ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ខកចិត្ត​ចំពោះ​ការ​វាយ​ចោល​អគារ​នៅ​រាម ​ខណៈ​លោក​ហ៊ុន សែន​ថា​កំពង់ផែ​យោធា​មិនមែន​សម្រាប់តែ​ប្រទេស​ចិន​នោះ​ទេ


រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)
រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

សហ​រដ្ឋ​អាមេរិក ​នៅ​ថ្ងៃពុធ​នេះ​ បាន​បង្ហាញ​ការ​អាក់​អន់​ចិត្ត​ ដែល​អាជ្ញាធរ​កម្ពុជា​បាន​វាយ​កម្ទេច​ចោល​អគារ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នា​ខេត្ត​ព្រះសីហនុ​ និង​បង្ហាញ​ពី​កង្វល់​ថា​ការ​វិវឌ្ឍ​ចុង​ក្រោយ​នេះ នឹង​អាច​ធ្វើ​ស្ពាន​ឲ្យ​ចិន​នាំ​យក​សម្ភារៈ​យោធា ​និង​កងទ័ព​មក​តាំង​នៅ​មូលដ្ឋាន​នេះ។ ​ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្តី្រ ​ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ​ អះអាង​ថា​ មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រទេស​ចិន​ប្រើប្រាស់​ផ្តាច់​មុខ​នោះ​ទេ។​

ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ដែល​វីអូអេ​ទទួល​បាន​តាម​សារអ៊ីម៉ែល​នៅ​ថ្ងៃ​ពុធ​នេះ​ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​លោក​ Chad Roedemeier​ លើក​ឡើង​ថា​ អាមេរិក​«ខកចិត្ត»​លើ​ការ​វាយ​កម្ទេច​ចោល​អគារ​ដែល​មាន​អាយុ​ទើប​តែ​បាន​៧​ឆ្នាំ​ ហើយ​ដែល​ជា​និមិត្ត​សញ្ញា​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​បន្ថែម​ថា៖​ «យើង​មាន​ការ​បារម្ភ​ថា​ ការ​វាយ​ចោល​អគារ​នេះ​ទំនង​ជា​មាន​ការ​ចង​ភ្ជាប់​ទៅនឹង​ផែនការ​ជា​ច្រើន​ ដើម្បី​ផ្តល់​ឲ្យ​មាន​ការ​ដាក់​សម្ភារៈ​យោធា​ និង​កងទ័ព​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។​ វត្តមាន​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​សហ​រដ្ឋ​អាមេរិក​កម្ពុជា​ ហើយ​វា​មាន​ការ​រំខាន​ និង​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​ទៅ​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក»។​

លោក​ Chad Roedemeier ​បាន​រំឭក​ឡើង​វិញ​នូវ​លិខិត​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​ដែល​លោក ​Donald Trump ​បាន​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​ជម្រើស​នានា​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​កម្ពុជា​អាមេរិក។​

រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)
រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

លោក​ Chad​ មាន​ប្រសាសន៍​ថា៖​ «យើង​សង្ឃឹម​ថា​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នឹង​ទទួល​យក​ការ​ស្នើ​សុំ​របស់​យើង​សម្រាប់​ការ​សន្ទនា។ ​ យើង​ស្វាគមន៍​កិច្ច​សន្ទនា​មួយ​អំពី​សេចក្តី​ត្រូវការ​នានា​របស់​កម្ពុជា​ហើយ​ដើម្បី​កំណត់​ថា ​ តើ​យើង​អាច​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​យ៉ាង​ណា​ខ្លះ​នៅ​រាម​ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឲ្យ​កម្ពុជា​មួយ​ដែល​ឯករាជ្យ​ និង​ធានា​ឡើង​វិញ​ដល់​ប្រជាជាតិ​ទាំង​អស់​នូវ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​បើក​ចំហ ​និង​សេរី»។​

កាល​ពី​សប្តាហ៍​មុន​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​សម្រេច​វាយ​កម្ទេច​ចោល​អគារ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ ដែល​សាង​សង់​ឡើង​នៅ​ឆ្នាំ​២០១២ ​និង​ជួស​ជុល​ឡើង​វិញ​ នាពេល​ថ្មីៗ​នេះ​ ដោយ​ប្រាក់​ជំនួយ​អាមេរិក។​

ភ្លាមៗ​ក្រោយ​ការ​វាយ​ចោល​អគារ​នេះ ​ មន្ទីរ​បច្ចុកោណ​គឺ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​វត្តមាន​នៃ​យោធាចិន​ នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។​

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រីនស៍ ម៉ាណ័រ ​ដែល​គ្រប់គ្រង​ដោយ​អ្នក​វិនិយោគ​ចិន​នៅ​ក្នុង​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្ដាល​នៅ​ថ្ងៃ​ពុធ​នេះ ​ លោក ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​ថា​កម្ពុជា​គ្មាន​ចេតនា​ប្រែ​ក្លាយ​កំពង់ផែ​យោធា​រាម​ ឲ្យ​ក្លាយ​ជា​កំពង់​ផែ​អន្តរ​ជាតិ​ ឬ​ក៏​ទុក​ឲ្យ​ប្រទេស​ចិន​ប្រើ​ប្រាស់​ផ្តាច់​មុខ​នោះ​ទេ។​

«រហូត​ដល់​ប៉ុន្មាន​ថ្ងៃ​នេះ​ ចោទ​កម្ពុជា​ប្រគល់​កំពង់ផែ​រាម​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់​មុខ​ទៅ​ទៀត​ ដែល​បង្ខំ​ចិត្ត​ត្រូវ​ចាក់​ឡើង​វិញ​ នូវ​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ខេត្ត​ព្រះសីហនុ​តាំង​ពី​ខែ​ ដូច​ខែ​៦​...​ ចាក់​ឡើង​វិញ​ឲ្យ​ស្តាប់»។​

លោក​បន្ថែម​ទៀត​ថា៖​ «យើង​អាច​ឲ្យ​ចូល​នៃ​នាវា​ប្រទេស​ច្រើន​ មិន​មែន​កំពង់​ផែ​អន្តរជាតិ​ ដូច​កំពង់​ផែដឹក​ទំនិញ​ ​ទេ។​ យើង​មាន​កំពង់ផែ​មួយ​ កំពង់​ផែយោធា​ អាហ្នុង​កំពង់​ផែ​ចម្បាំង។ អ៊ីចឹង​ត្រូវ​សុំ​ការ​អនុញ្ញាត!​ ​មិន​មែន​គ្រាន់​ចិន​មួយ​មាន​សិទ្ធិ​ប្រើ​ប្រាស់​ទេ។ ប្រទេស​ដទៃ​ដែល​សុំ​ការ​អនុញ្ញាត​ មក​ចូល​ចត​ ចាក់​ប្រេង​ ឬ​ឡើង​គោក​ដើម្បី​សមយុទ្ធ​ជាមួយ​នឹង​កម្ពុជា​ ឬ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ជាមួយ​នឹង​កម្ពុជា​ យើង​ស្វាគមន៍»។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​ក៏​បាន​ថ្លែង​ថា​ កម្ពុជា​មិន​រណប​នឹង​ចិន​ដូច​ក្រុម​អ្នក​រិះគន់​លើក​ឡើង​នោះ​ទេ​ ព្រោះ​ប្រទេស​ចិន​គ្រាន់​តែ​បាន​ចូល​រួម​ជួយ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ក្នុង​ប្រទេស​ បន្ថែម​លើ​ជំនួយ​របស់​ប្រទេស​ផ្សេង​ទៀត​ មាន​ដូច​ជា​ប្រទេស​ជប៉ុន។​

«ចិន​មក​ធ្វើ​ផ្លូវ!​ មក​ជួយ​ធ្វើ​ផ្លូវ​ ផ្តល់​ជាជំនួយ​ឥត​សំណង​ ផ្តល់​ជា​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា​ធ្វើ​ផ្លូវ​ បែរ​ជា​ថា​កម្ពុជា​រណប​ចិន​ បែរ​ជា​កម្ពុជា​រណប​ចិន​ ជ្រើស​រើស​យក​ចិន​ ចោល​មហា​អំណាច​នេះ​ មហា​អំណាច​នោះ។​ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ ខ្ញុំ​ចង់​សួរ​ត្រឡប់​ទៅ​វិញ​ បើផ្លូវ​ហ្នឹង​ ស្ពាន​ហ្នឹង​ ចិន​មិន​បាន​ធ្វើ​ទេ​ តើ​នរណា​មក​ធ្វើ​ជួស?​ខ្ញុំ​សុំ​សួរ​ទៅ​វិញ»។​

អគ្គ​លេខាធិការ​ដ្ឋាន​ គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​នៃ​កងទ័ព​ជើង​ទឹក​កម្ពុជា​បាន​ផ្តល់​សេចក្តី​ពន្យល់​អំពី​ផែនការ​នៃ​ការ​ផ្លាស់ប្តូរ​ទី​តាំង​ទីបញ្ជាការ​ជួរ​មុខ​របស់​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ពី​ទីតាំង​ដែល​មាន​លក្ខណៈ​តូច​ចង្អៀត​ ទៅ​ទីតាំង​ថ្មី​ស្ថិត​នៅ​ទីតាំង​តំបន់​កោះ​មួយ​គឺ​កោះ​ព្រាប​ដែល​មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់។​

អគ្គ​លេខាធិការដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​បាន​ពន្យល់​ក្នុង​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​៥​ ខែ​តុលា​ថា៖​«ស្ថិត​ក្រោម​កម្មវិធី​នៃ​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ជា​ដៃ​គូមួយ​ចំនួន​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អូស្ត្រាលី​ បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្នាត​តូច​ និង​ការ​ហ្វឹកហ្វឺន​ដល់​ទី​បញ្ជា​ការ​ជួរ​មុខ។​តែ​ទោះជា​ដូច្នេះក្តី​ ដំណើរ​ការ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​របស់​ទីបញ្ជា​ការ​ជួរ​មុខ​ បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​លទ្ធផល​ចម្រុះ ​គឺ​ជោគ​ជ័យ​ និង​ការ​លំបាក​ ដែល​តម្រូវ​ឲ្យ​មាន​ការ​គិត​គូរ​អំពី​ការ​ផ្លាស់​ប្តូរ​ទីតាំង»។​

សេចក្តី​ប្រកាស​ដដែល​បន្ថែម​ថា៖ ​«ដូច្នេះ​ នៅ​លើ​កោះព្រាប​ ដែល​ជា​ទីតាំងថ្មី​ មាន​អំណោយ​ផល​សម្រាប់​ដោះស្រាយ​ការ​លំបាក​ ដូច​បាន​ពោល​ខាង​ដើម។ ​ អគ្គ​លេខាធិការដ្ឋាន​....​កំពុង​ដំណើរ​ការ​សាងសង់​ទីបញ្ជា​ការ​ជួរ​មុខ​ នៅលើ​កោះ​ព្រាប​មាន​ទំហំ​ធំ ​និង​ចំនួន​អគារ​ច្រើន​ជាង​មុន​ តែ​ខិត​ខំចៀសវាង​មិន​ឲ្យ​មាន​ការ​បាត់​បង់​នូវ​សមិទ្ធផល​ ដែល​ប្រទេស​ជា​ដៃ​គូ​បាន​ផ្តល់​ឲ្យ​ផង​ដែរ»។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ យល់​ថា​ការ​អធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កន្លង​មក​ គឺ​សម​ល្មម​ដែល​សហ​រដ្ឋ​អាមេរិក​អាច​យល់​បាន​ពី​ជំហរ​កម្ពុជា​ ក្នុង​ការ​រក្សា​តុល្យភាព​នៃ​ទំនាក់​ទំនង​យោធា​របស់​ខ្លួន។​

«បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ មិន​បាច់​មាន​ការ​ព្រួយ​បារម្ភ​ ឬ​មួយ​ទៅ​មាន​ការ​សង្ស័យ​អី​ទៀត​ទេ​បាទ​ ជា​ពិសេស ​គឺ​ចំពោះ​លោក​អាមេរិក​ហ្នឹង​ សុំ​កុំ​ឲ្យ​គាត់​មាន​ការ​សង្ស័យ​ ពីព្រោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​លោក​និយាយ​ច្បាស់ៗ​ ត្រង់ៗ​ ទៅវិញ​ទៅមក​ហើយ។​ហើយ​បើសិន​ណា​គិត​ថា​ ចង់​ជួប​ពិភាក្សា​អី​ការ​ងារ​ណា​មក​ជួប​ទៅ!​ក្នុង​លក្ខណៈ​ជាការ​បរទេស​ អាហ្នឹង​សុំ​ទាក់​ទង​ទៅ​ក្រសួង​ការ​បរទេស​ ហើយ​បើ​ជួប​ក្នុង​លក្ខណៈ​ពិភាក្សា​ជា​មួយ​ក្រសួង​ការពារ​ជាតិ​ អាហ្នឹង​សុំទាក់​ទង​ទៅ​ក្រសួង​ការពារ​ជាតិ។​ អាហ្នឹង​វា​អត់​មាន​បញ្ហា​អី​ដែល​ត្រូវ​ចង្អៀត​ចង្អល់»។​

លោក​ Paul Chambers​ ដែល​ជា​អ្នក​វិភាគ​នយោបាយ ​និង​ជា​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យាល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ​ យល់​ថា​កម្ពុជា​បាន​សម្រេច​វាយ​កម្ទេច​ចោល​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​យ៉ាង​ដូច្នេះ​ គឺ​ព្រោះ​តែ​កម្ពុជា​ចង់​ជួយ​ចិន​ឲ្យ​សម្រេច​បាន​គោល​បំណង​របស់​ចិន ​ដែល​កំពុង​កៀរ​គរ​ឲ្យ​មាន​សម្ព័ន្ធ​មិត្ត​មួយ​ជាក់​លាក់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​ខណៈ​ដែល​លោក ​ហ៊ុន សែន​ ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ចិន​ផង​នោះ៕​

XS
SM
MD
LG