ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​អូស្តា្រលី​ពីរ​នាក់​បាន​ឆ្លងមេរោគ​ COVID-19 ​បន្ទាប់​ពី​លទ្ធផល​តេស្ត​អវិជ្ជមាន​នៅ​ជប៉ុន


នាវា​​ទេសចរណ៍ ​Diamond Princess​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក នៅ​កំពង់ផែ​យ៉ូកូហាម៉ា ប្រទេស​ជប៉ុន ដែល​មាន​អ្នក​ដំណើរ​នឹង​នាវិក​សរុប​៣៧០០​នាក់។

ជនជាតិ​អូស្តា្រលី​ពីរ​នាក់​ដែល​បាន​ធ្វើ​តេស្ត​រកមេរោគ​កូរ៉ូណា​ឬ​ COVID-19 ​ដោយ បង្ហាញ​លទ្ធផលអវិជ្ជមាន​នៅ​អំឡុង​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​២​សប្តាហ៍​នៅ​លើ​កប៉ាល់ ​Diamond Princess​ នៅ​កំពង់ផែ​ក្នុង​ប្រទេសជ​ប៉ុន​នោះ ​ត្រូវ​បាន​ធ្វើ​តេស្ត​ឡើង​វិញ​នៅ​ពេល​ពួក​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​ ហើយ​លទ្ធផល​បង្ហាញ​ថា​ពួក​គេ​បាន​ឆ្លង​មេរោគCOVID-19។

លោក​ Brendan Murphy​ ប្រធាន​មន្ទី​វេជ្ជសាស្រ្ត​នៃ​ប្រទេស​អូស្តា្រលី​បាន​ថ្លែង​ថា៖ «វា​អាច​ទៅ​រួច​ដែល​មាន​មនុស្ស​ច្រើន​ថែម​ទៀត​មាន​លទ្ធផល​តេស្តវិជ្ជមាន​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ទៀត​នេះ‍»។

លទ្ធផល​វិជ្ជមាន​នេះ​បាន​បង្កើត​ជា​ចម្ងល់​អំពី​វិធី​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ​លោក ​Yoshihide Suga​ នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយ​ការពារ​លទ្ធភាព​របស់​រដ្ឋាភិបាល​ជប៉ុន​ថា​ ដំណើរការ​ធ្វើ​តេស្ត​រក​មេរោគ​ COVID-19​ របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​ត្រឹម​ត្រូវ។

នាយក​អង្គការ​សុខភាព​ពិភពលោក ​លោក ​Tedros Adhanom Ghebreyesus ​បាន ព្រមាន​ថា​ ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ប្រយុទ្ធ​នឹង​មេរោគ។ ​លោក​បាន​ថ្លែង​បន្ថែម ទៀត​ថា​ មេរោគ​នេះ​គឺ​ជា​សត្រូវ​ទីមួយ​របស់​សាធារណជន។

ប្រទេស​ចិន​ដែល​ជា​កន្លែង​ចាប់​ផ្តើម​ផ្ទុះឆ្លង​មេរោគ​ COVID-19​នេះ​ឡើង​កាល​ពី​ចុង​ឆ្នាំ​មុន​ បាន​រាយការណ៍​នៅ​ថ្ងៃសុក្រ​នេះ​ថា​ មាន​ករណី​ឆ្លង​ថ្មី​កើន​ដល់​ចំនួន​៨៨៩​ករណី​បន្ថែម​ទៀត​ បន្ទាប់​ពី​មាន​ការធ្លាក់ចុះ​ករណី​ឆ្លង​ក្នុងរយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា។

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ​រាយការណ៍​ថា​ មាន​ករណី​ឆ្លងថ្មីៗ​ជាង​២០០​ករណី​នៅ​ក្នុង​ពន្ធនាគារ​នៅ​ភាគខាង​កើត​ប្រទេស​ចិន​ ដោយ​ទាំង​អ្នក​ទោស​និង​ឆ្មាំ​យាម​គុក​បាន​ធ្វើតេស្ត​និង​មាន​លទ្ធផលវិជ្ជមាន។

មាន​មនុស្ស​ឆ្លង​មេរោគ​ COVID-19​ ជាង ​១,០០០ ​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​ ១១​ នាក់​ត្រូវ​បាន​គេ​រាយការណ៍​មក​ពី​ប្រទេស​ចំនួន២៥ ​ក្រៅ​ពី​ប្រទេស​ចិន។ រហូត​មក​ដល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២,២០០ នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ៕

XS
SM
MD
LG