ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​កែច្នៃ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ទីក្រុង​ Perth ដើម្បី​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​នៅ​អូស្រ្តាលី


រូបឯកសារ៖ ទន្លេ Darling River ដែលរងគ្រោះពីគ្រោះរាំងស្ងួតនៅភាគខាងលិចក្រុង New South Wales ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ ទន្លេ Darling River ដែលរងគ្រោះពីគ្រោះរាំងស្ងួតនៅភាគខាងលិចក្រុង New South Wales ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

រោងចក្រ​បន្សាបទឹកប្រៃ​ចំនួន​ពីរ​ផ្គត់ផ្គង់​ទឹក​ពាក់កណ្តាល​ឲ្យ​ទីក្រុង​Perth។ ទឹក​មាន​សារៈសំខាន់​ណាស់​ ប៉ុន្តែ​ការកែច្នៃ​នេះ​ផលិត​ទឹក​បាន​ចំនួន​តែ២​ភាគរយ​ប៉ុណ្ណោះ​​នៃ​ទឹក​សរុប។ ប៉ុន្តែ​តួលេខ​នេះ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ឆាប់ៗ​នេះ។

ខណៈ​ពេល​ដែល​ទីក្រុង​ដែលត្រូវ​បាន​ប៉ះពាល់​ដោយ​គ្រោះ​រាំងស្ងួត​នៅ​ទូទាំង​រដ្ឋ New South Wales និង Queensland ខិត​ជិត​ទៅ​រក​ការ​គ្មាន​ទឹក​ប្រើប្រាស់​ទាំងស្រុង រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋ​ទាំងអស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​កំពុង​ព្យាយាម​ស្វែងរក​វិធី​ដើម្បី​ធានា​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ទឹក​នា​ពេល​អនាគត។

ប៉ុន្តែ​នៅ​ម្ខាង​ទៀត​នៃ​ទ្វីប​នេះ ទីក្រុង Perth បាន​ឈានទៅមុខ​ក្នុង​ការ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ បន្ទាប់ពី​ការ​ថយចុះ​នៃ​ការ​ធ្លាក់​ភ្លៀង​អស់​រយៈពេល​យូរ។ ផ្នែក​មួយ​នៃ​ផែនការ​ជួយសង្គ្រោះ​នេះ​ពឹងផ្អែក​ទៅលើ​ទឹក​ដែល​បាន​កែច្នៃ​ឡើងវិញ​ពី​ទឹក​បង្គន់។ នេះ​គឺជា​ជំហាន​ដែល​អ្នក​ប្រើប្រាស់​ទឹក​ជាច្រើន​នៅ​កន្លែង​ផ្សេងទៀត​យល់ឃើញ​ថា កខ្វក់។​

ចាប់តាំង​ពី​ឆ្នាំ​២០១៧​មក ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង Perth នៃ​ភាគ​ខាង​លិច​ប្រទេស​អូស្រ្តាលី​បាន​កំពុង​ទទួល​ទាន​ទឹក​ដែល​បាន​កែច្នៃ​ពី​ទឹក​លូ។ ទឹក​ត្រូវ​បាន​ចម្រោះ​ដោយ​ប្រើ​ដំណើរការ​មួយ​ហៅថា reverse osmosis ដែល​ស្រដៀង​ទៅនឹង​ការ​បង្ខំឲ្យ​ទឹក​ឆ្លងកាត់​អេប៉ុង​ដ៏​ធំ​មួយ។ បន្ទាប់មកទឹក​ត្រូវ​បាន​យក​ទៅ​សម្លាប់​មេរោគ​ជាមួយ​នឹង​កាំរស្មី ​អុលត្រា វីយូលេ នៅឯ​រោងចក្រ​ចម្រោះ​ទឹក​មួយ ហើយ​ទឹក​ត្រូវ​បាន​បូម​ចូល​ទៅ​ក្នុង​ទឹក​ធម្មជាតិ និង​បូម​ចេញ​មក​វិញ។​

ទីក្រុង Perth គឺ​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​២​លាន​នាក់​រស់នៅ។ អ្នកស្រី Clare Lugar ដែល​មកពី​ក្រុមហ៊ុន​ទឹក Water Corporation នៃ​ភាគខាងលិច​ប្រទេស​អូស្រ្តាលី​និយាយ​ថា វិធី​នេះ​ត្រូវ​តែធ្វើ​ឲ្យស្រប​តាម​ការប្រែប្រួល​អាកាសធាតុ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖

«ពួកយើង​ដឹង​ថា ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ទី​៧០​មក កម្រិតទឹកភ្លៀង​នៅ​ទីក្រុង Perth បាន​ធ្លាក់ចុះ​ប្រហែល​ជា​ ២០​ភាគរយ​ ហើយ​ការណ៍​នេះ​មាន​ផលប៉ះពាល់​ដ៏​ធំ​មួយ​ទៅដល់​ប្រភព​ទឹក​ដែល​ពឹងផ្អែក​លើ​អាកាសធាតុ»។​

អ្នកស្រី Lugar និយាយ​ថា ការ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​សារៈប្រយោជន៍​នៃ​ទឹក​ដែល​បាន​កែច្នៃ​ពី​ទឹកកខ្វក់​ពិត​ជា​ត្រូវការ​ពេល​យូរ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖

«​តាមពិត​មាន​ភាគរយ​តូច​ប៉ុណ្ណោះ​នៃ​ទឹក​ ដែល​ចូល​ទៅ​ក្នុង​រោងចក្រ​ចម្រោះ​ទឹក មក​ពី​បង្គន់​របស់​ពួកយើង។ ប៉ុន្តែ​ការ​ឈប់គិត​ពី​គំនិត​និង​រូបភាព​ដែល​ថា​អ្នក​ប្រហែល​ជា​កំពុង​បរិភោគ​ទឹកដែល​អ្នក​បាន​ប្រើ​នៅ​បង្គន់​ គឺ​ប្រហែល​ជា​បញ្ហា​ប្រឈម​មួយ​របស់​ពួកយើង​តាំង​ពីដំបូង»។

រោងចក្រ​បន្សាបទឹកប្រៃ​ចំនួន​ពីរ​ផ្គត់ផ្គង់​ទឹក​ពាក់កណ្តាល​ឲ្យ​ទីក្រុង​Perth។ ទឹក​មាន​សារៈសំខាន់​ណាស់​ ប៉ុន្តែ​ការកែច្នៃ​នេះ​ផលិត​ទឹក​បាន​ចំនួន​តែ២​ភាគរយ​ប៉ុណ្ណោះនៃ​ទឹក​សរុប។ ប៉ុន្តែ​តួលេខ​នេះ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ឆាប់ៗ​នេះ។

លោក Ian Wright អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន​នៅ​ឯ​សាកល​វិទ្យាល័យ​ Western Sydney មានជំនឿ​ថា តំបន់​ផ្សេងៗ​ទៀត​នៃ​ប្រទេស​អូស្រ្តាលី​គួរតែ​ជ្រើសយកវិធីកែច្នៃ​ទឹក​។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«នៅ​ក្នុង​ទីក្រុង​ ស៊ីដនី ទឹក​ដែលបានប្រើប្រាស់ហើយ​ប្រហែល​ជា ១៥០លីត្រ​ក្នុង ​១​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​បាន​បោះចោល​ទាំងស្រុង​ហើយ​យើង​មាន​ការ​បន្សាប​ទឹកប្រៃ​នៅ​ឆ្នេរ ប៉ុន្តែ​រដ្ឋធានី Canberra វិញ​មិនមាន​វិធី​បន្សាប​ទឹកប្រៃ ហើយ​ទីក្រុង​ដែល​ត្រូវរងប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ដូចជា Tamworth Dubbo និងBroken Hill ពួកគេ​អាច​ប្រើប្រាស់​វិធី​បន្សាប​ទឹកប្រៃ​ពី​ឥឡូវបាន»។

ប្រទេស​អូស្រ្តាលី​គឺ​ជា​ ទ្វីប​ដែល​ស្ងួត​ជាងគេ​នៅ​ក្នុង​ពិភពលោក​។ ទឹក​មាន​តម្លៃ​ ហើយ​នៅ​កន្លែង​ជាច្រើន​មិនមាន​ទឹក​គ្រប់គ្រាន់ប្រើប្រាស់​នោះទេ។ ច្រើន​ជាង​៩៥ភាគរយ​នៃ​រដ្ឋ New South Wales ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​របស់​ប្រទេស​អូស្រ្តាលី​ ស្ថិត​ក្នុង​គ្រោះរាំងស្ងួត​ជាផ្លូវការ ហើយ​នៅ​ពេល​៣ខែ​ខាងមុខ​នេះ​ ត្រូវ​បាន​គេ​ព្យាករណ៍​ថានឹង​ស្ងួត​ជាង​កម្រិត​មធ្យម​ទៅទៀត៕

ប្រែសម្រួល​ដោយ​កញ្ញា លី វួចនា

XS
SM
MD
LG