សំណើឲ្យជួយស៊ើបអង្កេតដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកលោក William Barr ត្រូវបានគេរាយការណ៍កើតមានឡើងមុនបន្តិចនៃដំណើរទស្សនកិច្ចរបស់លោក Morrison មកសហរដ្ឋអាមេរិកកាលពីចុងខែកញ្ញាកន្លងទៅនេះ។
ប្រទេសអូស្រ្តាលីបានឲ្យដឹងថា ខ្លួននឹងប្រើ«ការខិតខំប្រឹងប្រែងរបស់ខ្លួនឲ្យអស់ពីសមត្ថភាព» ដើម្បីសហការជាមួយក្រសួងយុត្តិធម៌អាមេរិកក្នុងការស៊ើបអង្កេតទៅលើរបាយការណ៍របស់លោក Robert Mueller។ ការស៊ើបអង្កេតរបស់លោកទៅលើការចោទប្រកាន់ដែលថា ប្រទេសរុស្ស៊ីបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០១៦ នោះ មួយផ្នែកត្រូវបានជ្រោមជ្រែងដោយអតីតរដ្ឋមន្ដ្រីការបរទេសនិងអ្នកការទូតអូស្រ្តាលី។
លោក Alexander Downer បានរាយការណ៍ថា សមាជិកមួយរូបនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ គឺលោក George Papadopoulos បានដឹងអំពីការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកគឺលោកស្រី Hillay Clinton ដែលជាបេក្ខនារីប្រធានាធិបតីនៅក្នុងការបោះឆ្នោតជាតិសហរដ្ឋអាមេរិកឆ្នាំ ២០១៦។
លោក Alexander Downer បានប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់អូស្រ្តាលីថា លោកគ្មានអ្វីត្រូវថ្លែងបន្ថែមពីលើអ្វីដែលបានរៀបរាប់នៅក្នុងរបាយការណ៍អំពីការសន្ទនា នៅខែឧសភា ឆ្នាំ២០១៦ នោះទេ។
លោក Alexander Downer ថ្លែងថា៖ «ខ្ញុំមិនត្រឹមតែមិនចង់និយាយដដែលៗនោះទេ តែចំពោះរឿងហ្នឹង គឺខ្ញុំគ្មានអ្វីដែលត្រូវនិយាយបន្ថែមទេ។ ខ្ញុំចង់និយាយថា ខ្ញុំបានសន្ទនាជាមួយបុរសម្នាក់នេះ ហើយក៏បន្តកិច្ចសន្ទនានោះទៅឲ្យអ្នកផ្សេង ឬថា មួយផ្នែកនៃកិច្ចសន្ទនានោះបន្តទៅឲ្យពលរដ្ឋអាមេរិកាំង។ ខ្ញុំចង់មានន័យថា ខ្ញុំគ្មានអ្វីថ្លែងបន្ថែមទេ។ ខ្ញុំមិនអាចផ្តល់ព័ត៌មានអ្វីបន្ថែមទៀតដល់អ្នកទេ ហើយខ្ញុំក៏មិនបានដឹងអ្វីបន្ថែមអំពីកិច្ចសន្ទនាដែលលោក Scott Morrison បាននិយាយជាមួយពលរដ្ឋអាមេរិកាំង រួមទាំងលោក ត្រាំ ផងដែរ»។
លោក George Papadopoulos បានបដិសេធថា លោកមិនដែលពិភាក្សារឿងលម្អិតដូចនេះទេ។ លោកបានជាប់ក្នុងពន្ធនាគារមួយរយៈពេលខ្លី កាលពីឆ្នាំមុនក្រោយពីបានកុហកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI អំពីកិច្ចប្រជុំរបស់លោក ជាមួយនឹងអ្នកដែលត្រូវបានចោទប្រកាន់ថា ជាអ្នកនាំសារឲ្យរុស្ស៊ី។
មានសេចក្តីរាយការណ៍ថា មានមន្រ្តីអូស្រ្តាលីមួយចំនួនត្រូវបានរដ្ឋបាលលោក ត្រាំ ស្នើឲ្យស្វែងរកភ័ស្តុតាងដើម្បីបង្ខូចរបាយការណ៍របស់លោក Mueller។
របាយការណ៍របស់លោក Mueller បានធ្វើឲ្យលោកប្រធានាធិបតី ត្រាំ មានការខឹងសម្បា។ លោក ត្រាំ បានចាត់ទុកការស៊ើបអង្កេតទៅលើរឿងជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតនេះ ថាជា «ការធ្វើទុក្ខបុកម្នេញ»។ កាលពីខែឧសភា លោក ត្រាំ បាននិយាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr នឹងពិនិត្យមើលថា តើការស៊ើបអង្កេតរបស់លោក Mueller បានចាប់ផ្តើមដោយរបៀបណា។ ការស៊ើបអង្កេតរបស់ទីភ្នាក់ងារ FBI មិនបានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានឃុបឃិតគ្នាដោយខុសច្បាប់ជាមួយរុស្ស៊ីដើម្បីឲ្យមានឥទ្ធិពលទៅលើការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ នោះទេ។ ក៏ប៉ុន្តែ ទោះបីជាដូច្នេះក៏ដោយ ក៏ទីភ្នាក់ងារ FBI មិនបានបញ្ជាក់ថាលោកប្រធានាធិបតីមានភាពស្អាតស្អំក្នុងរឿងនេះដែរ។
នៅទីក្រុងកង់បេរ៉ា ឥឡូវនេះ អ្នកនយោបាយមកពីគណបក្សប្រឆាំងចង់ដឹងថា តើអូស្រ្តាលីត្រូវបានប្រើប្រាស់ដោយលោកប្រធានាធិបតី ត្រាំ ដើម្បីជាការមិនឲ្យតម្លៃ ដល់ក្រុមអ្នករិះគន់លោក ឬ យ៉ាងណា។
លោកនាយករដ្ឋមន្រ្តី Scott Morrison ជាសម្ព័ន្ធមិត្តអន្តរជាតិជិតស្និទ្ធមួយរូបរបស់លោក ត្រាំ ហើយត្រូវបានផ្តល់កិត្តិយសដោយត្រូវបានអញ្ជើញឲ្យទៅពិសារអាហារពេលល្ងាចនៅឯសេតវិមានកាលពីចុងខែកញ្ញាកន្លងទៅនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់