សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យកងកម្លាំងអាវុធហត្ថចាប់ខ្លួនលោកសាស្ត្រាចារ្យ លន់ បូរី ក្រោមការចោទប្រកាន់ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី១៨ ខែសីហា ដែលវីអូអេទទួលបាន។
លោក លន់ បូរី ត្រូវបានគេស្គាល់ថា គ្រូជោគជ័យមួយរូបនៅលើបណ្តាញសង្គម និងជាស្ថាបនិកម្នាក់នៅក្រុមហ៊ុនអ៊ីស្កូលខាមបូឌា (E-School Cambodia) ដែលជាក្រុមហ៊ុនមួយជួយខាងបច្ចេកទេសក្នុងការអប់រំតាមអនឡាញអំឡុងពេលមានវិបត្តិកូវីដ១៩។
កាលពីថ្ងៃទី២ ខែកញ្ញា លោក លន់ បូរី ត្រូវបានកងកម្លាំងអាវុធហត្ថចាប់ខ្លួនទៅមណ្ឌលកែប្រែទី១(ម១) ដោយអនុវត្តតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក អួង វុទ្ធា រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងទៀត។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយស្នើឱ្យអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិក (វីអូអេ) ទាក់ទងទៅអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញបាននៅឡើយទេ។
គួររំឭកថា ការចាប់ខ្លួនលោកសាស្ត្រាចារ្យលន់ បូរីកើតមានឡើង ក្រោយសមត្ថកិច្ចមានការសង្ស័យកាលពីខែមិថុនាឆ្នាំ២០២៣ ថា លោកជាប់ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ប្រសិនបើតុលាការរកឃើញថា លោក លន់ បូរី មានទោស លោកអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០រៀលទៅ៦.០០០.០០០រៀល។ នេះបើតាមមាត្រា ៣៧៨នៃក្រមព្រហ្មទណ្ឌ ដែលចែងអំពី អំពើឆបោក។
ប្រធានបណ្តុះបណ្តាលនៅអ៊ីស្កូលខាមបូឌា (E-School Cambodia) លោក ណេន បូរី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ករណីចាប់ខ្លួនលោក លន់ បូរី ពីបទឆបោកខាងលើ គឺជារឿងបុគ្គលតែប៉ុណ្ណោះ ដូច្នេះ លោកថា ករណីនេះមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននោះឡើយ។
លោកបញ្ជាក់ថា៖ «អត់ទេបង អាហ្នឹងរឿងបញ្ហាផ្ទាល់ខ្លួនរបស់គាត់ទេ។ លោកគ្រូសាស្រ្តាចារ្យ លន់ បូរី ហ្នឹងគាត់ជាក្រុមការងាររបស់អ៊ីស្កូលអ៊ីចឹង ហើយរឿងហ្នឹងមិនមែនពាក់ព័ន្ធនឹងអ៊ីស្កូលទេ គឺជារឿង personal (រឿងផ្ទាល់ខ្លួន)គាត់ខាងក្រៅ។ សុំបើមានការផ្សាយលើកក្រោយៗកុំដាក់ឈ្មោះក្រុមហ៊ុនអី ព្រោះអាហ្នឹងរឿងបុគ្គលរបស់គាត់ទេ។គេមើលតែចំណងជើងគេច្រឡំថា របស់អ៊ីស្កូល»។
លោកក៏បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២ ខែកញ្ញា ខាងក្រុមហ៊ុនអ៊ីស្កូលខាមបូឌា (E-School Cambodia) បានចេញសេចក្តីថ្លែងការណ៍បំភ្លឺទាក់ទងនឹងករណីនេះដែរថា«មិនមានអ្វីពាក់ព័ន្ធជាមួយនឹង E-School Cambodia ឡើយ ហើយក៏មិនធ្វើអន្តរាគមន៍ណាមួយចំពោះករណីរបស់បុគ្គល លន់ បូរី នោះដែរ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីសាច់ញាតិលោក លន់ បូរី បាននៅឡើយទេនៅថ្ងៃអង្គារនេះ។
កាលពីចុងឆ្នាំ២០២១ កន្លងទៅលោក ប៊ុន រស្មី ហៅ ប៊ុន ផាក ដែលគេស្គាល់ថាជាគ្រូជោគជ័យមួយរូបត្រូវបានកម្លាំងនរគបាលព្រហ្មទណ្ឌការិយាល័យកម្រិតស្រាលនៃស្នងការនរគបាលរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការក្លែងបន្លំជាមេធាវី៕