ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដក​អាជ្ញាប័ណ្ណ​អ្នក​កាសែត​អាមេរិកាំង​បី​រូប​ដោយ​សារ​អត្ថបទ​វិចារណកថា​មួយ


ប៉ូលិស​​​​ពាក់​ម៉ាស​ឈរ​យាម​ល្បាត​​នៅ​ខាង​ក្រៅ​របង​​ទីលាន​ធាន​អានមិន​ ក្រោយ​ពី​មាន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណាវីរុស Covid 19 ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ២០២០។

រដ្ឋាភិបាល​ចិន​កាល​ពី​ថ្ងៃ​អង្គារ បាន​ដក​អាជ្ញាប័ណ្ណធ្វើ​ការ​របស់អ្នក​សារព័ត៌មាន​បី​រូប​របស់​កាសែត the Wall Street Journal ដោយ​សារ​ចំណង​ជើង​នៃ​បទ​វិចារណកថា​មួយ ដែល​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ថា​មាន​លក្ខណៈ​រើស​អើង​ជាតិ​សាសន៍។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Geng Shuang ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ទី​ក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ពុធ​នេះ​ថា កាសែត the Wall Street Journal បាន​បដិសេធ​មិន​សុំទោស​ចំពោះ​បទ​វិចារណកថា​កាល​ពី​៣ ខែ​កុម្ភៈ ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា China is the Real Sick Man of Asia ដែល​ប្រែ​ថា «ចិន​ជា​អ្នក​ជំងឺ​ពិត​ប្រាកដ​របស់​ទ្វីប​អាស៊ី‍»។

​បទ​វិចារណកថា​នេះ​ ត្រូវ​បាន​សរសេរ​ដោយ​អ្នក​សិក្សា​ស្រាវជ្រាវ​អាមេរិក​មួយ​រូប​ឈ្មោះ​ Walter Russell Mead ដែល​បាន​រិះគន់​ពី​របៀប​ដែល​ចិន​បាន​ចាត់ចែង​ក្នុង​រឿង​ទប់ទល់​នឹង​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី Covid-19 ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០០​នាក់ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ។ ​

ឃ្លា​ជា​ភាសា​អង់គ្លេស sick man of Asia ជា​ឃ្លា​ក្នុងប្រវត្តិសាស្ត្រ​ដែលមាន​លក្ខណៈ​វាយតម្លៃ​មុន​ចំពោះ​ជនជាតិ​ចិន ថា​ជា​ជាតិសាសន៍​ សំបូរ​ជំងឺ​និង​មិន​មាន​អនាម័យ។ ប៉ុន្តែកាសែត Wall Street Journal ថា ចំណង​ជើង​នៃ​អត្ថបទ​នេះមិន​ត្រូវ​បាន​សរសេរ​ដោយ​លោក Mead ទេ តែ​ត្រូវ​សរសេរ​ដោយបុគ្គលិក​៣​រូប គឺ​អនុប្រធាន​ការិយាល័យ​កាសែត​ប្រចាំ​ក្រុង​ប៉េកាំង លោក Josh Chin និងអ្នក​កាសែត Chao Deng ដែល​អ្នក​ទាំង​ពីរ​ជា​ពលរដ្ឋ​អាមេរិកាំង និងអ្នក​សារព័ត៌មាន​លោក Philip Wen ដែល​ជា​ជនជាតិ​អូស្ត្រាលី។

​អាជ្ញាធរ​ចិន​បាន​បញ្ជា​ឲ្យ​បុគ្គលិក​ទាំង​បី​រូប​ចាក​ចេញ​ពី​ប្រទេស​ចិន​ក្នុង​៥​ថ្ងៃ​ទៀត។

ការ​សម្រេច​បណ្តេញ​អ្នក​កាសែត​បស្ចិម​ប្រទេស​បី​រូប​ក្នុង​ថ្ងៃ​ពុធ​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​រដ្ឋបាល​លោក ​ត្រាំ ប្រកាសចាត់​ទុកស្ថាប័នផ្សាយ​ព័ត៌មាន​របស់​ចិន​ចំនួន​៥​ថា​ជា​ស្ថាប័ន​រដ្ឋ​ចិន ដូច​ស្ថានទូត​ដែរ ដែលនេះ​តម្រូវ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំង​នេះ ត្រូវ​ចុះ​ឈ្មោះ​បុគ្គលិក​និង​ការិយាល័យ​ទាំង​អស់ជាមួយ​ក្រសួង​ការបរទេស​អាមេរិក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG