ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​កិច្ចប្រជុំកំពូល G7 ​លោក​ត្រាំ​មាន​ជម្លោះ​ស្តីពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ​បញ្ហា​អ៊ីរ៉ង់ ​កូរ៉េខាង​ជើង​និង​រុស្ស៊ី


នេះ​ជា​រូបភាព​នៃ​កិច្ចប្រជុំ​កំពូល G7 នៅ​ក្នុង​ក្រុង Biarritz ប្រទេស​បារាំង កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​ទទូច​ថា ​ការ​ពិភាក្សាកំពុង​ដំណើរ​ការ​យ៉ាងល្អ​នៅ​ក្នុង​សន្និសីទ​កំពូល G7 ​នៅ​ក្នុង​ទីក្រុង​ Biarritz ​នៃ​ប្រ​ទេស​បារាំង ​ថ្វីបើ​ទំនង​មាន​ការ​ខ្វែងគំនិត​គ្នា​ជាមួយ​មេដឹកនាំលើ​បញ្ហា​នានា​រួម​ទាំង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ីរ៉ង់ ការគំរាម​កំហែង​ដែល​បណ្តាល​មក​ពី​កូរ៉េ​ខាង​ជើង​ហើយ​និងការ​នាំ​យក​ប្រទេស​រុស្ស៊ីចូល​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ជឿ​នលឿន​បំផុត​វិញ។

​កាល​ពី​ព្រឹកថ្ងៃ​អាទិត្យ​ម្សិលមិញ លោក​ប្រធានាធិបតី​ត្រាំ ​បាន​បង្ហាញ​នូវ​ការ​បន្ទន់​ជំហរ​របស់​លោក​ស្តីពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ជាមួយ​ចិន។

​នៅពេល​ដែល​គេ​សួរ​អំពី​បញ្ហា​នេះ ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ឆ្លើយ​ថា «ខ្ញុំ​បាន​គិត​ឡើង​វិញ​អំពី​បញ្ហា​ទាំង​នេះ»។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​លោក​ស្រី Stephanie Grisham អ្នកនាំ​ពាក្យ​សេតវិមាន​ ​បាន​និយាយ​ថា សេចក្តី​ថ្លែងការណ៍​របស់​លោកប្រធានា​ធិបតី ​បាន​ត្រូវគេ​បក​ស្រាយ​ខុស​យ៉ាង​ខ្លាំង។ លោកស្រី ​បាន​និយាយ​ទៀត​ថា «លោក​ប្រធានាធិបតី​ត្រាំ បាន​ឆ្លើយ​តប​យល់ស្រប​ទៅ​នឹង​សំណួរ​ដែល​បាន​សួរ ដោយ​សារ​តែ​លោក​ប្រធានាធិបតី​ស្តាយក្រោយ​ដែល​មិន​បាន​ដំឡើង​ពន្ធគយបន្ថែម​ទៀត​លើ​ទំនិញ​របស់​ចិន»។

មេដឹកនាំ​របស់​ក្រុម G7 បាន​សម្តែង​នូវ​ការព្រួយ​កង្វល់​អំពី​ការ​រីកកាន់​តែ​ធំ​ឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ​ដោយ​សន្និសីទ​កំពូល​ដែល​រៀប​ចំឡើង​ដោយ​លោក​ម៉ានុយអែល ​ម៉ាក្រុង​ប្រធានាធិបតី​នៃ​ប្រទេស​បារាំង និយាយ​ថា លោក​សង្ឃឹមថា មេដឹកនាំ​ទាំងអស់ នឹង​ដក​ខ្លួន​ចេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។

លោក​ម៉ាក្រុង​ប្រធានា​ធិបតី​នៃ​ប្រទេស​បារាំង ​បាន​និយាយ​ក្នុង​សុន្ទរកថា​ថា «ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ដៃគូ​ទាំងអស់​របស់​យើង​ជឿ​ថា ការ​តានតឹង ​ជា​ពិសេស​ការ​តាន​តឹង​ខាងពាណិជ្ជកម្ម​ជា​ការ​អាក្រក់​សម្រាប់ប្រទេស​ទាំងអស់»៕

XS
SM
MD
LG