ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​មាន​ការ​រិះគន់ រដ្ឋាភិបាល​សម្រេច​មិន​ឱ្យ​អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន​ចុះ​បញ្ជី


ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)
ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)

ខណៈ​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ពុធ បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​ផ្តល់​សេវា​រដ្ឋបាល​មួយ​ចំនួន​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​លែង​តម្រូវ​ឱ្យ​អាជីវ​កម្ម​ខ្នាត​តូច​មួយ​ចំនួន​ចុះ​បញ្ជី​តាម​ច្រក​ចេញ​ចូល​តែ​មួយ តាម​ការ​កំណត់របស់​រដ្ឋាភិបាល កាល​ពី​កន្លង​ទៅ។ នេះ​បើ​តាម​សេចក្តី​សម្រេច​មួយ​ចុះ​ហត្ថ​លេខា​ដោយ​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។

កាល​ពី​ពេល​ថ្មីៗ មាន​ការ​ប្រកាស​តាម​ឧគ្ឃោ​សនស័ព្ទ និង​ជា​លិខិត​នៅ​តាម​បណ្តា​ស្រុក​ខណ្ឌ​សង្កាត់​ឃុំមួយ​ចំនួន​ ដែល​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ខា្នត​តូច​ទៅ​ចុះ​បញ្ជី ក្នុង​នោះ​ក៏​មាន​ម្ចាស់​តូប​កាហ្វេ ហាង​កាត់​សក់ ហាង​កាត់ដេរ និង​ម្ចាស់​ហាង​គុយ​ទាវ​ជា​ដើម។ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ ទាក់​ទងនឹង​ការ​តម្រូវ​ឱ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ក្នុង​ការ​ប្រកប​អាជីវកម្ម ខណៈ​ពួក​គេ​កំពុង​មាន​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល។

នាយករដ្ឋ​មន្ត្រី​ប្រទេស​កម្ពុជា​លោក ហ៊ុន ម៉ាណែត​ជួប​ជាមួយ​បុគ្គលិក​រោងចក្រ​នៅ​ភូមិព្រៃស្ពឺ​ជាយរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​២៩ សីហា ឆ្នាំ២០២៣។
នាយករដ្ឋ​មន្ត្រី​ប្រទេស​កម្ពុជា​លោក ហ៊ុន ម៉ាណែត​ជួប​ជាមួយ​បុគ្គលិក​រោងចក្រ​នៅ​ភូមិព្រៃស្ពឺ​ជាយរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​២៩ សីហា ឆ្នាំ២០២៣។

បើ​តាម​សារ​នៅ​លើ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា​បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​តម្រូវ​ឱ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម និង​បន្ត​សុពល​ភាព​អាជីវ​កម្ម​នៅ​ការិយា​ល័យ​ច្រក​ចេញ-ចូល​តែ​មួយ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ប្រជាពលរដ្ឋដែល​កំពុង​ប្រកប​អាជីវកម្ម មុខ​របរ និង​ការងារ​តូច​តាច​នៅ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ មាន​ការ​ព្រួយ​បារម្ភ។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា​«រាជ​រដ្ឋាភិបាល​នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ក្នុង​គោល​ដៅ​នេះ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តី​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨ ដែល​នឹង​ត្រូវ​ឱ្យ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល ព្រម​ទាំង​ផ្តល់​ប្រយោជន៍​ថែ​បំប៉ន និង​លើក​កម្ពស់​ការយល់​ដឹង​ដល់​អ្នក​ប្រកប​អាជីវកម្ម មុខរបរ និង​ការងារ ដែល​ស្ថិត​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ»។

បើ​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល អាជីវកម្ម​ខ្នាត​តូច​ដែល​ត្រូវ​លើក​លែង មាន​ដូច​ជា​ជាង​គំនូរ កាត់​សក់ អ៊ុតសក់ លម្អក្រចក អាជីវកម្ម​លក់​សម្ភារកីឡា ភោជនីយដ្ឋាន និង​អាហារ​ដ្ឋាន​ក្នុង​ស្រុក តូបលក់​អាហារ ហាង​លក់​គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូ​ជួល​ទេសចរណ៍ សិប្បកម្ម​ផលិត​ជើង​តាង ពាង លូ ឥដ្ឋការ៉ូ ធ្វើទៀន ធូប សេវាកម្ម
ជួស​ជុលគ្រឿង​អគ្គិសនី​អេឡិចត្រូនិក លាង​រថយន្ត និង​ម៉ូតូជា​ដើម។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ថ្លែង​ថា​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​គឺ​ជា​ការ​អន្តរាគមន៍​ត្រឹមត្រូវ និង​ត្រូវ​ពេល​វេលា​ខណៈ​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​កំពុង​តែ​ធ្លាក់​ចុះ។ លោក​បន្ត​ថា​បើ​សិន​រដ្ឋ​គ្រាន់​តែ​ចង់​ឱ្យ​អ្នក​ធ្វើ​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គ្រាន់​តែ​ចុះ​បញ្ជី ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង ដោយ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​នោះ វា​គឺ​ជា​រឿង​ល្អ​មួយ។

លោក​ប្រាប់​វីអូអេ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ខ្ញុំ​គិត​ថា​គ្រាន់​តែ​ចុះ​បញ្ជី​ហើយ​មិន​បាច់​បង់​ពន្ធ ហើយ​មិន​អស់​លុយ​កាក់ ឬ​រដ្ឋ​ចុះ​បញ្ជី​ហ្រ្វី​ជូន​ពលរដ្ឋ គឺ​ល្អ​វិញ! តែ​បើចុះ​សុំ​ច្បាប់​បង់​ពន្ធ​បង់​អី​ទៀត​វា រឿង​កាន់​តែ​ធ្ងន់ធ្ងរ​ ដែល​ជា​ចំណុច​មួយ​ យើង​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ផង​ដែរ»។

បើ​តាមលោក វន់ ពៅ ​អ្នក​ប្រកប​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សព្វ​ថ្ងៃ​នេះ ប្រឈម​បញ្ហា​ច្រើន ​ដូច​ជា​បំណុល​ធនាគារ ចំណូល​ធ្លាក់​ចុះ ទំនិញ​ហូប​ចុក​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ និង​អ្នក​ខ្លះ​ទៀត​បាន​បង្ខំ​ចិត្ត​ប្តូរ​មុខ​របរ។

លោក​បន្ថែម​ថា៖ «អ្នក​ខ្លះ​គាត់​ប្រកប​មុខ​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ប្តូរ​មុខ​របរ អ្នក​ខ្លះ​ទៅ​ធ្វើ​សំណង់ អ្នក​ខ្លះ​ទៅ​រើស​អេត​ចាយ អ្នក​ខ្លះ​ទៅ​ចំណាក​ស្រុក​ទាំង​ប្រថុយ​ទៅ​ប្រទេស​គេ​ជិត​ខាង​អាហ្នឹង​គឺ​ជា​រឿង​មួយ​ដែល​ពិត​ប្រាកដ​អ៊ីចឹង​មែន។ អ្នក​ខ្លះ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ បង្ខំ​ប្រពន្ធ​ឱ្យ​ទៅ​នៅ​ស្រុក​កំណើត​ដេក​លើ​រម៉ក​អី​ទាំង​យប់​ទាំង​ថ្ងៃ​អ៊ីចឹង វា​គឺ​ជា​ស្ថានភាព​មួយ​ដែល​រដ្ឋ​គួរ​តែ​ប្រមើ​មើល​ចំណុច​នេះ​ឱ្យ​បាន​សព្វ​ជ្រុង​ជ្រោយ​ផង​ដែរ»។

លោក វន់ ពៅ បន្ថែម​ថា​ការ​ធ្លាក់​ចុះ​ចំណូល​របស់​ប្រជា​ពលរដ្ឋ គឺ​ចាប់​តាំង​ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​មក​ម្ល៉េះ។

គួរបញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​មហាផ្ទៃនិង​ក្រសួង​សេដ្ឋកិច្ច​បាន​ចេញ​ប្រកាស​អន្តរ​ក្រសួង​រួម​មួយ ដោយ​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត​ការ​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​របស់​ខ្លួន ដើម្បី​ជា​គុណ​ប្រយោ​ជន៍​ដល់​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៕

XS
SM
MD
LG