២៩ឆ្នាំក្រោយពីការចុះកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមអ្នកសង្កេតការណ៍នៅប្រទេសកម្ពុជា មើលឃើញថា កម្ពុជាកំពុងរងសម្ពាធពីសហគមន៍អន្តរជាតិចំពោះការធ្លាក់ចុះធ្ងន់ធ្ងរនៃការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតមិនតាមលទ្ធិប្រជាធិបតេយ្យ និងបានក្លាយជាចំណុចភូមិសាស្ត្រនយោបាយដ៏ចម្រូងចម្រាស។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានធ្វើឲ្យភាគី៤ បញ្ចប់ជម្លោះជាមួយគ្នា ដែលនាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងដែរ។ នោះ គឺជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋសម្តេចឪព្រះបាទនរោត្តមសីហនុ ដែលជាអ្នកផ្តួចផ្តើម។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេកាលពីថ្ងៃពុធថា ការចុះកិច្ចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានទេ ហើយថា បើគ្មានកិច្ចព្រមព្រៀងនេះទេ កម្ពុជា ក៏គ្មានការអភិវឌ្ឍដែលមានការគាំទ្រពីសហគមន៍អន្តរជាតិនោះដែរ។
លោកបន្តថា ទោះបីកិច្ចព្រមព្រៀងនេះបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងទសវត្សរ៍១៩៧០ និង១៩៨០នៅកម្ពុជាក៏ដោយ ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅបន្តរួមរឹតដោយការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់លើក្រុមអ្នកនយោបាយដែលមាននិន្នាការជំទាស់។ លោកបន្ថែមថា អ្នកណាដែលហ៊ានចេញមុខតវ៉ាប្រឆាំងការរំលោភសិទ្ធិជាមូលដ្ឋានផ្សេងៗ ឬក៏បុគ្គលណាចេញមុខរិះគន់ចំណុចខ្សោយរបស់រដ្ឋាភិបាល នោះ នឹងត្រូវបានឆ្លើយតបមកវិញដោយការបង្ក្រាប និងការចាប់ដាក់ក្នុងពន្ធនាគារ។
លោកមានប្រសាសន៍ថា៖ «សេរីភាពមូលដ្ឋានហ្នឹង គឺយើងសំដៅទៅលើការជួបជុំ ការបញ្ចេញមតិ ហើយនិងការធ្វើការខាងសមាគមអីជាដើមហ្នឹងឯង ដែលកំពុងទទួលរងការរឹតត្បិតនៅលើសេរីភាពហ្នឹង ហើយធ្វើឲ្យខាងក្រុមដែលសំឡេងដែលរិះគន់រដ្ឋាភិបាល កំពុងតែមានការរងទុក្ខទោស ដូចការវាយដំ ធ្វើទុក្ខបុកម្នេញផ្សេងៗ ការចាប់ខ្លួនចោទប្រកាន់ ប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធ និងសមត្ថកិច្ចទាំងអស់ហ្នឹងរួមទាំងខាងតុលាការអីហ្នឹង គឺធ្វើការ ធ្វើទុក្ខបុកម្នេញទៅលើក្រុមសកម្មជនទាំងអស់ហ្នឹង រួមទាំងខាងសកម្មជនមនសិកាផ្សេងៗទៀត»។
អ្នកវិភាគនយោបាយម្នាក់ គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ បានបន្តតម្កល់ទុកសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលលោកយល់ថា បានរួមចំណែកដល់ការកសាងសន្តិភាព និងការបង្កើតប្រព័ន្ធនយោបាយពហុបក្សនៅកម្ពុជាតាមបែបប្រជាធិបតេយ្យ ប៉ុន្តែសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសម្តែងមតិ និងការជួបប្រជុំកំពុងរងការបង្រ្កាប។
បើតាមរបាយការណ៍របស់អង្គការលីកាដូ អ្នកការពារសិទ្ធិមនុស្ស សកម្មជន និងសិល្បករ ចំនួន១៩នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ចាប់តាំងពីខែកក្កដា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្តិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ចាប់ពីខែមករាដល់ខែមេសា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនពលរដ្ឋកម្ពុជាជាង៣០នាក់ ដោយសារការចោទប្រកាន់លើការបង្ហោះព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ១៩។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។ អង្គការសិទ្ធិមនុស្សចាត់ទុកសកម្មភាពនេះថា ជាការប៉ុនប៉ង ដើម្បីបង្ក្រាបមតិប្រឆាំង ដែលរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលលើការរាតត្បាតនៃជំងឺកូវីដ១៩ និងផលប៉ះពាល់លើសេដ្ឋកិច្ច។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា អ្នករិះគន់មកលើប្រព័ន្ធយុត្តិធម៌កម្ពុជា ទំនងជាមាននិន្នាការនយោបាយ ហើយបានបំពេញការងារដោយផ្អែកលើស្តង់ដារពីរ។
«ពួកគាត់តែងតែធ្វើការរិះគន់តុលាការកម្ពុជាថា មិនឯករាជ្យ ក៏ប៉ុន្តែទន្ទឹមនឹងហ្នឹង នៅពេលដែលយើងអនុវត្តច្បាប់ ទៅលើក្រុមគូកនបក្ខពួករបស់គាត់ដែលបំពានច្បាប់ហ្នឹង ហើយដំណើរនីតិវធីតាមផ្លូវតុលាការ ពួកគាត់បែរជាធ្វើការរិះគន់ ដាក់សម្ពាធ និងសុំឲ្យរដ្ឋាភិបាលលូកលាន់ចូលកិច្ចការតុលាការដែលជាស្ថាប័នឯករាជ្យទៅវិញ ដើម្បីធ្វើការដោះលែងក្រុម ឬក៏គ្នីគ្នារបស់គាត់ហ្នឹង។ អ៊ីចឹងអានេះ គឺថា វាបង្ហាញឲ្យឃើញច្បាស់ថា ការអនុវត្តតួនាទីភារកិច្ចរបស់គាត់មានស្តង់ដារពីរ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច គឺលោក សុខ ឥសាន អះអាងថា កម្ពុជាគ្មានការគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋទេ ហើយប្រជាពលរដ្ឋខ្មែរប្រមាណ១៦លាននាក់ កំពុងរស់នៅក្រោមដំបូលសន្តិភាព ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់រាល់«សកម្មភាពអមិត្ត»ទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ស្មារតីនៃកិច្ចព្រមព្រៀងនេះ។
«បើសិនណាជាប្រទេសហ្នឹង មានការគាបសង្កត់ មានការរឹតត្បិត សិទ្ធិសេរីភាព ក៏ដូចជាមានការរំលោភសិទ្ធិមនុស្ស គឺមិនមែនប្រជាពលរដ្ឋលោកសប្បាយរីករាយនៅក្នុងការធ្វើទេសចរណ៍នៅក្នុងប្រទេស ក្រៅប្រទេសទេ»។
នៅដើមឆ្នាំ២០២០នេះ សហគមន៍អឺរ៉ុប បានសម្រេចដកឋានៈអនុគ្រោះពន្ធមួយផ្នែកស្មើនឹង២០ភាគរយនៅក្រោមកម្មវិធីអនុគ្រោះពន្ធលើ «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ហៅកាត់ថា EBA ដោយសារការរំលោភសិទ្ធិមនុស្ស និងការហាមឃាត់គណបក្សប្រឆាំងដ៏សំខាន់មិនឱ្យប្រកួតប្រជែងក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ ក្នុងពេលមានការបង្ក្រាបលើអ្នកប្រឆាំង និងសារព័ត៌មានឯករាជ្យ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាកិច្ចសន្យារបស់អន្តរជាតិ និងកម្ពុជា ដែលធានាអធិបតេយ្យភាព ឯករាជ្យបូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី ក៏ដូចជាធានាអព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។
ទោះយ៉ាងណា លោកកត់សម្គាល់ថា កម្ពុជា ដោយសារតែការងាកទៅរកប្រទេសចិន កាន់តែខ្លាំងឡើងនោះ បានធ្វើឲ្យគោលការណ៍អព្យាក្រឹតភាពរបស់ខ្លួនស្ថិតក្នុងភាពមន្ទិល។ លោកអះអាងថា កម្ពុជាក៏កំពុងក្លាយជាទីតាំងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាមេរិក និងចិន កំពុងខ្វែងគំនិតគ្នាទៅលើការសង្ស័យថា កម្ពុជាអនុញ្ញាតឲ្យប្រទេសចិនប្រើប្រាស់ដែនសមុទ្ររាមក្នុងខេត្តព្រះសីហនុ និងតំបន់ឧទ្យានជាតិមួយក្នុងខេត្តកោះកុងជាគោលដៅយោធានៅពេលអនាគត។ ប៉ុន្តែកម្ពុជាបានបដិសេធការចោទប្រកាន់នេះ។
«យើងឥឡូវនេះ រងសម្ពាធពីមហាអំណាចបាទ...ហើយមហាអំណាចទាំងពីរហ្នឹង គឺវាឈ្លោះគ្នា ដូច្នេះយើងវាពាក់ព័ន្ធក្នុងជម្លោះដែរ រវាងអំណាចទាំងពីរនេះហើយ។ ដូចកាលមុនដែរ គឺយើងមានជាប់ពាក់ព័ន្ធនឹងជម្លោះសង្គ្រាមនៅវៀតណាម ដោយសារយើងជួយខាងវៀតណាម ហើយក៏ជួយខាងពួក ពួកកុម្មុយនីស្តហ្នឹងដែរ ប្រឆាំងនឹងអាមេរិកបាទ...រួចសព្វថ្ងៃនេះ គឺស្ថានភាពហ្នឹងក៏ដូចគ្នាដែរ ស្ថានភាពអន្តរជាតិហ្នឹង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភាមួយរូបថ្លែងការពារថា ការប្រកួតប្រជែងមនោគមវិជ្ជារបស់មហាអំណាចគិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មកនោះ ជារឿងរបស់មហាអំណាច ប៉ុន្តែកម្ពុជានៅតែបន្តរក្សាគោលនយោបាយការបរទេសមិនលម្អៀងរបស់ខ្លួនដដែល។
«គ្មានពាក់ព័ន្ធអីជាមួយកម្ពុជាទេ ហើយការចោទថា កម្ពុជាមានដាក់ទ័ពចិន កម្ពុជាមាន យកប្រជាជនចិនមកនៅអីគ្រប់គ្រងទូទាំងប្រទេស។ ខ្ញុំថា បើចិនមកនៅវាទ...ពីមុនមកចោទថា វៀតណាមមកនៅពេញដីខ្មែរ។ បើពេញដីខ្មែរខ្មែរ១៦លាននាក់ទៅនៅឯណា? ឥឡូវ ឥឡូវលែងនិយាយពីវៀតណាមហើយនិយាយពីរឿងចិនម្តង»។
ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា បានជូនដំណឹងសាលារាជធានីភ្នំពេញថាការប្រារព្ធខួប២៩ឆ្នាំ នៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ ដោយមានអ្នកចូលរួមជាង១ពាន់នាក់ ដែលជាសមាជិកនៃអង្គការក្រៅរដ្ឋាភិបាល សមាគមនិងសហជីពនានា។
រដ្ឋបាលរាជធានីភ្នំពេញបានជំទាស់មិនឲ្យមានការរៀបចំពិធីទ្រង់ទ្រាយធំ ដោយតម្រូវឲ្យមានអ្នកចូលរួមតែ១២០នាក់ប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយចោល បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកថា នៅថ្ងៃទី២៣ ខែតុលានេះ «ជនជាតិខ្មែរទូទាំងពិភពលោកនឹងរៀបចំធ្វើបាតុកម្មប្រឆាំងវត្តមានយោធាចិនលើទឹកដីប្រទេសកម្ពុជា»។
ប៉ុន្តែក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមិនឲ្យមានការធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជាទេ នៅពេលប្រទេសកំពុងជួបវិបត្តិគ្រោះធម្មជាតិទឹកជំនន់ និងជំងឺកូវីដ១៩ ដោយលោកថា លោកទទួលព័ត៌មានថា មានការប្រមូលមនុស្សតាមបណ្តាខេត្តមកតវ៉ា។
លោកមានប្រសាសន៍ថា៖ «វាជិតដល់ថ្ងៃ២៣ ខែតុលាគេចង់ធ្វើបាតុកម្ម។ ខ្ញុំសុំផ្តាំអ្នកដែលធ្វើបាតុកម្ម ចង់មកធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅទីក្រុងភ្នំពេញ។ ប្រយ័ត្នប្រយែង គេកំពុងតែទឹកលិចណ៎ា កុំមករញ៉េរញ៉ៃវើយ ប្រាប់ឲ្យហើយ និយាយគ្នាស្តាប់ឲ្យបាន!»
កិច្ចព្រមព្រៀងសន្តិភាពដែលបានធ្វើឡើងកាលពី២៩ឆ្នាំមុន មានប្រទេសចំនួន១៨ ជាហត្ថលេខី ក្នុងនោះមានប្រទេសបារាំង សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសក្នុងតំបន់អាស៊ី ដូចជាថៃ ឥណ្ឌូណេស៊ីជាដើម។ ប្រទេសកម្ពុជា តាមកិច្ចព្រមព្រៀងនេះ ផ្ដល់ការសន្យាថា នឹងបើកទូលាយឲ្យមានសេរីភាពខាងនយោបាយ ការបោះឆ្នោតដោយសេរី និងការគោរពសិទ្ធិមនុស្ស៕