ក្រុង Darwin ដែលជាធានីនៃតំបន់ Northern Territory របស់អូស្រ្តាលី អាចមានអាកាសធាតុក្តៅនិងសើមខ្លាំង។ ពលរដ្ឋរស់នៅក្រុងនេះប្រមាណ ១៥០.០០០នាក់ កំពុងជ្រកខ្លួនពីស្ថានភាពអាកាសធាតុត្រូពិកដ៏ខ្លាំងក្លានេះនៅតាមផ្ទះ ការិយាល័យ និងរថយន្ត ដែលប្រើប្រាស់ម៉ាស៊ីនត្រជាក់។
ប៉ុន្តែការស្រាវជ្រាវដោយសាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) លើកឡើងថា ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលជារឿយៗត្រូវបានកម្រិតនៅសីតុណ្ហភាព ២១អង្សារសេ កំពុងធ្វើឱ្យមនុស្សងាយរងគ្រោះពីការស្លាប់ពាក់ព័ន្ធនឹងកម្តៅ។
រលកកម្តៅ គឺជាកត្តាបង្កដោយធម្មជាតិដែលនាំឱ្យមានការស្លាប់ច្រើនបំផុតនៅអូស្រ្តាលី។ រលកកម្តៅបានសម្លាប់មនុស្សច្រើនជាងភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ និងព្យុះរួមបញ្ចូលគ្នា។
សាកលវិទ្យាល័យជាតិអូស្រ្តាលីអះអាងថា៖ «ការប្រែប្រួលអាកាសធាតុកំពុងតែបង្កើនការស្លាប់ពាក់ព័ន្ធនឹងរលកកម្តៅ ជាពិសេសនៅតំបន់ដែលមានអាកាសធាតុក្តៅខ្លាំងនៅលើពិភពលោក»។
លោក Simon Quilty ជាអ្នកដឹកនាំការស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលជាតិផ្នែករោគរាតត្បាត និងសុខភាពប្រជាជននៃសាកលវិទ្យាល័យជាតិអូស្រ្តាលី។
លោកបានប្រាប់វីអូអេថា ការព្យាយាមបញ្ចៀសពីកម្តៅនិងសំណើមប្រហែលរារាំងមនុស្សពីការស៊ាំនឹងទៅនឹងអាកាសធាតុ។
លោកថ្លែងថា៖ «ការប្រឈមជាប្រចាំនឹងស្ថានភាពអាកាសធាតុនៅកន្លែងដែលអ្នកកំពុងរស់នៅ នឹងធ្វើឱ្យរាងកាយរបស់អ្នកសម្របខ្លួនតាមនោះ។ យើងដឹងថា ការសម្របនេះត្រូវការពេលវេលាប្រមាណ ១៤ ថ្ងៃ សម្រាប់រាងកាយមនុស្ស ហើយវាផ្លាស់ប្តូររបៀបយើងបញ្ចេញញើស របៀបយើងដកដង្ហើម វាផ្លាស់ប្តូរដំណើរការក្រលៀនរបស់យើង ហើយវាថែមទាំងផ្លាស់ប្តូរចង្វាក់បេះដូងរបស់យើងផងដែរ។ តែអ្វីដែលកំពុងកើតឡើងនាពេលនេះគឺថា ជីវិតរបស់យើងទាំងស្រុងត្រូវបានកម្រិតនៅសីតុណ្ហភាព ២១ អង្សារសេ ហើយសម្រាប់អ្នកដែលរស់នៅតំបន់ដែលមានអាកាសធាតុក្តៅខ្លាំងដូចជា តំបន់ Northern Territory ការមិនសម្របខ្លួននឹងអាកាសធាតុអាចប្រហែលជំរុញភាពងាយរងគ្រោះនឹងកម្តៅ»។
លោក Quilty និយាយថា ការស្រាវជ្រាវក៏រកឃើញថា សហគមន៍ជនជាតិដើមភាគតិចអូស្ត្រាលីឬហៅថា First Nations នៅតំបន់ Northern Territory មានភាពងាយរងគ្រោះនឹងកម្តៅតិចជាង ពីព្រោះពួកគេមិនមានទំនោរ ឬមិនមានលទ្ធភាពប្រើប្រាស់ម៉ាស៊ីនត្រជាក់។
លោកបញ្ជាក់ថា៖ «វាពិតជាមិនស្រណុកនោះទេ ពេលស្ថិតក្នុងអាកាសធាតុក្តៅនៅក្រុង Darwin និងកន្លែងដទៃទៀតនៅតំបន់ត្រូពិកនៅជុំវិញពិភពលោក។ ប៉ុន្តែយើងគ្រប់គ្នាមិនត្រូវការរស់នៅក្នុងសីតុណ្ហភាព ២១ អង្សារសេនោះទេ។ ហើយពិតណាស់ បទពិសោធន៍របស់ខ្ញុំជាមួយនឹងជនជាតិដើម គឺថា ពួកគេពិតជាមិនចូលចិត្តបរិស្ថានដែលមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនជ្រុលនោះទេ។ ពួកគេមានអារម្មណ៍មិនសុខស្រួលនៅកន្លែងទាំងនោះទេ»។
ការសិក្សាដោយសាកលវិទ្យាល័យជាតិអូស្រ្តាលីជឿថា៖ «សហគមន៍នៅតំបន់មានអាកាសធាតុក្តៅត្រូវចាប់ផ្តើមគិតគូរពីមធ្យោបាយផ្នែកសង្គមវប្បធម៌នៃការសម្របទៅនឹងអាកាសធាតុក្តៅជាងនេះ។
ជនជាតិដើមអូស្រ្តាលីតែងតែជៀសវាងកម្តៅក្តៅខ្លាំងពេលថ្ងៃរសៀល ហើយកាត់បន្ថយការប្រើកម្លាំងពលកម្មនៅពេលដែលមានកម្តៅខ្លាំងពេលថ្ងៃ។ ការស្រាវជ្រាវណែនាំថា ការសាងសង់គេហដ្ឋាននៅក្នុងតំបន់មានអាកាសធាតុក្តៅគួរតែរចនាឡើង ដើម្បីធានាការរក្សាភាពត្រជាក់ ដោយមិនប្រើប្រាស់អគ្គិសនី ដើម្បីកាត់បន្ថយតម្លៃថាមពល។
ការស្រាវជ្រាវនៅអូស្រ្តាលីអះអាងថា ការទទួលទានដំណេកពេលរសៀល អំឡុងពេលសីតុណ្ហភាពក្តៅបំផុតក៏អាចជួយឱ្យរាងកាយសម្របទៅនឹងកម្តៅផងដែរ។
ការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងរបាយការណ៍ស្រាវជ្រាវ Lancet Planetary Health៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា