ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បង្កើន​ការ​បង្ក្រាប​ក្មេង​ទំនើង ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ពី​ពលរដ្ឋ


រូបឯកសារ៖ ប៉េអឹមឈរជាជួរ មុនត្រូវបានបញ្ជូនទៅយាមល្បាតនៅតាមមណ្ឌលបោះឆ្នោតនានានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ ប៉េអឹមឈរជាជួរ មុនត្រូវបានបញ្ជូនទៅយាមល្បាតនៅតាមមណ្ឌលបោះឆ្នោតនានានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨។

មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​អះអាង​ថា​ អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​ បាន​កំពុង​បង្ក្រាប​ករណី​ក្រុម​ក្មេង​ទំនើង​ ដែល​បាន​បង្ក​សកម្មភាព​អសន្តិសុខ​ក្នុង​ប្រទេស។

ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ក្រោយ​ប្រជា​ពលរដ្ឋ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើង​ ដែលប្រើ​ប្រាស់​ហិង្សា និង​វាយ​តប់​គ្នា​ជា​បន្ត​បន្ទាប់។

លោក អេង ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហនុ ខេត្ត​បន្ទាយ​មាន​ជ័យ រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត​ បាន​កំពុង​ចាត់​វិធាន​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​សកម្មភាព​ក្នុង​ប្រទេស។ លោក​បន្ត​ថា​ ក្រោយ​ពេល​បង្រ្កាប​ក្មេង​ទំនើង​ទាំង​នោះ អាជ្ញាធរ​នឹង​ចាត់​តាម​នីតិវិធី​ផ្សេងៗ ​ក្នុង​ករណី​ក្រុម​ក្មេង​ទំនើង​នោះ​ប្រព្រឹត្ត​អំពើ​ណា​មួយ​ដែល​ល្មើស​ច្បាប់។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​ពេល​ការ​បង្ក្រាប​គឺ​យើង​អនុវត្ត​ទៅ​តាម​នីតិវិធី ប្រសិន​បើ​មាន​បទ​ល្មើស​យើង​ត្រូវ​តែ​បញ្ជូន​ទៅ​តុលាការ។ ក្នុង​ករណី​ដែល​មិន​មាន​បទ​ល្មើស​ទេ យើង​អប់រំ​ទៅ​តាម​វិធាន​ការ​អប់រំ​របស់​យើង​ ឱ្យ​កិច្ច​សន្យា​ ឱ្យ​ឪពុក​ម្តាយ​មក​ធានា​យក​ទៅ​វិញ​ ក៏​ប៉ុន្តែ​ប្រសិន​ជា​ល្មើស​ច្បាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​មជ្ឈឹម​ ឬ​បទ​ឧក្រិដ្ឋ​ ហ្នឹង​គឺ​យើង​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង»។

មួយ​រយៈ​ក្រោយ​នេះ គេ​តែង​ឃើញ​មាន​សកម្មភាព​អសណ្តាប់​ធ្នាប់​ជា​ច្រើន​ពី​សំណាក់​ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ។ វីដេអូ​នៃ​សកម្មភាព​វាយ​កាប់​ចាក់​គ្នា ឆក់​ប្លន់ និង​អំពើ​អសន្តិសុខ​ជា​ច្រើន​ក៏​ត្រូវ​បង្ហោះ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ។

លោក មី ណារ៉ាត់ អាយុ​ ២៣ឆ្នាំ ពលរដ្ឋ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​សកម្មភាព​របស់​ក្មេង​ទំនើង​ដែល​តែង​តែ​បង្ក​ជា​ភាព​អសន្តិសុខ​ នៅ​តែ​មិន​ទាន់​ថម​ថយ​នៅ​ឡើយ​ទេ។ លោក​ថា បើ​កាល​ណា​ក្រុម​ក្មេង​ទំនើង​នៅ​តែ​បន្ត​សកម្មភាព​បែប​នេះ វា​គឺជា​ការ​ព្រួយ​បារម្ភ​មួយ​សម្រាប់​ការ​រស់​នៅ​ ក៏​ដូច​ជា​ការ​ប្រកប​មុខ​របរ​របស់​ប្រជាពលរដ្ឋ។

លោក​ថ្លែងថា​៖ «ខ្ញុំ​គិត​ថា​ បញ្ហា​ដែល​ចោទ​ខ្លាំង​បំផុត​គឺ​ទៅ​លើ​ស្រ្តី។ នៅ​ពេល​ដែល​គាត់​ចេញ​ក្រៅ បើ​យើង​និយាយ​ឱ្យ​ស្រួល​ស្តាប់​ គឺ​អត់​មាន​ផាសុកភាព​ក្នុង​ការ​ចេញ​ទៅ​ក្រៅ​ផ្ទះ ឬ​សូម្បី​តែ​យើង​ជា​មនុស្ស​ប្រុស​ជាក់​ស្តែង​ក៏​ដោយ ពេល​ខ្លះ​យើង​អត់​មាន​ប៉ះពាល់​អី​ជា​មួយ​ពួកអស់​ហ្នឹង​ទេ។ ប៉ុន្តែ​វា​ដូច​ជាការ​កាប់​ចាក់​ ការ​វាយ​អី​អស់​ហ្នឹង​វា​ទុក​ជា​ការសប្បាយ​មួយ​របស់​មនុស្ស​ដែល​មាន​ចរិក​បែប​ហ្នឹង​[ក្មេងទំនើង] អ៊ីចឹង​វា​ពិបាក​ខ្លាំង​មែន​ទែន»។

លោក​បន្ត​ថា​៖ «មួយ​ទៀត​ទាក់​ទង​នឹង អ្នក​ដែល​មាន​មុខរបរ​ឬ​អ្នក​ដែល​ធ្វើ​ការ​យប់​គឺ គាត់​មាន​ភាព​ខ្លាច​ខ្លាំង​មែន​ទែន ក្នុង​ការ​ចេញ​ទៅ​ក្រៅ​ក្នុង​ប្រកប​របរ​រក​ស៊ី​របស់​គាត់។ អ៊ីចឹង​វា​ធ្វើ​ឱ្យ​អត់​មាន​ផាសុកភាព​ផ្លូវ​ចិត្ត​ហ្នឹង ​នៅ​ពេល​ដែល​យើង​ចេញ​ក្រៅ​នៅ​ពេល​ដែល​ សង្គម​យើង​ពោរ​ពេញ​ដោយ​មនុស្ស​បែប​ហ្នឹង»។

រូបឯកសារ៖ ទិដ្ឋភាពចរាចរណ៍នាពេលព្រឹកមេឃស្រទុំ នៅម្តុំវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
រូបឯកសារ៖ ទិដ្ឋភាពចរាចរណ៍នាពេលព្រឹកមេឃស្រទុំ នៅម្តុំវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

ពលរដ្ឋ​រូប​នេះ​លើក​ឡើង​ទៀត​ថា ​អាជ្ញា​ធរ​គួរតែ​យាម​កាម​តាម​ទីសាធារណៈ​មួយ​ចំនួន ដើម្បី​ការពារ​និង​បង្រ្កាប​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ។

ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​រាជធានី​ភ្នំពេញ ព្រះ​តេជគុណ សាក់ ស៊ីហឿន មាន​សង្ឃដីកា​ប្រាប់​វីអូអេ​ថា​ សព្វ​ថ្ងៃ​នេះ សកម្មភាព​របស់​ក្មេង​ទំនើង​ចេះ​តែ​កើន​ឡើង​ ដែល​បង្ហាញ​ពី​កម្សោយ​នៃ​ការ​អប់រំ​ផ្នែក​សីលធម៌​ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ និង​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ដោយ​សារ​វា​ក៏​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​បាត់​បង់​នូវ​ធនធាន​មនុស្ស​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «កាល​ណា​សង្គម​មួយ​ ដែល​មាន​សកម្មភាព​ក្មេង​ទំនើង​ច្រើន​អ៊ីចឹង​ វា​ប្រាកដ​ណាស់​គឺ​ផ្តល់​ក្តី​លំបាក​និង​ ការព្រួយបារម្ភ​ដល់​ប្រជា​ជន​រស់​នៅ​ក្នុង​សង្គម​នោះ ព្រោះ​ក្មេង​ទំនើង​នឹង​ប្រព្រឹត្ត​នូវ​អំពើ​អសន្តិសុខ​មួយ​ចំនួន​ក្នុង​សង្គម​ដែល​បង្ក​ជា​ការ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ។ វា​ក៏​ជា​ក្តី​ព្រួយ​បារម្ភ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ផង​ដែរ ព្រោះ​យុវជន​គឺ​ជា​ទំពាំង​ស្នង​ឬស្សី​ដែល​ថ្នាក់​ដឹកនាំ​ត្រូវ​ការ​យុវជន​ មាន​កម្លាំង​ មាន​បញ្ញា មាន​សុខភាពល្អ មាន​ចំណេះ​ដឹង ដើម្បី​ជួយ​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក ​យង់ គិម​អេង លើក​ឡើង​ថា​ រឿង​ក្មេង​ទំនើង​ដែល​បង្ក​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សហគមន៍​គួរ​តែ​ជា​រឿង​អាទិភាព​ដែល​អាជ្ញាធរ​គួរ​យក​មក​ដោះ​ស្រាយ​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ហើយ​ធ្វើ​ការ​ឱ្យ​បាន​ហ្មត់ចត់ ជា​ពិសេស​ជា​មួយ​អាណា​ព្យាបាល​របស់​ក្រុម​ក្មេង​ទំនើង​ទាំង​អស់​នោះ។

លោក​ថ្លែង​ថា​៖ «រឿង​ទី​ ១ ​គឺ​អាជ្ញាធរ​ត្រូវ​តែ​រៀប​ចំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ចាត់​វិធាន​ការ​នេះ​ជា​ប្រចាំ​បាន​ទៅ​រួច។ ទី ២ ​ត្រូវ​សហការ​ជាមួយ​នឹង​មាតា​បិតា​ អាណា​ព្យាបាល ឬ​ក៏​ជាមួយ​នឹង​ខាង​សាលា​ ហើយ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ទៀត ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​កើត​មាន ទើប​យើង​អាច​កាត់​បន្ថយ​បាន»។

លោក​បន្តថា៖ «ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​អើ​ពើ​ យើង​មិន​រវី​រវល់​ទេ​ បញ្ហា​នេះ​វា​នៅ​តែ​បន្ត​កើត​ឡើង ហើយ​កើត​ឡើង​ដដែល​ៗ ហើយ​ក៏​ជា​ក្តី​បារម្ភ​ការ​ប្រឈម​ធំ។ ជា​ពិសេស​ក្មេងៗ​ដែល​គ្នា​ទៅ​រៀន​ទៅ​សូត្រ​អី​ហ្នឹង អាច​ប្រឈម​ការ​យារ​យី​ ការ​ធ្វើ​បាប​ពី​បង​តូច​បង​ធំ»។

លោក​ អេង ហ៊ី អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​អំពាវនាវ​ឱ្យ​មាន​ការ​សហការ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ក្រុម​ក្មេង​ទំនើង ដើម្បី​ឱ្យ​ការ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព កាន់​តែ​មាន​ប្រសិទ្ធ​ភាព៕

XS
SM
MD
LG