ការបង្ហោះប៉ោងប៉ោងដែលធ្វើឱ្យប៉ោងដោយឧស្ម័នអេល្យូមទៅក្នុងអាកាសត្រូវបានហាមប្រាមចាប់ពីថ្ងៃទី១ ខែកញ្ញានៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី។
ការសិក្សាស្រាវជ្រាវបង្ហាញថា ប៉ោងប៉ោងប្លាស្ទិកគឺជាការគំរាមកំហែងមួយដល់សត្វស្លាបសមុទ្រដែលអាចយល់ច្រឡំថា ប៉ោងប៉ោងទាំងនោះគឺជាអាហារ។
ក៏មានការហាមប្រាមថ្មីៗនៅក្នុងប៉ែកឯទៀតៗនៃប្រទេសអូស្ត្រាលីផងដែរ ដែលរួមមានការប្រើគ្រាប់ល្អិតៗ (microbeads) នៅក្នុងវត្ថុប្រើប្រាស់ផ្ទាល់ខ្លួននិងវត្ថុលាងសម្អាតផ្សេងៗ។
រដ្ឋ Western Australia រឹតត្បិតការខ្ចប់វត្ថុដោយប្រើជាតិ polystyrene។ ចំណែកឯរដ្ឋ South Australia រឹតត្បិតការប្រើចានប្លាស្ទិកដែលប្រើបានតែមួយដង ដោយចាប់ផ្តើមពីថ្ងៃសុក្រ ទី១ ខែកញ្ញា តទៅ។
មានការលើកលែងខ្លះនៅតាមគ្លីនិកពេទ្យនិងមន្ទីរពេទ្យធ្មេញ។
ការរឹតត្បិតទាំងនេះមានបន្ថែមលើច្បាប់ស្តីពីសំរាមដែលមានរួចហើយរបស់អូស្ត្រាលី។ នៅឆ្នាំ២០១៨ រដ្ឋាភិបាលរដ្ឋ Queensland បានចាត់ទុកថាខុសច្បាស់ចំពោះការប្រើស្បោងប្លាស្ទិកស្រាលៗសម្រាប់ដាក់ទំនិញ។ ក្នុងខែកញ្ញា ឆ្នាំ២០២១ រដ្ឋដែលស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលីនេះបានពង្រីកការហាមប្រាមលើការប្រើបំពង់បឺតភេសជ្ជៈ កាំបិតនិងចានប្លាស្ទិក។
លោក Shane Cucow អ្នកគ្រប់គ្រងកិច្ចការខាងយុទ្ធនាការប្លាស្ទិកនៃសមាគមអភិរក្សសមុទ្រអូស្ត្រាលី (Australian Marine Conservation Society) បាននិយាយប្រាប់វីអូអេថា នៅពេលនេះមានការរឹតត្បិតបន្ថែមទៀត។ លោកថ្លែងថា៖
«វត្ថុប្លាស្ទិកសម្រាប់ប្រើតែមួយដងត្រូវបានបញ្ចូលក្នុងការហាមប្រាមនៅទូទាំងរដ្ឋ
Queensland រដ្ឋ Western Australia និងរដ្ឋSouth Australia។ ជាពិសេស អ្វីដែលយើងឃើញគឺដំបារត្រចៀកនិងគ្រាប់ល្អិតៗ (microbeads) កំពុងត្រូវបានដាក់បញ្ចូលបន្ថែមទៀតទៅក្នុងការហាមប្រាមទាំងនេះ។ ជាងនេះទៅទៀត ក៏មានការហាមប្រាមមិនឱ្យប្រើស្បោង polystyrene ដែលស្រាលផងដែរ ដែលលោកអ្នកឃើញមាននៅក្នុងកញ្ចប់វត្ថុសម្រាប់ផ្ញើតាមប្រៃសណីយ៍»។
មិនមានច្បាប់ហាមប្រាមប្លាស្ទិកនៅទូទាំងប្រទេសអូស្ត្រាលីទេ។ រដ្ឋទាំង៦និងដែនដីពីរធំៗកំណត់ស្ដង់ដារបស់ពួកគេរៀងៗខ្លួន។
នៅពេលដែលការបង្ហោះប៉ោងប៉ោងដែលធ្វើឱ្យប៉ោងដោយឧស្ម័នអេល្យូម ត្រូវហាមប្រាមនៅរដ្ឋ Queensland ការបង្ហោះប៉ោងប៉ោងនៅតែត្រឹមត្រូវតាមច្បាប់នៅក្នុងរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេ ដែលនៅទីនោះប៉ោងប៉ោងរហូតដល់២០អាចត្រូវបង្ហោះក្នុងពេលជាមួយគ្នាដោយមនុស្សចូលរួមក្នុងពិធីជប់លៀង ការធ្វើបាតុកម្ម ឬដើម្បីធ្វើការឃោសនាពាណិជ្ជកម្ម។
រដ្ឋឯទៀតៗដូចជារដ្ឋ Western Australia ជាដើម បានហាមប្រាមប្លាស្ទិកសម្រាប់ប្រើតែមួយដង ចំណែករដ្ឋឯទៀតៗដូចជារដ្ឋ Tasmania បានចាត់វិធានការតែបន្តិចបន្តួចតែប៉ុណ្ណោះ។
លោក Cucow បានថ្លែងថា អូស្ត្រាលីនាំមុខគេខាងការកម្ចាត់សំរាមប្លាស្ទិក។
លោកថ្លែងថា៖ «នៅអូស្ត្រាលី យើងឃើញការប្រកួតប្រជែងរវាងរដ្ឋនិងដែនដីនានាដើម្បីហាមប្រាមការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដង ដែលមានផលអាក្រក់ដល់សត្វសមុទ្រ ហើយនេះប្រាកដជាព័ត៌មានល្អពីព្រោះអ្វីដែលយើងឃើញគឺជាការប្រកួតប្រជែងដ៏មានមហិច្ឆតាមួយ»។
ក្រុមអ្នកអភិរក្សនិយាយថា កាលពី៥ឆ្នាំមុននេះ អូស្ត្រាលីបានក្លាយជាមេដឹកនាំពិភពលោកមួយក្នុងការហាមប្រាមវត្ថុប្លាស្ទិកដែលអាចប្រើបានតែមួយដង ប៉ុន្តែពួកគេចង់ឱ្យមានវិធានការច្រើនជាងនេះថែមទៀតដើម្បីបន្ថយការប្រើវត្ថុប្លាស្ទិកនិងលើកទឹកចិត្តការកែច្នៃសំរាមដើម្បីប្រើប្រាស់ឡើងវិញថែមទៀត៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ