កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងធនាគារជាតិនៃប្រទេសអ៊ីរ៉ង់ ដោយបង្កើនគំនាបសង្កត់ខាងសេដ្ឋកិច្ចថែមទៀតលើសាធារណរដ្ឋអ៊ីស្លាម។
លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison នៅក្នុងសេតវិមានថា៖ «ខ្ញុំយល់ថា ការដាក់ទណ្ឌកម្មបានការ។ វិធានការយោធាអាចបានការ ក៏ប៉ុន្តែការណ៍នេះជាទម្រង់ធ្ងន់ធ្ងរណាស់នៃការមានជ័យជំនះ»។
ការដាក់ទណ្ឌកម្មទាំងនេះមានឡើងនៅក្រោយការវាយប្រហារកាលពីដំណាច់សប្តាហ៍មុនលើកន្លែងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកមន្ត្រីស.រ.អា.បាននិយាយថា បានធ្វើឡើងដោយប្រទេសអ៊ីរ៉ង់។ តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលក្រុងតេហេរ៉ងបដិសេធ។
ក៏ប៉ុន្តែលោក ត្រាំ បាននិយាយថា លោកមិនបានគ្រោងធ្វើការឆ្លើយតបខាងយោធាដល់ការវាយប្រហារទាំងនេះទេ។
លោក ត្រាំ បានព្រមានថា៖ «ប្រទេសអ៊ីរ៉ង់ដឹងថា ប្រសិនបើពួកគេគ្មានអាកប្បកិរិយាមិនល្អទេ ពួកគេមានពេលវេលាតិច»។
លោក ត្រាំ បានប្រកាសអំពីការដាក់ទណ្ឌកម្មទាំងនេះនៅពេលដែលរដ្ឋបាលលោកថ្លឹងថ្លែងអំពីជម្រើសស្តីពីប្រទេសអ៊ីរ៉ង់ដោយមានរួមបញ្ចូលសកម្មភាពដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះខ្សោយថែមទៀត, ការបញ្ជូនទាហានថែមទៀតទៅកាន់ភូមិភាគមជ្ឈិមបូព៌ា និងការវាយប្រហារយោធា។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារយោធាដោយស.រ.អា.ឬដោយប្រទេសអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងប្រទេសលោកនឹងបណ្តាលឱ្យមាន«សង្គ្រាមពេញទំហឹងមួយ»៕