ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការពារជាតិ​អាមេរិក សុំ​ឲ្យ​កម្ពុជា​ពន្យល់​អំពី​ការកម្ទេច​អគារ​ជំនួយ​ស.រ.អា.​នៅ​មូលដ្ឋាន​រាម


រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)
រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​ កាលពីថ្ងៃសុក្រ ​បាន​និយាយ​ថា ​ ខ្លួន​មាន​ការព្រួយ​បារម្ភអំពី​របាយ​ការណ៍​ដែល​ថា ​អគារ​យុទ្ធសាស្ត្រ​របស់​កងទ័ព​ជើងទឹក​កម្ពុជា ​ដែល​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋ​អាមេរិក ​ត្រូវ​បាន​កម្ទេច​ ហើយ​បាន​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពន្យល់។

ក្រសួង​ការពារជាតិ​ស.រ.អា.សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «យើង​មាន​ការ​បារម្ភ​ថា​ ការ​វាយ​ចោល​អគារ​នោះ ​ប្រហែល​ជា​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ផែនការ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្តល់​ឲ្យ​មាន​ការ​ដាក់​សម្ភារៈ​យោធា​ និង​ក្រុម​ទាហាន​របស់​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម»។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

ស្ថានទូត​កម្ពុជានៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំការ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ទេ។

មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្ត្រ (CSIS)​ របស់​សហរដ្ឋអាមេរិក​បាន​ចេញ​ផ្សាយ​រូបភាពដោយ​និយាយ​ថា ​រដ្ឋាភិបាល​កម្ពុជា​កាល​ពីខែមុន​ បាន​កម្ទេច​អគារមួយ​ដែល​សហ​រដ្ឋអាមេរិក​បាន​សាងសង់នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ ចំពេល​មាន​ការ​ព្រួយ​បារម្ភកាន់តែខ្លាំង​ឡើង​នៅរដ្ឋធានីវ៉ាស៊ីនតោន​ អំពី​ការណ៍​ដែល​ប្រទេស​ចិន ​ចូលទៅកាន់​មូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​កាលពីឆ្នាំមុន ​ក្រសួង​ការពារជាតិ​ស.រ.អា.​បាន​ស្នើសុំ​ឱ្យ​ប្រទេស​កម្ពុជា​ពន្យល់​ពី​មូលហេតុ​ដែល​កម្ពុជា​បដិសេធ​សំណើ​របស់​ស.រ.អា.ក្នុង​ការ​សុំជួស​ជុល​មូលដ្ឋាន​នេះ។​

រដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​បាន​បដិសេធ​ព័ត៌មាន​ដែល​ថា​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ធ្វើ​កិច្ច​ព្រមព្រៀង​សម្ងាត់​ ដើម្បី​អនុញ្ញាត​ឱ្យចិន​ដាក់​កងកម្លាំង​នៅមូលដ្ឋាន​នេះ។​ ​មន្ត្រី​កម្ពុជា​និយាយ​ថា​ ការ​ធ្វើដូច្នេះ​ គឺ​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

មូលដ្ឋាន​នេះ​ ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ក្រុង​កំពង់ផែ​ព្រះសីហនុ​ ដែល​ជា​មជ្ឈមណ្ឌលកាស៊ីណូរបស់​ចិន​ និង​ជាតំបន់​សេដ្ឋ​កិច្ចពិសេស​ដែល​គ្រប់គ្រង​ដោយ​ចិន៕

XS
SM
MD
LG