ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន ព្រមាន​ក្រុម​បាតុករ​ប្រឆាំង​ចិន​នៅ​ទិវា​​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស់ ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ព្រមាន​ដល់​ក្រុម​បាតុករ​ ដែលលោក​អះអាង​ថា ​មាន​គម្រោង​រៀបចំ​ធ្វើ​បាតុកម្មនៅ​ខាង​មុខ​ស្ថានទូត​ចិន​ក្រុង​ទីក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​សុក្រ​ ទី​ ២៣​ ខែ​តុលា​ខាង​មុខ ដោយ​លោក​លើកឡើង​ថា​ «កុំ​មក​រញ៉េរញ៉ៃ» ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ផង​ និង​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ​១៩​ ផង។

លោក ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ​ក្នុង​ពេល​ដែល​លោកចុះ​ទៅ​ចែក​អំណោយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ ដោយ​សារ​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​តុលា ​ឆ្នាំ​ ២០២០។

លោក ហ៊ុន សែន និយាយ​ថា៖​ «ខ្ញុំ​សូម​ផ្តាំ​អ្នក​ដែល​ចង់​មក​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រយ័ត្ន​ប្រយែង។ គេ​កំពុង​តែ​ទឹក​លិច​ណា។ កុំ​មក​រញ៉េរញ៉ៃ​វើយ​ ប្រាប់​ឲ្យ​ហើយ»។

ការ​ព្រមាន​នេះ ធ្វើ​ឡើង ក្រោយ​ពី​លោក ​សម រង្ស៊ី ប្រធាន​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​រំលាយដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​តុលា ​ឆ្នាំ​ ២០២០ ​ដោយ​សរសេរ​ថាក្នុង​ខួប​ទី​ ២៩ ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ ២៣ ​ខែ​តុលា ​ឆ្នាំ​ ២០២០៖ «ជនជាតិ​ខ្មែរ​ទូទាំង​ពិភព​លោក​ នឹង​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​យោធា​ចិន​លើ​ទឹកដី​ប្រទេស​កម្ពុជា»។

​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៩​ សារព័ត៌មាន​ The Wall Street Journal​ ក្នុង​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​សេចក្តីរាយការណ៍ព័ត៌មាន​ដ៏​ចម្រូងចម្រាស​មួយ​ថា ​ប្រទេស​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​កម្ពុជា​ ដោយក្នុង​នោះ​ភាគី​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ប្រើប្រាស់​ផ្តាច់​មុខក្នុង​ផ្នែក​មួយ​នៃ​មូលដ្ឋាន​យោធា​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ បាន​បដិសេធ​របាយការណ៍​ព័ត៌មាន​នេះ។

​កិច្ចព្រមព្រៀងសន្តិភាពទី​ក្រុង​ប៉ារីស​ គឺ​ជា​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដ៏​សំខាន់​មួយ ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​ដោយ​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​កាល​ពីថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​ ១៩៩១ ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ឈាន​ទៅ​បញ្ចប់​ជម្លោះ​រវាង​ភាគី​ខ្មែរ​បួន​ក្រុម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG