ក្រុមអង្គការ សមាគម និងសហជីពចំនួន២៤ កាលពីថ្ងៃអង្គារ បានច្រានចោលការឆ្លើយតបរបស់អាជ្ញាធរក្រុងភ្នំពេញទៅលើការចូលរួមប្រារព្ធខួបលើកទី២៩នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយចាត់ទុកការតម្រូវរបស់អាជ្ញាធរថា«មិនអាចទទួលយកបាន»។ នេះបើយោងតាមលិខិតមួយរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលបានចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយផ្ញើជូនអភិបាលក្រុងរង គឺលោក កើត ឆែ។
នៅក្នុងលិខិតជូនដំណឹងដល់អភិបាលក្រុងរងដដែល ហើយមានហត្ថលេខាបញ្ជាក់ដោយតំណាងក្រុមអង្គការសង្គមស៊ីវិលទាំងនេះបានសរសេរថា៖
«យើងខ្ញុំទាំងអស់គ្នា មិនអាចទទួលយកបាននូវការឆ្លើយតបរបស់សាលារាជធានីភ្នំពេញដែលតម្រូវឲ្យក្រុមអង្គការ សមាគម សហគមន៍ និងសហព័ន្ធសហជីព នឹងប្រារព្ធទិវាខួប២៣តុលាដែលនឹងមកដល់នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយអនុញ្ញាតឲ្យមានអ្នកចូលរួមតែ១២០នាក់នេះឡើយ»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនេះ គ្រោងនឹងប្រារព្ធកម្មវិធីរំលឹកខួបទី២៩នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យខណ្ឌឬស្សីកែវរាជធានីភ្នំពេញដោយមានអ្នកចូលរួមប្រមាណ១០០០នាក់ ប៉ុន្តែអាជ្ញាធរ បានកម្រិតចំនួនអ្នកចូលរួមច្រើនបំផុតត្រឹមតែ១២០នាក់ប៉ុណ្ណោះ។ នេះបើយោងតាមក្រុមអង្គការសង្គមស៊ីវិលទាំងនេះ។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសគឺជាកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងខ្មែរនិងខ្មែរ ដែលបានអូសបន្លាយពេលអស់២០ឆ្នាំនៅកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះបានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា ពួកគេនឹងនៅតែប្រារព្ធទិវាខួបទី២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះក្រោមប្រធានបទថា«២៣តុលា នាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ»ដដែល។
ក្រុមសមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងនេះរួមមានសមាគមអាដហុក បណ្តាញយុវជនកម្ពុជា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សនិងមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
កន្លងមក អាជ្ញាធរជារឿយៗតែងតែហាមឃាត់ឬកម្រិតការប្រមូលផ្តុំនិងការជួបជុំរបស់ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដោយលើកហេតុផលសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ខណៈក្រុមអង្គការសង្គមស៊ីវិលចាត់ទុកទង្វើបែបនេះថា ជាការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដែលមានចែងនិងធានាដោយរដ្ឋធម្មនុញ្ញានិងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី៕