សមាជិក ១០ ប្រទេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន កំពុងជំរុញឱ្យរក្សាការស្ងប់ស្ងៀមក្នុងចំណោមប្រទេសរបស់ពួកគេ ដែលធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង ដោយសារតំបន់នេះកំពុងឡើងកំដៅ។
ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅថ្ងៃពុធនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងអាស៊ាននិងអូស្ត្រាលី នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេល ៣ ថ្ងៃនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ កិច្ចប្រជុំកំពូលនោះធ្វើឡើងដើម្បីសាទរខួបលើកទី ៥០ នៃការបង្កើតចំណងទាក់ទងផ្លូវការរបស់អូស្រ្តាលីជាមួយអាស៊ាន។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា អូស្រ្តាលីនិងអាស៊ាន «ទទួលស្គាល់ពីអត្ថប្រយោជន៍នៃការមានសមុទ្រចិនខាងត្បូងជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព» ហើយលើកទឹកចិត្ត «ប្រទេសទាំងអស់ឱ្យបញ្ចៀសសកម្មភាពឯកតោភាគី» ដែលអាចគំរាមកំហែងដល់ក្តីសង្ឃឹមទាំងនោះ»។
ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍នោះមិនបានរួមបញ្ចូលភាសាដែលរិះគន់ចំៗដល់ប្រទេសចិន ចំពោះការប្រឈមតតាំងជាច្រើនលើកជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ឧបទ្ទវហេតុថ្មីមួយបានកើតឡើងកាលពីថ្ងៃអង្គារ នៅជិតកោះ Second Thomas Shoal នៅពេលដែលនាវាឆ្មាំការពារហ្វីលីពីន ២ គ្រឿងបានប្រឈមនឹងនាវាឆ្មាំការពាររបស់ចិន។
រដ្ឋាភិបាលហ្វីលីពីននិយាយថា នាវារបស់ខ្លួនមួយគ្រឿងបានរងការខូចខាតជាទម្ងន់នៅក្នុងការបុកគ្នាជាមួយនាវាចិន នៅពេលដែលនាវាចិនបានធ្វើការរារាំងប្រកបដោយគ្រោះថ្នាក់ ខណៈដែលឆ្មាំការពារសមុទ្រ ៤ នាក់ ដែលស្ថិតនៅលើនាវាហ្វីលីពីនបានរងរបួសនៅពេលដែលនាវាត្រូវបានរងការវាយប្រហារពីកាណុងបាញ់ទឹកមកពីនាវាឆ្មាំការពាររបស់ចិន។
នាវាហ្វីលីពីន ២ គ្រឿងនោះបានអមការពារកប៉ាល់ស៊ីវិល ២ គ្រឿងដែលដឹកគ្រឿងសម្ភារៈនិងកងទ័ពដែលប្តូរវេនគ្នាទៅកាន់នាវាចម្បាំងហ្វីលីពីនមួយគ្រឿង ដែលចតនៅប្រជុំកោះ Second Thomas Shoal ដើម្បីការពារការទាមទារតំបន់ផ្កាថ្មប៉ប្រះទឹកនៃប្រជុំកោះនោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។
វេទិកាបញ្ចេញមតិ