ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ​កូរ៉ូណាវីរុស​ថ្មី​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ រោងចក្រ និង​ការ​ប្រើប្រាស់​នៅ​អាស៊ី​អាគ្នេយ៍


មនុស្សម្នា​ពាក់​ម៉ាស់​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ដេញ​ថ្លៃ​ផ្កា បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​វីរុស នៅ​ក្នុង​ប្រទេស​ចិន ក្នុង​ក្រុង Kunming ខេត្ត Yunnan ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​ផ្ទុះ​ឡើង​នូវ​មេរោគ COVID-19 នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី និង​ថៃ ដោយសារ​តែ​ប្រទេស​ទាំង​នេះ​បាន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួកគេ ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​មេរោគ​ថ្មី​នេះ។

តំបន់​អាស៊ី​អាគ្នេយ៍​ជា​តំបន់​មួយ​ដែល​គេ​ស្គាល់​ថា​មាន​តម្លៃ​ពលកម្ម​ទាប​សម្រាប់​ការងារ​រោងចក្រ និង​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ច្រើន។ នៅ​ក្នុង​តំបន់​នោះ ប្រទេស​មួយ​ចំនួន​តាំង​ពី​មីយ៉ាន់ម៉ា រហូត​ដល់​ហ្វីលីពីន បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០២០ របស់​ខ្លួន​ក្នុង​អត្រា​ខ្ពស់​ជាង ៦ ភាគរយ។ ប៉ុន្តែ​នៅ​ដើម​ដំបូង​នៃ​ឆ្នាំ ២០២០ មក​ទល់​នឹង​ពេល​នេះ គេ​ឃើញ​ថា គោលដៅ​ដែល​បាន​ព្យាករណ៍​ទុក​នេះ​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​ដ៏​កាច​សាហាវ ដែល​ហៅ​ថា COVID-19 នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី និង​ថៃ ដោយសារ​តែ​ប្រទេស​ទាំង​នេះ​បាន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួកគេ ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​មេរោគ​ថ្មី​នេះ។

ក្រុមហ៊ុន​អាកាសចរណ៍​នានា​បាន​លុប​ចោល​ជើង​ហោះហើរ​ចំនួន ២ ម៉ឺន ៥ ពាន់ នៅ​ទូទាំង​ពិភពលោក។ រោងចក្រ​ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​បណ្ដុំ​ដោយ​រោងចក្រ​ជា​ច្រើន​នៅ​អាស៊ីអាគ្នេយ៍ ស្ទើរតែ​មិន​អាច​ទទួល​បាន​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ចិន​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ ដោយសារ​ការ​ឆ្លង​រាលដាល​នូវ​មេរោគ​នេះ​បាន​ធ្វើ​ឲ្យ​ស្ទះ​ដល់​ការងារ។

មនុស្ស​ជា​ច្រើន​ដែល​ខ្លាច​ឆ្លង​មេរោគ​នេះ ក្នុង​ចំណោម​មនុស្ស​ប្រហែល ៦៣០ លាន​នាក់​ក្នុង​ប្រទេស​ចិន ស្នាក់នៅ​ក្នុង​ផ្ទះ​ភាគ​ច្រើន ជាជាង​ចេញ​ទៅ​ទិញ​ឥវ៉ាន់​នៅ​ខាង​ក្រៅ។

ក្រុមហ៊ុន Moody's Investors Service បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ស្ដី​ពី​ផល​ប៉ះពាល់​នៃ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​នេះ​កាលពី​អង្គារ ទី១១ ខែ កុម្ភៈ​កន្លង​ទៅ​នេះ​ថា នៅ​ក្រៅ​ប្រទេស​ចិន «ផល​ប៉ះពាល់​សេដ្ឋកិច្ច​ភ្លាមៗ​បំផុត​នឹង​បង្ហាញ​ឡើង​តាម​រយៈ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ចិន ការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ចិន»។

ជំងឺ​ផ្លូវ​ដង្ហើម​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន។ គិត​ត្រឹម​ថ្ងៃ​ពុធ​ទី ១៩ ខែ​កុម្ភៈ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ​មាន​ចំនួន​ជាង ២.០០០ នាក់ ហើយ​អ្នក​ឆ្លង​មាន​ចំនួន​ប្រហែល ៧៤.០០០ ពាន់​នាក់ ដែល​ភាគច្រើន​គឺ​នៅ​ក្នុង​ខេត្ត Hubei ប្រទេស​ចិន។

ប្រទេស​ចិន​បាន​បិទ​ទីក្រុង​ដែល​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង និង​ពន្យារពេល​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​មួយ​សប្ដាហ៍ ដើម្បី​ការពារ​កុំ​ឱ្យ​មេរោគ​នេះ​ឆ្លង​រាលដាល​ទៅ​សាលារៀន និង​កន្លែង​ធ្វើ​ការ។ អ្នក​ធ្វើ​ការ​ភាគច្រើន​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី១០ ខែ​កុម្ភៈ។

សេដ្ឋកិច្ច​វិទូ​នានា​ជឿ​ថា ដោយសារ​តែ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជិតដិត​ជាមួយ​នឹង​ប្រទេស​ចិន តំបន់​នេះ​នឹង​រង​ផល​ប៉ះពាល់​ជាង​គេ។

ភ្ញៀវ​ទេសចរ​មិន​ធ្វើ​ដំណើរ​កម្សាន្ត

ចំនួន​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ជាទូទៅ​មាន​ចំនួន​ច្រើន​ខ្លាំង​បំផុត​នៅ​ក្នុង​ពេល​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន។ ប៉ុន្តែ ចំនួន​នេះ​បាន​ធ្លាក់​ចុះ គិត​ត្រឹម​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ដោយសារ​តែ​មនុស្សម្នា​លុបចោល​ដំណើរ​កម្សាន្ត​របស់​ពួកគេ ដោយសារ​តែ​ការ​រឹតត្បិត​ការ​ចូល​ក្នុង​ប្រទេស​ដែល​ពួកគេ​ត្រូវ​ទៅ។

នៅ​ក្បែរ​ទីក្រុង Kota Kinabalu ដែល​ជា​ទីក្រុង​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូលចិត្ត​ទៅ​លេង​សមុទ្រ សណ្ឋាគារ​នានា​មិន​មាន​មនុស្ស​ស្នាក់នៅ​នោះ​ទេ គិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​មករា។

នៅ​ក្នុង​ប្រទេស​ប្រ៊ុយណេ​ដែល​នៅ​ជិត​ខាង​ម៉ាឡេស៊ី មន្ត្រី​អន្តោ​ប្រវេសន៍​ព្យាយាម​ជជីក​សួរ​ភ្ញៀវ​ទេសចរ​ថា​តើ​ពួកគេ​មាន​បាន​ទៅ​ទីក្រុង Wuhan មុន​ពេល​មក​ដល់​ប្រទេស​ប្រ៊ុយណេ ឬ​ក៏​អត់។ រដ្ឋាភិបាល​សិង្ហបុរី​បាន​ហាមឃាត់​អ្នក​ដំណើរ​មក​ពី​ចិន​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​មករា​មក។

លោក Rajiv Biswas ប្រធាន​អ្នក​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឈ្មោះ IHS Markit បាន​និយាយ​ថា ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មាន​ការ «ភ័យ​ខ្លាច» និង «ស្លន់ស្លោ»។

លោក Rajiv Biswas បាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​មើល​ពី​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍ យើង​ឃើញ​ថា វា​ជា​ផល​ប៉ះពាល់​ដ៏​ធំ​មួយ​រួច​ទៅ​ហើយ យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ។ ក្រៅ​ពី​នេះ ផល​ប៉ះពាល់​នឹង​អាស្រ័យ​លើ​ថា​តើ​ការ​ឆ្លង​រាលដាល​នេះ​នឹង​បន្ត​យូរ​ប៉ុណ្ណា ប៉ុន្តែ​បើ​មើល​តាម​ស្ថានភាព​នៅ​ពេល​នេះ ការ​ឆ្លង​រាលដាល​នេះ​នឹង​មិន​អាច​បញ្ឈប់​បាន​ភ្លាមៗ​នោះ​ទេ»។

ប្រទេស​សិង្ហបុរី​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ១៨% នៃ​ភ្ញៀវ​ទេសចរ​សរុប​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០១៨។ ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន ២០% នៃ​អ្នក​ទេសចរ​អន្តរជាតិ​សរុប​របស់​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ​មុន និង ១១% នៃ​អ្នក​ទេសចរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

ឧស្សាហកម្ម​ផ្នែក​សេវាកម្ម​របស់​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​រង​ផល​ប៉ះពាល់ ដោយសារ​តែ​មនុស្សម្នា​ស្នាក់នៅ​ក្នុង​ផ្ទះ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​នេះ។ ពួកគេ​ព្យាយាម​មិន​ទៅ​ហាង​ទំនិញ ភោជនីយដ្ឋាន និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​នានា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​ស្តុក​ទុក​នូវ​ម្ហូប​អាហារ និង​របស់របរ​ដែល​អាច​ទុក​បាន​យូរ ប្រសិនបើ​ពួកគេ​ត្រូវ​ស្នាក់នៅ​ក្នុង​ផ្ទះ​យូរ។

ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម

ផលិតកម្ម​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​វៀតណាម និង​កម្ពុជា​ជា​ដើម នឹង​រង​ផល​ប៉ះពាល់ ដោយសារ​តែ​រោងចក្រ​នានា​មិន​អាច​ប្រាកដ​ថា​នឹង​ទទួល​បាន​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន។ ប្រទេស​ចិន​ផ្គត់ផ្គង់​ដែក​ថែប និង​គ្រឿង​បន្លាស់​នានា​សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​នានា ក៏​ដូចជា​ផ្គត់ផ្គង់​របស់របរ​ផ្សេងៗ​ទៀត។

វិនិយោគិន​បរទេស​បាន​បង្កើត​រោងចក្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដើម្បី​បញ្ចៀស​ថ្លៃ​ប្រតិបត្តិការ​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន។ ករណី​នេះ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០២០ នេះ ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​មាន​ចំនួន ៦,៨% នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​មីយ៉ាន់ម៉ា និង ៦,៧% នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក Adam McCarty ប្រធាន​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Mekong Economics នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និយាយ​ថា រោងចក្រ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ​រួច​ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ក្នុង​ខែ​នេះ ដោយសារ​តែ​ខ្វះ​វត្ថុ​ធាតុ​ដើម។

លោក McCarty បញ្ជាក់​ដូច្នេះ​ថា៖ «ក្នុង​រយៈពេល​ខ្លី វា​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​តាម​ការ​បញ្ជា​ទិញ»។

មហា​វិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ S. Rajaratnam នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី បាន​បញ្ជាក់​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មករា ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ដូចជា​ក្រុមហ៊ុន Toyota ក្រុមហ៊ុន Hyundai និង​ក្រុមហ៊ុន Ford បាន​ពន្យារ​ពេល​បើក​រោងចក្រ​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន បន្ទាប់​ពី​ពេល​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Apple ក៏​បាន​ព្រមាន​ផង​ដែរ​អំពី «ផល​ប៉ះពាល់​របស់​មេរោគ​នេះ​លើ​ផលិតកម្ម​របស់​ខ្លួន ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ពិចារណា​ឡើង​វិញ​លើ​ផែនការ​សម្រាប់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន»។

លោក McCarty បាន​និយាយ​ថា៖ «នៅ​ក្នុង​រយៈពេល​វែង វា​នឹង​ធ្វើ​ឱ្យ​គេ​ពិចារណា​ឡើង​វិញ​អំពី​ហានិភ័យ​ក្នុង​ប្រទេស​ចិន ដោយសារ​តែ​ប្រទេស​ចិន​អាច​នឹង​ដួល​រលំ​បាន។ វា​ជា​មូលហេតុ​មួយ​ទៀត​ដែល​អ្នក​ត្រូវ​រក​ប្រភព​នៃ​វត្ថុ​ធាតុ​ដើម​របស់​អ្នក​ឱ្យ​បាន​ច្រើន»។

ផល​ប៉ះពាល់​រហូត​ដល់ ៦ ខែ

អ្នក​វិភាគ​ជឿ​ថា ផល​ប៉ះពាល់​នៃ​មេរោគ​នេះ​លើ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នឹង​មាន​រយៈពេល​ពី ៣ ដល់ ៦ ខែ។ ល្បឿន​នៃ​ការ​ងើប​ឡើង​វិញ​នឹង​អាស្រ័យ​លើ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ដល់​ឧស្សាហកម្ម​ណា​ដែល​ត្រដាបត្រដួស និង​អាស្រ័យ​លើ​លទ្ធភាព​របស់​ចិន​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​មេរោគ​នេះ។

លោក Liang Kuo-yuan ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ Polaris នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ និយាយ​ថា៖

«ច្បាស់​ណាស់ នៅ​ក្នុង​ត្រីមាស​ទី​មួយ និង​ទី​ពីរ ប្រាកដ​ជា​នឹង​មាន​ផល​ប៉ះពាល់​មិន​ខាន ប៉ុន្តែ​បន្ទាប់​ពី​នោះ​មក វា​នឹង​អាស្រ័យ​លើ​ថា​តើ​បញ្ហា​នេះ​នឹង​បន្ត​យូរ​ប៉ុណ្ណា និង​ថា​តើ​មាន​ក្រុមហ៊ុន​ណា​អាច​ទ្រាំទ្រ​ជាមួយ​នឹង​បញ្ហា​នេះ​បាន ឬ​ក៏​យ៉ាង​ណា​នោះ»។

លោក Liang បាន​បន្ថែម​ថា៖ «ប្រសិន​បើ​អ្នក​ជា​ក្រុមហ៊ុន​ធំ នោះ​វា​គ្មាន​បញ្ហា​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​ក្រុមហ៊ុន​តូច និង​មធ្យម អ្នក​នឹង​មិន​អាច​ស៊ូទ្រាំ​បាន​ទេ ហើយ​ក្រោយ​មក​អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​ក្ស័យធន»។

ប៉ុន្តែ​មាន​សញ្ញាណ​នៃ​ក្តី​សង្ឃឹម​រួច​ទៅ​ហើយ។

អាជ្ញាធរ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស​វៀតណាម​កំពុង​ស្នើ​សុំ​ធនាគារ​ឱ្យ​រក្សា​អត្រា​ការប្រាក់​សម្រាប់​ប្រាក់​កម្ចី​ឱ្យ​នៅ​ទាប ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច។ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សម្រាប់​បណ្ដាញ​កុំព្យូទ័រ​មាន​សន្ទុះ​ឡើង​វិញ «ល្អ​ជាង​ការ​រំពឹង​ទុក» បន្ទាប់​ពី​ជនជាតិ​ចិន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ កាលពី​ថ្ងៃ​ច័ន្ទ​ទី ១០ ខែ​កុម្ភៈ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឈ្មោះ TrendForce៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG