ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​​ថា ​ការ​ឆ្លង​មេរោគ COVID-19 ​ថ្មី​ក្នុង​មួយ​ថ្ងៃ​ បាន​ធ្លាក់​ចុះ​ទាប​បំផុត​ចាប់​ពី​ខែ​មករា​មក


កុមារជនជាតិអ៊ីរ៉ង់ម្នាក់ពាក់ម៉ាសការពារការឆ្លងមេរោគកូរ៉ូណាវីរុសនៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

​អាជ្ញាធរ​ចិន​បាន​រាយការណ៍អំពីចំនួនធ្លាក់​ចុះ​ទាប​បំផុត​នៃ​ករណី​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ នៃ​មេរោគ​កូរ៉ូណាប្រភេទ​ថ្មី Covid-19 ដែល​មកដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជាង​២.០០០​នាក់​នៅ​ប្រទេស​ចិន​ដីគោក​ចាប់​តាំង​ពី​មេរោគ​នេះ​បាន​ផ្ទុះ​រាល​ដាល់​ជាង​២​ខែ​មក​ហើយ។

គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន បាន​បញ្ជាក់​ មានការ​ឆ្លង​ថ្មីក្នុង​ថ្ងៃ​ពុធ​នេះ​ តែ​៣៩៤​ករណី​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​ករណី​ឆ្លង​ថ្មី​ចំនួន​១.៧៤៩ ករណី​កាល​ពី​ថ្ងៃ​អង្គារ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ​មករា​មក។ ចំនួន​អ្នក​ស្លាប់​សរុប​ពី​មេរោគ Covid-19 គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ បាន​កើន​ដល់​២.១១៨ ដោយ​មាន​អ្នក​ស្លាប់​ថ្មី​១១៤​នាក់​ក្នុង​ថ្ងៃ​ពុធ ហើយចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់ ៧៤.៥៧៦​នាក់។

អាជ្ញាធរ​ចិន​បាន​ខ្នះខ្នែង​ទាំង​លំបាក​ដើម្បី​ទប់​ទល់​នឹង​ការ​ផ្ទុះ​រាលដាល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ចាប់​តាំង​ពី​គេ​រក​ឃើញ​វា​ដំបូង​នៅ​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ក្នុង​ក្រុង​វូហាន ខេត្ត​ហ៊ូប៉េ។ ខេត្ត​ហូប៉េ​ត្រូវ​បាន​អាជ្ញាធរ​បិទ​មិន​ឲ្យ​ពលរដ្ឋ​មាន​សកម្មភាព​ និង​បិទ​មធ្យោបាយ​ធ្វើ​ដំណើរ​ស្ទើរ​ទាំង​ស្រុង​ពី​ទី​ក្រុង​វូហាន។

នៅ​ក្រៅ​ប្រទេស​ចិន មាន​ការ​រាយការណ៍​ថា​មាន​មនុស្ស​យ៉ាង​តិច​១០​នាក់​បាន​ស្លាប់​ពី​មេរោគ​កូរ៉ូណា​នេះ រួម​ទាំង​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ប្តី​ប្រពន្ធ​អាយុ​ជាង​៨០​ឆ្នាំ​ដែល​បាន​ស្ថិត​នៅ​លើ​នាវា​កម្សាន្ត Diamond Princess នៅ​ទី​ក្រុង Yokohama ប្រទេស​ជប៉ុន៕

XS
SM
MD
LG