ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​របាយការណ៍៖ ការ​ប្រែប្រួល​អាកាសធាតុអាចបណ្តាលឲ្យអូស្ត្រាលីបាត់បង់ទឹកប្រាប់រាប់ពាន់លានដុល្លារ


រូបឯកសារ៖ ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Red Gully ភាគខាងលិចប្រទេសអូស្ត្រាលី។

ប្រទេស​អូស្ត្រាលី​កំពុង​បរាជ័យ​ក្នុង​ការ​ទប់ទល់​នឹង​ការ​គំរាមកំហែង​ដែល​កំពុង​តែ​កើន​ឡើង​កើត​ចេញ​ពី​អាកាសធាតុ​ខុស​ប្រក្រតី​ហួសហេតុ នៅ​ពេល​កម្តៅ​ផែនដី​ធ្វើ​ឱ្យ​កើន​ហានិភ័យ​នៅ​ក្នុង​តំបន់​ដែល​ពីមុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កន្លែង​មាន​សុវត្ថិភាព នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ។

ប្រទេស​អូស្ត្រាលី​គឺ​ជា​ដែន​ដី​មួយ​ដែល​មាន​ភាព​ស៊ាំ​នឹង​ហេតុការណ៍​ធម្មជាតិ​ខុស​ប្រក្រតី​ហួសហេតុ។ ប្រទេស​នេះ​ស្ថិត​ក្នុង​ទ្វីប​ស្ងួត​ហួតហែង​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​មិន​អាច​រស់​នៅ​បាន។ នៅ​ក្នុង​ទ្វីប​នេះ គ្រោះ​រាំងស្ងួត​អាច​មាន​រយៈពេល​រហូត​ដល់​រាប់​ឆ្នាំ។

ភ្លើង​ឆេះ​ព្រៃ Black Summer នៅ​ក្នុង​ឆ្នាំ ២០១៩-២០២០ គឺ​ជា​ហេតុការណ៍​ដ៏​តានតឹង​បំផុត​មិន​ដែល​ធ្លាប់​មាន​មុន​នៅ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ។ រលក​កម្តៅ​ក៏​ជា​គ្រោះ​ធម្មជាតិ​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

របាយការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​ដោយ​ក្រុមប្រឹក្សា​អាកាសធាតុ​ដែល​ជា​អង្គការ​ឯករាជ្យ​មិន​ស្វែងរក​ប្រាក់​ចំណេញ​បាន​លើក​ឡើង​ថា ការ​ចំណាយ​ក្នុង​ការ​ទប់ទល់​នឹង​អាកាសធាតុ​ខុស​ប្រក្រតី​ហួសហេតុ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ស្ទើរ​តែ​កើន​ឡើង​ទ្វេ​ដង​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ ​មក។

វា​គឺជា​ការ​ព្រមាន​ថា ផលប៉ះពាល់​ផ្នែក​ហរិញ្ញវត្ថុ​ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំងស្ងួត និង​ការ​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​អាច​នឹង​កើន​ឡើង​ខ្លាំង ដែល​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អូស្ត្រាលី​ក្នុង​ទឹក​ប្រាក់​រហូត​ដល់​៧៦ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០៣៨។

លោក Robert Glasser គឺ​ជា​អតីត​អ្នក​តំណាង​ពិសេស​សម្រាប់​ការ​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ។ លោក​និយាយ​ថា អូស្ត្រាលី​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ថ្មីៗ។

លោក Robert Glasser បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «យើង​នឹង​សាងសង់​ផ្លូវ និង​ផ្ទះ​ក្នុង​ចំនួន​ស្មើ​គ្នា​នៅ​ក្នុង​តំបន់​គ្រោះ​ទឹក​ជំនន់ និង​តំបន់​ដែល​មាន​គ្រោះថ្នាក់​ពី​ភ្លើង​ឆេះ​ព្រៃ​ខ្លាំងក្លា ហើយ​នៅ​ពេល​គ្រោះថ្នាក់​ទាំង​នោះ​កើតមាន​ឡើង ការ​បំផ្លិចបំផ្លាញ​គឺ​មាន​ច្រើន​ខ្លាំង​ណាស់។ មូលហេតុ​ទី២ ដែល​មាន​កាន់​តែ​មាន​សារៈសំខាន់ គឺ​ការ​ប្រែប្រួល​អាកាសធាតុ ដោយសារ​តែ​ឥឡូវ​នេះ យើង​កំពុង​មើល​ឃើញ​ថា ទីកន្លែង​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំង​នេះ​កំពុង​មាន​ការ​ផ្លាស់ប្តូរ ភាព​ញឹកញាប់ និង​កម្រិត​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​កំពុង​តែ​កើន​ឡើង​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ។ ដូច្នេះ​អ្នក​បូក​កត្តា​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា ហើយ​យើង​នឹង​ឃើញ​ពី​ការ​ទស្សន៍ទាយ​នៃ​ផល​ប៉ះពាល់​ដែល​កើន​ឡើង»។

ឆ្នាំ ២០២០ ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ និង​បញ្ចប់​ទៅ​វិញ​ជាមួយ​នឹង​គ្រោះ​ទឹក​ជំនន់។ ឆ្នាំ ២០២០ ​ក៏ជា​ឆ្នាំ​ក្តៅ​បំផុត​ទី ៤ ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​បាន​គេ​កត់ត្រា ខណៈ​ដែល​ឆ្នាំ ២០១៩​ គឺជា​ឆ្នាំ​ក្តៅ​បំផុត និង​ស្ងួត​បំផុត​ដែល​ធ្លាប់​ត្រូវ​បាន​គេ​កត់ត្រា​កន្លង​មក។

ទោះ​បី​ជា​កម្រិត​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុង​អូស្ត្រាលី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​ក្តី ក៏​រដ្ឋាភិបាល​នៅ​តែ​ទទូច​ថា គោលនយោបាយ​បរិស្ថាន​របស់​ខ្លួន​ជា​គោលនយោបាយ​ដែល​មាន​ការ​ទទួល​ខុសត្រូវ។ ធ្យូងថ្ម​ផលិត​បាន​អគ្គិសនី​ប្រមាណ​៧០%​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​ក្រុម​អភិរក្ស​និយម​ជឿ​ថា ប្រទេស​ដែល​មាន​ការ​នវានុវត្តន៍ មាន​កម្តៅ​ថ្ងៃ​ល្អ និង​មាន​ខ្យល់​នេះ​គួរ​តែ​មាន​មណ្ឌល​ថាមពល​បៃតង​មួយ។

របាយការណ៍​របស់​ក្រុមប្រឹក្សា​អាកាសធាតុ​បាន​លើក​ឡើង​ថា ប្រសិន​បើ​មិន​មាន​សកម្មភាព​កាន់​តែ​រឹងមាំ​នោះ​ទេ អូស្ត្រាលី​នឹង​មិន​អាច «ធ្វើ​សកម្មភាព​ឱ្យ​ស្រប» ជាមួយ​នឹង​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ជា​អនុសញ្ញា​អន្តរជាតិ​មាន​អានុភាព​ផ្លូវ​ច្បាប់​មួយ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​នោះ​បាន​ទេ។

កាលពី​ខែតុលា​កន្លង​ទៅ ការ​ស៊ើបអង្កេត​ផ្លូវ​ការ​មួយ​លើ​ភ្លើង​ឆេះ​ព្រៃ Black Summer បាន​ព្រមាន​ថា នៅ​ពេល​អនាគត​ អូស្ត្រាលី​អាច​ប្រឈម​មុខ​នឹង «គ្រោះ​មហន្តរាយ​រួម​គ្នា» ពោល​គឺ​ភ្លើង​ឆេះ​ព្រៃ គ្រោះ​ទឹក​ជំនន់ និង​ខ្យល់​ព្យុះ អាច​នឹង​កើត​ឡើង​នៅ​ពេល​ស្រប​គ្នា ឬ​ភ្លាមៗ​បន្ត​បន្ទាប់​ពី​គ្នា៕

XS
SM
MD
LG