​របស់​លោក ​កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ និង​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក​មាន​ប្រសាសន៍​ថា៖ «កាលៈ​ទេសៈ​នេះ គឺ​ជា​កាលៈ​ទេសៈ​នៃ​រជ្ជកាល​របស់ ​សម រង្ស៊ី​ កឹម សុខា​ កឹម សុខា​ សម រង្ស៊ី​។ អ៊ីចឹង​ដល់​ពេល​ដែល​យើង​កំពុង​តែ​មាន​វិបត្តិ​នយោបាយ​ ហើយ​យើង​ទៅ​បង្កើត​គណបក្ស​នយោបាយ​ តើ​មាន​ការ​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​ឬក៏យ៉ាង​ណា​ អាហ្នឹង​យើង​តាម​ដាន​ទាំង​អស់​គ្នា​ ប៉ុន្តែ​ជា​សិទ្ធិ​នយោ​បាយ​របស់​ពួក​គេ​ យើង​អត់​អាច​ឃាត់​ឃាំង​បាន​ទេ​បាទ​»។

នៅ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បី​ឆ្នាំ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ «ផ្តួល​រំលំ​រដ្ឋាភិបាល»​ ដ៏ចម្រូង​ចម្រាស ក្រុម​អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​បង្កើត​គណបក្ស​ថ្មី​ៗ​ជា​បន្ត​បន្ទាប់។ អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​រង​គំនាប​នយោបាយ ហើយចុះ​ចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។

ចំណែក​មន្ត្រី សកម្មជន​ឬក៏​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន ​ក៏​រង​ការ​ធ្វើ​បាប​លើ​រាង​កាយ​ពី​ជន​មិន​ស្គាល់​មុខ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនា​គារ​ និងប្រឈម​មុខ​ជាមួយ​ការ​កោះ​ហៅ​របស់​តុលាការ​ចំពោះ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រឆាំង គិត​ចាប់​តាំង​ពីមុន​ថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​មក។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​លោក ​ឯម សុវណ្ណារ៉ា​ យល់​ថា​ការ​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​អាច​មាន​បំណង​បម្រើ​ប្រយោជន៍​បុគ្គល ច្រើន​ជាង​ការ​ធ្វើ​នយោ​បាយ​ដែល​អាច​ប្រជែង​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​បន្ត​ថា​ លោក​ពុំ​មាន​ជំនឿ​ទេ​ថា​ លោកស្រី មូរ សុខហួរ ដែល​កំពុង​នៅ​សហរដ្ឋ​អាមេរិក អាច​វិល​មក​ប្រទេស​កម្ពុជា​វិញ​ដែរ ល្គឹក​ណាមានការ​ដាក់​សម្ពាធ​បន្ថែម​ពី​សហ​គមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ងាក​មក​រក​ការ​ចរចា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​បាន​អូស​បន្លាយរយៈពេល​៣​ឆ្នាំ​មក​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​តែ​សហគមន៍​អន្តរ​ជាតិ​ទេ ​មាន​សហរដ្ឋ​អាមេរិក​ សហគមន៍​អឺរ៉ុបដែល​មាន​ឥទ្ធិ​ពល​ខាង​វិស័យ​ពាណិជ្ជ​កម្ម​អាច​ដាក់​សម្ពាធ​នេះ ​ឬក៏​លើក​ឥទ្ធិពល​ខាង​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ហ្នឹង​អាច​យក​មក​ដាក់ជាសម្ពាធ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​គោរព​តាម​ទេ​ បាន​ទើប​មាន​ដំណោះ​ស្រាយ ​ឬ​ក៏​លម្ហសេរីភាព ទើប​មាន​ការ​ចរចា​វិញ»។

ទោះ​ជា​យ៉ាងណា លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​គ្រោង​បង្កើត​គណបក្ស​ថ្មី អះ​អាងថា​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ​មិន​ធ្វើ​អ្វី​សោះ​នោះ នឹង​មិន​អាច​រក​បាន​ជម្រើស​ប្រសើរ​មួយ ដើម្បី​ទ្រទ្រង់​ដំណើ​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាទេ។ លោក​ចាត់​ទុក​ថា ​ការ​រង់​ចាំ​សម្ពាធ​អន្តរជាតិ​តែ​មួយ​មុខ​នោះ ​នឹង​មិន​អាច​ឲ្យ​កម្ពុជា​បន្សាប​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​ឡើង​សព្វថ្ងៃ​បាន​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «គេ​អាច​ឲ្យ​យោបល់​គេ​អាច​សម្របសម្រួល​ គេ​អាច​ជួយ​ជា​ជំនួយ​ទាំងបច្ចេក​ទេស​ ទាំង​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ដឹកនាំ​ប្រទេស​ការ​សម្រេច​ចិត្ត​ក្នុង​ការ​សម្រប​សម្រួល​ជម្លោះ ​វានៅ​លើ​ខ្លួន​ឯង​ មិនមែន​រឿង​របស់​គេ​ទេ»។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​/ VOA)

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភាមួយ​រូប ​ស្វាគមន៍​ការ​បង្កើត​គណ​បក្ស​នយោ​បាយ​ថ្មី។ លោក​លើកឡើង​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​ដោយ​ការ​ប្រព្រឹត្ត​បទ​ល្មើស មិន​មែន​ដោយ​សារ​គណបក្ស​កាន់អំណាច​មាន​ចេតនា​រំលាយ​ចោល​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «គណបក្ស​ប្រជាជន​តាំង​ពីដើម​មក​យើង​ដឹង​ហើយ រក​តែ​ដៃ​គូ​ខ្លាំង​ទេ​អា​នេះយើង​មាន​ការ​សោក​ស្តាយ​ណាស់ ​ដែល​អតីត​បក្ស​ប្រឆាំង​វា​ត្រូវ​ងាប់​ទៅ​ហ្នឹង ​ដោយ​សារ​អី​ ដោយ​សារ​អា​រឿង​បទ​លើ្មស​របស់​គាត់​ជាក់​ស្តែង​ទេ ​មិន​មែន​ដោយ​សារ​គណបក្ស​ប្រជាជន​ធ្វើ​ឲ្យ​គាត់​ងាប់​ទេ​។ អ៊ីចឹង​យើង​ស្តាយ​ដៃ​គូ​ដ៏មាន​សក្តានុពល​ដែល​គាត់​អួត​ខ្លួន​ឯង​ថា​ មាន​សក្តា​នុពល​នោះ»។

បើ​តាម​លោក ​សុខ ឥសាន​ ក្រុម​ថ្នាក់​ដឹកនាំ​របស់​គណ​បក្ស​សង្គ្រោះជាតិ​ដែលគ្រោង​ថា​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ​នោះ​ ជា​ពិសេស​គឺលោក​ស្រី មូរ សុខហួរ​ នឹង​មិន​អាច​សម្រេច​ផែនការ​មាតុ​ភូមិ​និវត្តន៍​បាន​ទេ​ ដោយ​ហេតុ​ថា​ ក្រុម​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់ ដូច្នេះ​ពុំ​មាន​ហេតុផល​ណា​ដែល​រដ្ឋាភិបាលត្រូវ​ផ្តល់​សុពល​ភាព​ដល់​លិខិត​ឆ្លង​ដែន​ ឬ​ក៏​ទិដ្ឋាការ ដើម្បី​បើក​ផ្លូវ​ឲ្យ​ពួក​គេ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​នោះ​ឡើយ។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ស្រី ​មូរ សុខ​ហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

នៅ​ថ្ងៃ​ច័ន្ទនេះ លោកស្រី មូរ សុខហួរ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកស្រី​ថា៖ «ឈប់​រស់​ក្នុង​ភាព​ភ័យ​ខ្លាច គេ​មិន​អាច​បិទ​មាត់​យើង​បាន​ទេ គេ​មិន​អាច​បិទ​ត្រចៀក​យើង​បាន​ទេ គេ​មិន​អាច​បិទ​ភ្នែក​យើង​បាន​ទេ​»។

លោក ជា​ ជីវ​ អតីត​ប្រធាន​ប្រតិបត្តិ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង​ ដែល​នៅ​ជាប់​បម្រាម​ធ្វើ​នយោ​បាយ​នោះ មាន​ប្រសាសន៍​ថា ​លោក​មិន​យក​ចិត្ត​ទុក​ដាក់​លើ​គម្រោង​នៃការ​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​នេះ​ទេ។ លោក​បន្ថែម​ថា​ បើ​ទោះ​លោក​រួច​ពី​បម្រាម​ធ្វើ​នយោ​បាយ​ក៏​ដោយ ក៏​លោក​មិន​ចូលរួម​គណ​បក្ស​ណាមួយ​ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​អត់​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​ខ្ញុំ​ទេ ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ទេ ហើយ​មិនមាន​លោក​ប្រធាន​របស់​ខ្ញុំ​ទេ​ អាហ្នឹង​ខ្ញុំ​មិន​ទេ​បាទ​ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ពលរដ្ឋ​ធម្មតា​បាទ»។

ក្រៅ​តែ​ពី​ទន្ទឹង​ចាំ​មើល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក​ស្រី​ មូរ សុខហួរ​ និង​ថា្នក់​ដឹកនាំ​គណ​បក្ស​ផ្សេង​ទៀត លោក ​អ៊ូ ច័ន្ទ​រ័ត្ន ឲ្យ​ដឹង​ថា​ លោក​បាន​គិត​គូរ​ស្លាក​សញ្ញា និង​ឈ្មោះ​គណបក្ស​រួច​ទៅ​ហើយ ដោយ​គ្រាន់តែ​រង់​ចាំ​ពេល​វេលា​សម​ស្រប​មួយ​តែ​ប៉ុណ្ណោះ ក្រោយ​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២១ ដើម្បី​ប្រកាស​ប្រាប់​សាធារណជន។

លោក​បញ្ជាក់​ជំហរ​ថា គណបក្ស​នេះ​នឹង​មិន​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​គណ​បក្ស​កាន់​អំណាច​ឡើយ ហើយ​គណ​បក្ស​នឹង​មានកម្មវិធី​នយោបាយ​ស្រដៀង​គ្នា​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG