ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មួយ​នៅ​អូស្ត្រាលី នឹង​ពិនិត្យ​មើល​តួនាទី​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ


រូប​ឯកសារ៖ ភ្លើង​កំពុង​ឆាបឆេះ​ព្រៃ​នៅ​ក្នុង​ក្រុង Bodalla រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​រដ្ឋ New South Wales នឹង​ពិនិត្យ​មើល​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ការ​ស៊ើបអង្កេត​រយៈពេល​៦ខែ​នឹង​ពិនិត្យ​មើល​លើ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះព្រៃ និង​វិធី​ដែល​រដ្ឋ New South Wales បាន​ត្រៀម​ខ្លួន និង​ឆ្លើយតប​ចំពោះ​វិបត្តិ​នេះ។

ក្រុម​ស៊ើបអង្កេត​នេះ​នឹង​ពិនិត្យ​មើល​លើ​តួនាទី​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​គ្រោះធម្មជាតិ​នេះ ព្រម​ទាំង​ផលប៉ះពាល់​នៃ​គ្រោះ​រាំងស្ងួត​រយៈពេល​យូរ និង​ការខ្វះ​វិធានការ​ត្រៀម​ខ្លួន​ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់​នៅ​ពេល​ដុតព្រៃ​នៅ​ខែត្រជាក់ ដែល​នោះ​ជា​ដំណើរការ​ដែល​ធ្វើឡើង​ដើម្បី​ឲ្យ​ដី​មាន​ជីជាតិ និង​ដើម្បី​រារាំងកុំ​ឱ្យ​មាន​ការ​ឆេះ​ព្រៃ​នៅ​រដូវ​ក្តៅ។

ខណៈ​ដែល​ការ​ឡើង​កម្តៅ​ផែនដី​មិន​មែន​ជា​មូលហេតុ​ផ្ទាល់​ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា អាកាសធាតុ​ដែល​កាន់​តែ​ក្តៅ​និង​ស្ងួត​ទៅៗ​អាច​នឹង​រួម​ចំណែក​ឱ្យ​មាន​ការ​ឆាបឆេះ​កាន់​តែ​ខ្លាំង និង​ញឹកញាប់។

អ្នកស្រី Gladys Berejiklian អភិបាល​រដ្ឋ New South Wales និយាយ​ថា ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​នេះ ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​នៅ​ក្នុង​សប្តាហ៍​ទី១​នៃ​ខែ​កុម្ភៈ​នេះ។

អ្នកស្រី Gladys Berejiklian និយាយ​ថា៖

«យើង​ចង់​ឱ្យ​ដំណើរការ​នេះ​ជា​ដំណើរការ​ពេញលេញ និង​ខ្លាំងក្លា ប៉ុន្តែ​យើង​ក៏​ចង់​ឱ្យ​វា​ជា​រឿង​មាន​ប្រយោជន៍​មួយ ដូច្នេះ​រដ្ឋាភិបាល​អាច​អនុម័ត​យក​អនុសាសន៍​ណា​មួយ​មុន​រដូវ​ក្តៅ​ក្រោយ ដែល​អាច​មាន​ភ្លើង​ឆេះ​ព្រៃ»។

ភ្លើង​ឆេះព្រៃ​នៅ​ក្នុង​រដ្ឋ New South Wales បាន​សម្លាប់​មនុស្ស​២៥នាក់ ចាប់​តាំង​ពី​ខែ​កញ្ញា និង​បាន​បំផ្លាញ​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង។

ការ​ស៊ើបអង្កេត​នេះ ដឹកនាំ​ដោយ​លោក Dave Owens ដែល​ជា​អតីត​ស្នងការ​ប៉ូលិស​ជាន់​ខ្ពស់ និង​អ្នកស្រី​សាស្ត្រាចារ្យ Mary O'Kane ដែល​ជា​អ្នក​វិទ្យាសាស្ត្រ និង​វិស្វករ​មួយ​រូប។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ពេល​ភ្លើង​ឆេះ​ព្រៃ​នៅ​តែ​បន្ត​កើត​មាន មាន​ការ​រិះគន់​ថា ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​វិបត្តិ​នេះ​នៅ​តែ​បន្ត​កើត​មាន។
លោក Scott Morrison នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ត្រូវ​បាន​គេ​ថ្កោលទោស​របៀប​របស់​លោក​ក្នុងការ​ដោះស្រាយ​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ និង​ការ​ផ្តល់​តម្លៃ​តិចតួច​ដល់​តួនាទី​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នេះ។ លោក​មិន​ទាន់​បាន​ប្រកាស​ពី​ការ​ស៊ើបអង្កេត​ថ្នាក់​សហព័ន្ធ​ណា​មួយ​នៅ​ឡើយ​ទេ។

ភ្លើង​ឆេះ​ព្រៃ​នៅ​ចុង​សប្តាហ៍​ទី១​ក្នុង​ខែ​កុម្ភៈ​បន្ត​គំរាមកំហែង​ដល់​រដ្ឋធានី Canberra។ អាជ្ញាធរ​បាន​ប្រកាស​ពី​ភាព​មាន​អាសន្ន​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ២០០៣​មក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG