ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខា​ភិបាល​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​គ្រុន​ឈាម


រូបឯកសារ៖ កុមារម្នាក់កំពុងទទួលការព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១១។
រូបឯកសារ៖ កុមារម្នាក់កំពុងទទួលការព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១១។

ក្រសួង​សុខា​ភិបាល​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​និង​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ឆ្លង​ច្រើន ក្នុង​រយៈពេលវដ្ត​នៃ​ជំងឺ​គ្រុន​ឈាម​ ដែល​តែង​តែ​មាន​ការ​ឆ្លង​ខ្លាំង​ក្នុង​ឆ្នាំទី​ ៥ ​ឬ​ឆ្នាំ​ទី​ ៦។ នេះ​បើ​តា​ម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅថ្ងៃ​ ១៤ ខែកញ្ញា និង​មន្ត្រី​ប្រចាំ​ក្រសួង។

លោក​វេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល ពន្យល់ថា​ ជំងឺ​គ្រុន​ឈាម​នេះ​តែង​តែ​មាន​ការ​ឆ្លង​ច្រើន ​ក្នុង​រយៈពេល​ ៥​ឬ ៦​ ឆ្នាំ​ម្តង ​ព្រោះ​វាជា​វដ្តនៃ​ជំងឺ​ដែល​ឆ្លង​ពី​មូស​ខ្លា។

លោក​ប្រាប់​វីអូអេ​ថា៖ «ឧទាហរណ៍​ក្នុង​ឆ្នាំ​ណា​មួយ​មាន​ការ​កើន​ឡើង​ច្រើន ​អ៊ីចឹង​ប្រជាជន​មាន​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​ច្រើន អ៊ីចឹង​គាត់​មាន​ប្រព័ន្ធ​ការពារ​របស់​គាត់​បាន​ទប់ទល់​ជា​ទូទៅ បាន​ ៥​ ទៅ​ ៦ ​ឆ្នាំ ហើយ​វា​នឹង​ថយ​ចុះ​នៅ​ឆ្នាំ​ទី​ ៤ ទី ៥ ទី ៦​ ហ្នឹង អ៊ីចឹង​បាន​ជំងឺ​គ្រុន​ឈាម​ចាប់​ផ្តើម​កើន​នៅឆ្នាំ​ទី ៤ ទី ៥ ទី ៦ យើងហ្នឹង។ លក្ខណៈ​អ៊ីចឹង​ វា​ជា​វដ្ត​របស់​វា ជា​ធម្មជាតិ​របស់​វា​នៃ​ជំងឺ​គ្រុន​ឈាម​ទាំងអស់​ទូទាំង​ពិភព​លោក ​សូម្បី​នៅ​សហរដ្ឋ​អាមេ​រិក​ក៏អ៊ីចឹង​ដែរ»។

លោក​បន្ថែម​ថា ​គិត​ត្រឹម​ខែ​ចុង​ខែ​សីហា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ឈាម​ ចំនួនជាង ១​ ម៉ឺន​ ៧​ ពាន់​នាក់ ក្នុង​នោះ​មាន​ស្លាប់​ ៣២ ​នាក់ ដែល​ចំនួន​នេះកើន​ឡើង​ ២​ ដង​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២។

លោក​ថ្លែង​ថា៖ ​«ឆ្នាំ​ដែល​ផ្ទុះ​ចុងក្រោយហ្នឹ​ងគឺ​ថា នៅ​ក្នុង​ឆ្នាំ​ ២០១៩ ​ដល់ឥ​ឡូវនេះ វា​ចូល​ឆ្នាំ​ទី ៤ ​ឈាន​ចូល​ឆ្នាំ​ទី​ ៥​ ហើយ។ ​អ៊ីចឹង​វា​ដល់​ពេល​វេលាដែល​វាត្រូវរៀង​កើន​ហើយ។ អ៊ីចឹង​នៅ​ក្នុង​ឆ្នាំ​នេះ យើង​ឃើញ​ថាមក​ដល់​ពេល​នេះ ​សប្តាហ៍​ទី​ ៣៤ ​នេះ គឺ​យើង​មាន​ចំនួន​សរុប​ទាំង​អស់​ជាង​ ១​ ម៉ឺន​ ៧​ពាន់​នាក់ ​នៅ​ក្នុង​នោះ​មាន​ស្លាប់​ ៣២​នាក់»។

លោក​វេជ្ជបណ្ឌិត ​លាង ឬទ្ធា បញ្ជាក់​ថា ដើម្បី​បង្ការ​ទប់​ស្កាត់ ​និង​ការពារជំងឺ​គ្រុន​ឈាម​ គឺ​ទាំង​អាជ្ញាធរ និង​ប្រជា​ពល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​សម្អាត​ទីធ្លា​ជុំវិញ​ផ្ទះ​សម្បែង និង​ក្នុង​មូល​ដ្ឋាន ​ជា​ពិសេស​ត្រូវការ​ទុក​ដាក់​សំបក​កង​ឡាន​ក្រោម​ដំបូល​ឱ្យ​បាន​ត្រឹម​ត្រូវ ​ព្រោះ​នេះ​ជាប្រភព​ដង្កូវ និងជម្រក​មូស​ខ្លា​ដ៏​ចម្បង។

បើ​តាម​មន្ត្រី​រូប​នោះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្តៅ​ខ្លួន ​សូម​នាំទៅ​មន្ទីរ​ពេទ្យ ដើម្បី​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា និង​ត្រឹម​ត្រូវ ព្រោះ​ជំងឺ​នេះ​មាន​រយៈ​ពេល​ព្យាបាល​តែ ៤៨​ ម៉ោង​ទេ ហើយ​បើ​លើសពី​នេះ គឺអាច​ពិបាក​ក្នុង​ការ​ព្យាបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG