ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ីមានដំណោះស្រាយផ្សេងៗគ្នាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង


រូបឯកសារ៖ បុរសម្នាក់​ដើរ​កាត់​បដាដ៏ធំមួួយ​ដែល​បង្ហាញ​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នាពេលខាងមុខ នៅរដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ បុរសម្នាក់​ដើរ​កាត់​បដាដ៏ធំមួួយ​ដែល​បង្ហាញ​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នាពេលខាងមុខ នៅរដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​របៀប​ដែល​ឥណ្ឌូណេស៊ី​គួរ​ដោះស្រាយ​ជាមួយ​ចិន​ជា​ចំណុច​គន្លឹះ​សំខាន់​ក្នុង​ការ​ជជែក​ដេញដោល​សម្រាប់​បេក្ខជន​ប្រធានាធិបតី​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ថ្នាក់​ជាតិ​កាលពី​ថ្ងៃទី ៧ ខែមករា។ ប្រជាជន​ឥណ្ឌូណេស៊ី​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ ហើយ​ក្នុង​ពេល​ជជែក​ដេញដោល​ចុង​ក្រោយ​នេះ បេក្ខជន​ទាំង ៣ របស់​ប្រទេស​នេះ​ បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​សន្តិសុខ ភូមិសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ។

នៅ​ពេល​និយាយ​អំពី​របៀប​ដែល​ពួកគេ​នឹង​ដោះស្រាយ​ជាមួយ​ប្រទេស​ចិន អ្នក​វិភាគ​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ឥណ្ឌូណេស៊ី​ថា បទពិសោធ​ផ្សេងៗ​គ្នា​របស់​បេក្ខជន​ទាំង ៣ ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទំនង​ជា​មាន​ឥទ្ធិពល​លើ​វិធី​ដែល​ពួកគេ​គិតគូរ​លើ​ទំនាក់ទំនង​ទ្វេភាគី រួម​ទាំង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

លោក Ganjar Pranowo បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជម្នះ​ឧបសគ្គ​ឥណ្ឌូណេស៊ី​ (Indonesian Democratic Party of Struggle) ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ថ្លែង​ថា៖​ «វិធានការ​នានា​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង រួម​មាន​សេចក្តី​ប្រកាស​ស្តី​ពី​ការប្រតិបត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នាំ​ឱ្យ​មាន​ការ​រៀបចំ​ឯកសារ​ក្រម​ប្រតិបត្តិ​មួយ​បាន​បរាជ័យ»។

លោក Ganjar បាន​ស្នើ​ដំណោះស្រាយ​ចំនួន ៣៖ គាំទ្រ​កិច្ចព្រមព្រៀង​បណ្ដោះ​អាសន្ន​ជាមួយ​ប្រទេស​ចិន ពង្រឹង​សមត្ថភាព​កងទ័ព​ជើង​ទឹក និង​ការ​ល្បាត​របស់​ឥណ្ឌូណេស៊ី និង​ចាប់ផ្តើម​ការ​ទាញ​យក​ធនធាន​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ Natuna ខាង​ជើង ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ឥណ្ឌូណេស៊ី និង​វៀតណាម និង​នៅ​ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​ថ្លែង​ថា ឥណ្ឌូណេស៊ី​ចាំបាច់​ត្រូវ​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​អាវុធ​កងទ័ព​ជើង​ទឹក​របស់​ខ្លួន និង​ការ​ផ្គត់ផ្គង់​ឡើង​វិញ​នូវ​នាវា​កងទ័ព​ជើង​ទឹក​ដែល​កំពុង​ល្បាត​ក្នុង​តំបន់។

លោក Ganjar បាន​ថ្លែង​ថា៖ «ការ​កំណត់ [ថវិកា​ការពារ​ជាតិ] ចំនួន​ពី ១% ទៅ ២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ជា​តម្រូវការ​ខ្លាំង​មួយ»។

ស្រដៀង​គ្នា​នេះ​ដែរ បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជា​លើក​ទី៣ លោក Prabowo Subianto អតីត​មេបញ្ជាការ​កងកម្លាំង​ពិសេស និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​បច្ចុប្បន្ន ដែល​បាន​ និង​កំពុង​នាំ​មុខ​ក្នុង​ការ​ស្ទង់មតិ​បោះឆ្នោត​បាន​ថ្លែង​ថា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បង្ហាញ​ពី​តម្រូវការ​សម្រាប់​កម្លាំង​ការពារ​ដ៏​រឹងមាំ យន្តការ​សម្រាប់​ល្បាត និង​ផ្កាយ​រណប​បន្ថែម។

លោក Prabowo បាន​ថ្លែង​ថា៖​ «យើង​យល់​ថា ប្រទេស​យើង​ធំធេង​ណាស់ និង​មាន​ធនធាន​ណាស់។ ​កាលពី​រាប់រយ​ឆ្នាំ​មុន ប្រទេស​នៅ​ឆ្ងាយៗ​មក​ប្រជុំ​កោះ​នេះ​ធ្វើ​អន្តរាគមន៍ និង​បញ្ឆេះ​យើង​ឱ្យ​ឈ្លោះ​គ្នា វាយប្រយុទ្ធ​គ្នា​ដើម្បី​លួច​ទ្រព្យសម្បត្តិ​របស់​យើង​រហូត​ដល់​យើង​បាន​ឯករាជ្យ។ ឥឡូវ​នេះ​យើង​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ធម្មជាតិ​របស់​យើង​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ក្នុង​តម្លៃ​ទាប»។

ទន្ទឹម​នឹង​នេះ បេក្ខជន​ម្នាក់​ទៀត លោក Anies Baswedan អតីត​អភិបាល​ក្រុង​ហ្សាការតា បាន​ថ្លែង​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ត្រូវ​ដើរ​តួនាទី​ធំ​ជាង​នេះ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ រួម​ទាំង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖​ «ជំនួស​ឱ្យ​ការ​ដើរតួ​ជា​ប្រជាជាតិ​តែ​មួយ យើង​គួរ​តែ​ឈរ​ជាមួយ​គ្នា​ជា​អាស៊ាន។ យើង​គួរ​តែ​ដោះស្រាយ​ជាមួយ​ប្រទេស​ផ្សេង​ជា​តំបន់​រួបរួម​មួយ ហើយ​ឥណ្ឌូណេស៊ី​ត្រូវ​តែ​នាំ​ផ្លូវ​សម្រាប់​អាស៊ាន»។

បើ​តាម​លោក Muhammad Zulfikar Rakhmat អ្នក​ស្រាវជ្រាវ​លើ​ការ​សិក្សា​ចិន-ឥណ្ឌូណេស៊ី-មជ្ឈិម​បូព៌ា​នៅ​មជ្ឈមណ្ឌល​សិក្សា​សេដ្ឋកិច្ច និង​ច្បាប់ ក្នុង​ចំណោម​បេក្ខជន​ទាំង ៣ លោក Ganjar ទំនង​ជា​មាន​ភាព​ស៊ីសង្វាក់​គ្នា​ជាមួយ​ប្រទេស​ចិន​ជាង​គេ។

ក្នុង​អំឡុងពេល​កាន់​តំណែង​របស់​លោក​ជា​អភិបាល​ខេត្ត Central Java លោក Ganjar បាន​ទាក់ទាញ​ការ​វិនិយោគ​ទុន​របស់​ចិន​នៅ​ក្នុង​ទីក្រុង​ដូចជា ទីក្រុង Tegal និង​ទីក្រុង Batang ជាដើម។ ប្រទេស​ចិន​បាន​វិនិយោគ​យ៉ាង​ខ្លាំង​ដើម្បី​អភិវឌ្ឍ​តំបន់​ឧស្សាហកម្ម​ចម្រុះ​ Batang ដោយ​មាន​ការ​វិនិយោគ​ក្នុង​តម្លៃ​ ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Zulfikar បាន​ថ្លែង​បន្ថែម​ថា លោក Prabowo ក៏​ទំនង​ជា​នឹង​បន្ត​គោលនយោបាយ​គាំទ្រ​ចិន​នា​ពេល​បច្ចុប្បន្ន​របស់​លោក​ប្រធានាធិបតី Joko Widodo ផង​ដែរ។

លោក Prabowo ជឿជាក់​ថា ការ​ទាមទារ​ដែន​សមុទ្រ​ហួសហេតុ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មិន​ស្រប​នឹង​ច្បាប់​អន្តរជាតិ ហើយ​លោក​ចង់​រក្សា​ឥណ្ឌូណេស៊ី​ជា​ប្រទេស​មិន​ចូល​បក្សសម្ព័ន្ធ ចំ​ពេល​មាន​ការ​ប្រជែង​អំណាច​រវាង​សហរដ្ឋអាមេរិក និង​ចិន​នៅ​ក្នុង​តំបន់។

ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី លោក Prabowo បាន​ជួប​ជាមួយ​សមភាគី​ចិន​ចំនួន​ ៧ លើក​ចាប់ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២៣ និង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ តាមរយៈ​វេទិកា​ឥណ្ឌូណេស៊ី-ចិន ២+២ និង​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​ការពារ​ជាតិ​នៅ​ខែមិថុនា ឆ្នាំ២០២៣។

លោក Wahyu Dhyatmika ដែល​ជា​អ្នក​សារព័ត៌មាន​ជាន់​ខ្ពស់ និង​ជា​ប្រធាន​សមាគម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌូណេស៊ី​បាន​ថ្លែង​ថា ទន្ទឹម​នឹង​នេះ លោក Anies Baswedan ចាប់ពី​ពេល​លោក​ធ្វើ​ជា​អភិបាល​ក្រុង​ហ្សាការតា​មក មាន​ទំនាក់ទំនង​កាន់​តែ​រឹងមាំ​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច​ជាង​ជាមួយ​ប្រទេស​ចិន និង​មាន​ជំនួប​តិចតួច​បំផុត​ជាមួយ​អ្នក​តំណាង​ចិន។

លោក Wahyu បាន​ថ្លែង​ថា ប្រសិនបើ​លោក Anies ជាប់​ឆ្នោត​ជា​ប្រធានាធិបតី គម្រោង​អភិវឌ្ឍន៍​ធំៗ ដូចជា​ផែនការ​ផ្លាស់ប្តូរ​ទីតាំង និង​បង្កើត​រដ្ឋធានី​ថ្មី និង​ផែនការ​ពង្រីក​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ឥណ្ឌូណេស៊ី​នឹង​ត្រូវ​វាយតម្លៃ​ឡើង​វិញ។

លោក​បាន​បន្ត​ថា៖ «គម្រោង​របស់​រដ្ឋាភិបាល​ចិន​នឹង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ពី​ការ​ត្រួតពិនិត្យ​បន្ថែម​ទៀត»។

ខណៈពេល​ដែល​ឥណ្ឌូណេស៊ី​មិន​មែន​ជា​អ្នក​ទាមទារ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន​នៅ​ជុំវិញ​ប្រជុំ​កោះ Natuna ត្រួត​គ្នា​ជាមួយ​នឹង​ការ​ទាមទារ​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ភាព​តានតឹង​ផ្នែក​ការទូត​ទ្វេភាគី​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​ការ​ល្បាត​របស់​កងទ័ព​ជើង​ទឹក​របស់​ចិន​កាន់​តែ​មាន​ភាព​គឃ្លើន និង​បាន​ឈ្លានពាន​ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ឥណ្ឌូណេស៊ី។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ម៉ានីល មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន រដ្ឋមន្ត្រី​ការបរទេស លោក Retno Marsudi បាន​ថ្លែង​កាលពី​ថ្ងៃអង្គារ​ថា ឥណ្ឌូណេស៊ី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ជាមួយ​អាស៊ាន​ដើម្បី​រៀបចំ​ឲ្យ​ចប់​នូវក្រម​ប្រតិបត្តិ​ដែល​បាន​ពន្យារពេល​ជា​យូរ​មក​ហើយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នៅ​ទីនោះ​ប្រទេស​ជិត​ខាង​ជាច្រើន​របស់​ឥណ្ឌូណេស៊ី​មាន​ការ​ទាមទារ​ត្រួត​គ្នា​ជាមួយ​ចិន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG