អតីតសកម្មជនគណបក្សសង្គ្រោះជាតិ២នាក់នៅខេត្តត្បូងឃ្មុំ ត្រូវបានឃាត់ខ្លួនហើយម្នាក់ត្រូវបានដោះលែងវិញក្នុងការរារាំងពួកគេមកភ្នំពេញ មិនឲ្យចូលរួមក្នុងទិវាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា។
កម្លាំងសន្តិសុខចម្រុះរាប់សិបនាក់ នៅព្រឹកថ្ងៃសុក្រនេះ ក៏បានបំបែកការតវ៉ារបស់ប្រជាពលរដ្ឋដែលភាគច្រើនជាស្ត្រីនៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ។
សកម្មជនបក្សប្រឆាំងទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ វ៉ាន់ សុផាត ជាអតីតប្រធានប្រតិបត្តិស្រុកក្រូចឆ្មាររបស់គណបក្សសង្គ្រោះជាតិ និងលោក ស៊ូ យាន ជាអនុប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំ។
ក្រោយឃាត់ខ្លួនប្រមាណ៦ម៉ោង លោក វ៉ាន់ សុផាត ត្រូវបានដោះលែង ក្រោយសមត្ថកិច្ចសាកសួរពាក់ព័ន្ធនឹងគម្រោងរបស់លោកឡើងមកភ្នំពេញដើម្បីចូលរួមការរំឭកទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក វ៉ាន់ សុផាត បានថ្លែងប្រាប់ VOA នៅព្រឹកថ្ងៃសុក្រនេះថា លោកត្រូវបានឲ្យត្រឡប់មកផ្ទះវិញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រោយត្រូវបានចាប់ខ្លួនកាលពីម៉ោងជាង១២ថ្ងៃត្រង់។ លោកបន្តថា នគរបាល បានសួរនាំលោកទាក់ទងនឹងគម្រោងមកភ្នំពេញ ដើម្បីសម្តែងមតិអបអរទិវាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកត្រូវបាននគរបាលឲ្យចុះកិច្ចសន្យាថា មិនឡើងមកភ្នំពេញ ហើយនគរបាលបង្គាប់ឲ្យបង្ហាញខ្លួននៅព្រឹកថ្ងៃសុក្រនេះ នៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីធានាថា លោកមិនមានវត្តមាននៅភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «យកមកធ្វើកិច្ចសន្យានេះ និយាយចំ វាប៉ះពាល់ដល់សតិអារម្មណ៍យើង ដែលយើងចង់បានលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស គោរពនូវអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកហ្នឹង។ ចង់ឲ្យមានការគោរពបន្តទៀត»។
លោកបន្ថែមថា៖ «គឺយើងគ្រាន់តែទៅ(តវ៉ា) មិនមែនទៅមានរដ្ឋប្រហារមានស្អីណា ចង់ទម្លាក់អ្នកណាទេ។ គ្រាន់តែយើងចង់ទៅឲ្យប្រជាពលរដ្ឋខ្មែរ នៅយល់ដឹងពីថ្ងៃ២៣ តុលា ហ្នឹង»។
កាលពីខែកញ្ញា លោក វ៉ាន់ សុផាត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ក្នុងសំណុំរឿងរួមគំនិតក្បត់ ពាក់ព័ន្ធនឹងការវិលត្រឡប់របស់លោក សម រង្ស៊ី។ ប៉ុន្តែទោសនោះ ត្រូវព្យួរ ហើយលោកក៏មិនត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារទេ។
ភរិយារបស់លោក វ៉ាន់ សុផាត គឺអ្នកស្រី គីម ចេង អាយុ៤០ឆ្នាំ មានប្រសាសន៍ថា ការឃាត់ខ្លួនប្តីរបស់អ្នកស្រីមិនមានដីកា ឬបញ្ជាក់មូលហេតុដល់ក្រុមគ្រួសារថា គាត់ប្រព្រឹត្តខុសអ្វីនោះទេ។
អ្នកស្រីមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ «រួចខ្ញុំភ័យញ័រដៃពេក។ ខ្ញុំកូនតូច កូនអីផង កូនខ្ញុំ៥នាក់ បានពីណាធ្វើចម្ការធ្វើអី ជំពាក់ធនាគារផង»។
អ្នកស្រីបន្តថា អ្នកស្រីជឿថា ការចាប់ខ្លួនប្តីរបស់អ្នកស្រីនោះអាចបណ្តាលមកពីគាត់មិនចុះចូលជាមួយគណបក្សកាន់អំណាច។
អ្នកស្រីបញ្ជាក់ថា៖ «ហៅគាត់ទៅចុះចូល អត់មានបានចូលណា»។
ចំណែកលោក ស៊ូ យាន អតីតអនុប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧ មិនទាន់ត្រូវបានដោះលែងនោះទេ។ នេះបើតាមការបញ្ជាក់របស់ភរិយាលោក គឺអ្នកស្រី ស្រី ស៊ាត កាលពីព្រឹកថ្ងៃសុក្រ។
អ្នកស្រីបញ្ជាក់ថា ស្វាមីរបស់អ្នកស្រីមានបំណងមកភ្នំពេញ ដើម្បីចូលរួមទិវាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោកត្រូវបាននគរបាល៥ទៅ៦នាក់ មកចាប់ខ្លួន ខណៈកំពុងជូនភរិយាទៅមន្ទីរពេទ្យក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមការបញ្ជាក់របស់ភរិយារបស់លោក គឺអ្នកស្រី ស្រី ស៊ាត។
អ្នកស្រីមានប្រសាសន៍ថា៖ «គេដេញខ្ញុំមកផ្ទះ ហើយគេចាប់ប្តីខ្ញុំចូលឡានហើយ បានខ្ញុំមកផ្ទះ។ គេវាយប្តីខ្ញុំមួយដៃ។ ទះប្តីខ្ញុំចំសៀតថ្កា។ ប្តីខ្ញុំក្រាញ កុំឲ្យចាប់គាត់»។
អ្នកស្រីថា ការចាប់ខ្លួននេះ ដោយសារស្វាមីមានគម្រោងមកជួបជុំនៅភ្នំពេញ។ រហូតមកដល់ពេលនេះ អ្នកស្រីមិនទាន់ដឹងថា ស្វាមីនៅទីណានោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំមិនថា នយោបាយម៉េច បើគេតាមដានប្តីខ្ញុំរហូត»។
លោក ស៊ូ យាន ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ទាក់ទងនឹងការចោទប្រកាន់ថា ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោកត្រូវបានដោះលែងវិញ កាលពីខែមេសា ឆ្នាំ២០២០នេះ។
អធិការស្រុកមេមត់ លោក ហុង គឹមហឿន មានប្រសាសន៍ថា លោកបានដាក់ច្បាប់សម្រាកពីរថ្ងៃ មកខេត្តព្រះសីហនុ ដោយរុញឲ្យសួរទៅថ្នាក់លើវិញ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានទេ នៅថ្ងៃសុក្រនេះ។
បើទោះពួកគេទាំងពីរ មិនបានចូលរួមការប្រមូលផ្តុំនៅភ្នំពេញ ប្រជាពលរដ្ឋមួយចំនួន ភាគច្រើនជាស្ត្រីបានចេញមុខតវ៉ា នៅខាងមុខស្ថានទូតចិន ដែលត្រូវបានកម្លាំងសន្តិសុខចម្រុះ រួមមានទាំងសន្តិសុខខណ្ឌ និងអ្នកស្លៀកពាក់ស៊ីវិលផងដែរ យាមកាមយ៉ាងតឹងរ៉ឹង។ អ្នកតវ៉ារាប់សិបនាក់ជាស្ត្រី បានប្រមូលផ្តុំ និងស្រែកទាមទារឲ្យរដ្ឋាភិបាលចិន គោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអ្នកខ្លះបានស្រែកថា «បដិសេធកងទ័ពចិន»ក្នុងប្រទេសកម្ពុជា។
សមត្ថកិច្ចបានបំបែកការប្រមូលផ្តុំនោះ ដោយចាប់ទាញសែងស្ត្រីយ៉ាងតិច៣នាក់ ឲ្យចេញឆ្ងាយពីមុខស្ថានទូតចិន។
បុរសម្នាក់បាននិយាយពីលើរថយន្តតាមប្រព័ន្ធឧគ្ឃោសនសព្ទ ដោយព្រមានទុករយៈពេល៥នាទី ឲ្យរំសាយការតវ៉ានេះ។
បុរសនោះនិយាយថា៖ «ជម្រាបជូនបងប្អូនដែលឈរលើកបដាតវ៉ានៅទីនេះ មេត្តារំសាយ រយៈពេល៥នាទី»។
VOA មិនទាន់អាចសុំការឆ្លើយតបពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈសារអ៊ីមែល បាននៅឡើយទេនៅថ្ងៃសុក្រនេះ។
មុនការតវ៉ានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានព្រមានអ្នកមានគម្រោងតវ៉ារួចជាស្រេច ដោយលោកអះអាងថា មានគម្រោងរៀបចំធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញនៅថ្ងៃសុក្រ ទី២៣ ខែតុលា។ លោក ហ៊ុន សែន ថា «កុំមករញ៉េរញ៉ៃ» ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមនឹងគ្រោះទឹកជំនន់ផង និងជំងឺរាតត្បាតជាសាកលកូវីដ១៩ផង។
លោក ហ៊ុន សែន និយាយថា៖ «ខ្ញុំសូមផ្តាំអ្នកដែលចង់មកធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង។ គេកំពុងតែទឹកលិចណា។ កុំមករញ៉េរញ៉ៃវើយ ប្រាប់ឲ្យហើយ»។
លោក ហ៊ុន សែន បន្តថា លោកក៏បានទទួលព័ត៌មានថា អ្នកនៅតាមបណ្តាខេត្តក៏ឡើងមកតវ៉ាផងដែរ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ក្នុងរយៈពេលចុងក្រោយនេះ ការតវ៉ានានាដែលធានាដោយច្បាប់ ត្រូវបានរឹតបន្តឹងខ្លាំងក្លា ដែលលោកថា នេះប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «យើងឃើញថា សិទ្ធិក្នុងការជួបជុំ ការប្រមូលផ្តុំនិងការតវ៉ាដោយសន្តិវិធីនេះ ហាក់ដូចជាមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹង។ ដំណាក់កាលចុងក្រោយនេះ ខ្ញុំមើលទៅការជួបជុំ ការប្រមូលផ្តុំ និងការតវ៉ាដោយសន្តិវិធីនេះ ជាទិដ្ឋភាពនយោបាយទៅវិញ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ លើកឡើងថា ក្នុងថ្ងៃទី២៣ តុលា ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ប្រជាពលរដ្ឋក៏មានសិទ្ធិតវ៉ាទាមទារអ្វីមួយដែលពួកគេចង់បានពីរដ្ឋាភិបាលដែរ៕