ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីរ​ដ្ឋាភិបាល​ថា​ ពីរ​ថ្ងៃ​ទៀត​​កប៉ាល ​Westerdam​ នឹង​ចាកចេញ​ពី​កម្ពុជា


រូបឯកសារ៖ អ្នក​ដំណើរ​តាម​នាវាទេសចរណ៍ MS Westerdam បានចុះពីនាវានេះ បន្ទាប់ពីនាវានេះបានចុះចតនៅកំពង់ផែព្រះសីហនុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ អ្នក​ដំណើរ​តាម​នាវាទេសចរណ៍ MS Westerdam បានចុះពីនាវានេះ បន្ទាប់ពីនាវានេះបានចុះចតនៅកំពង់ផែព្រះសីហនុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រីរ​ដ្ឋាភិបាល​កម្ពុជា​ថា​កប៉ាល​Westerdam ​ដែល​គេ​បារម្ភ​ថា​ មាន​ដឹក​អ្នកដំណើរ​ដែល​មាន​វីរុស​កូរ៉ូណា​ (កូវីដ១៩) នឹង​ចាកចេញ​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ទៀត។

កប៉ាល​ Westerdam​ របស់​ក្រុមហ៊ុនHolland America Line ដែលបាន​ដឹក​អ្នកដំណើរ​និង​ក្រុម​នាវិក​ចំនួន​ជាង​ ២០០០នាក់​ ត្រូវបាន​កំពង់ផែ​នៅ​ប្រទេស​ចំនួន​ប្រាំ​បដិសេធ​មិនឲ្យ​ចូល​ចត​ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ចត​កាល​ពី​ថ្ងៃទី​១៣ ​ខែ​កុម្ភៈ។

លោក ឃាង​ ភារម្យ​ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​ នៅពេល​នេះ​មាន​នៅ​សល់​តែ​នាវិក​ និង​បុគ្គលិក​នាវា​ទេ​ ដែល​នៅ​ក្នុង​នាវា ​Westerdam ​ហើយ​លោក​បន្ថែម​ថា​ បើ​តាម​ក្រសួង​សុខាភិបាល​គឺ​ពួក​គេ​គ្មាន​វីរុសកូរ៉ូណាទេ​ បន្ទាប់​ពី​ពិនិត្យ​ច្បាស់លាស់​អស់​ហើយ។

លោក​បញ្ជាក់​តាម​សារ​អេឡិច​ត្រូនិច​ថា៖ ​«តាម​ការ​បញ្ជាក់​ពី​កំពង់​ផែ​ស្វយ័ត​ នាវា​នេះ​ត្រូវ​ចេញ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​ ប៉ុន្តែ​ដោយ​សារ​នាវា​នេះ ​ត្រូវ​ចាក់​ប្រេង​រហូត​ដល់​៧០០​តោន ​ដូច្នេះ​ត្រូវ​ចំណាយ​ពេល​យូរ​រហូត​ដល់ថ្ងៃ​ទី​២២​ ខែកុម្ភៈ ឆ្នាំ​២០២០​ ទើប​អាច​ចេញ​ដំណើរ​បាន»។

មក​ទល់​ពេល​នេះ ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ អ្នក​ដំណើរ​ទាំងអស់​ដែល​មាន​ចំនួន​ ១.៤៥៥​ នាក់​បាន​ចាក​ចេញ​ពី​កប៉ាល​អស់​ទៅ​ហើយ​នៅ​សល់​តែ​ បុគ្គលិក​ដែល​ធ្វើការ​នៅ​លើក​ប៉ាល​ចំនួន​ ជាង​៧០០​នាក់​ប៉ុណ្ណោះ។

លោក​ ឃាង​ ភារម្យ ​បាន​ប្រាប់​វីអូអេ​ថា ​ភ្ញៀវ​ទេសចរណ៍​លើ​នាវា​នោះ​ចេញ​អស់​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ដល់​ភ្នំពេញអស់ហើយ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់ចែង​កិច្ចការ​បន្ត។

អាជ្ញាធរ​បាន​យកសំណាក​ពី​មនុស្ស​ជាង​ ១.២០០នាក់​ទៅ​ពិនិត្យ ​ក្រោយ​ពី​មាន​ស្ត្រី​អ្នក​ដំណើរ​ជនជាតិ​អាមេរិកាំង​អាយុ​ ៨៣​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​រកឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា​បន្ទាប់​ពី​ចាកចេញ​ពី​កម្ពុជា​ទៅដល់​ទីក្រុង​គូឡាឡំពួរ។

លោក​ លី ​សូវ៉ាន់ ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​ប្រាប់​វីអូអេ​ថា ការ​ធ្វើ​តេស្ត​លើ​អ្នក​ដំណើរ ​និង​ក្រុម​នាវិក ​និង​បុគ្គលិក។

លោក​បាន​បន្ថែម​ថា៖ «ឥឡូវ​ដូច្នេះ​គាត់​ភាគ​ច្រើន​អត់អី​ទេ​ គាត់​ចង់​មាន​ដំណើរ​ទៅ​ណា​ស្រេច​តែ​គាត់ ​អត់មាន​បញ្ហា​អី​ទេ​ ដោយសារ​គាត់​អត់​មាន​ជំងឺ​អីទេ»។

មន្ត្រី​រដ្ឋាភិបាល​ថា ​អ្នក​សេសសល់​ជាង​ ១.០០០​នាក់​ ​បាន​ធ្វើតេស្ត​ពិនិត្យ​រកវីរុស​ COVID-19 ​ដោយមាន​លទ្ធផល​អវិជ្ជមាន។

លោក​ លី ​សូវ៉ាន់ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា៖ «គិត​ត្រឹម​ព្រឹក​ថ្ងៃ​នេះ៖ យើង​នៅ​តែ​មិនទាន់​រក​ឃើញ​វិជ្ជមាន​លើ​អ្នក​ទេសចរ និង​អ្នក​បម្រើ​កាងារ​លើ​នាវា​ទេសចរណ៍​យក្ស​ Westerdam ​ដែល​យើង​បាន​ធ្វើ​តេស្ត​ឡើងវិញ​ចំនួន​ជាង​ ១.២០០​នាក់​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ»។

លោក​បន្ថែម​ថា៖ «ទន្ទឹមគ្នា​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ក៏​បាន​ធ្វើ​តេស្ត​លើ​ករណី​សង្ស័យ​ ដែល​ជា​...ជនជាតិ​ខ្មែរ​យើង​ ជនជាតិ​បរទេស​ផ្សេង​ទៀត​ ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ចិន​ និង​ប្រទេស​ជិត​ខាង​ផ្សេងទៀត​ រយ​ករណី​ហើយ​ ក៏​មិន​ទាន់​រក​ឃើញ​ករណី​វិជ្ជមាន​នៅ​ឡើយ​ដែរ​ ក្រៅ​តែ​ជនជាតិ​ចិន​ អាយុ​៦០​ឆ្នាំ​ មួយ​ករណី​ដំបូង​ ដែល​គាត់​បាន​ព្យាបាល​ជា​សះស្បើយ»។

មកទល់​ពេល​នេះ​ជំងឺកូវីដ​១៩ ​ដែល​មាន​ប្រភព​ចេញ​ពី​ក្រុង​វូហាន​ខេត្ត​ហ៊ូប៉ី​ បាន​សម្លាប់​មនុស្ស​ជាង​ ២០០០​ នាក់​ហើយ ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​ ៧៦.០០០​នាក់៕

XS
SM
MD
LG