ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖​ វត្តមាន​នាវា​យោធា​ជើង​ទឹក​ជប៉ុន​នៅ​កម្ពុជា​នឹង​ជួយ​សម្រាល​មន្ទិល​​ពាក់ព័ន្ធ​នឹងការ​តាំង​ទី​​កង​ទ័ព​ចិន​​​​​


ទិដ្ឋភាពនាវាស្វ័យការពារ​ជប៉ុន​ឈ្មោះ​ ​​​​URAGA និង ​HIRADO ​នៅកំពង់ផែរាមនៃ​ដែន​សមុទ្រ​កម្ពុជា ​ក្នុង​ខេត្តព្រះសីហនុ​។

វត្តមាន​នាវាចម្បាំង​ពីរគ្រឿង​របស់​កងទ័ព​ជើង​ទឹក​ជប៉ុន​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ព្រះសីហនុ​និង​ការ​ចូល​ទៅបំពេញ​ទស្សនកិច្ច​របស់​កងទ័ព​ស្វ័យ​ការពារ​ជប៉ុន​នៅ​កំពង់​ផែ​សមុទ្ររាម​នាំ​ឱ្យ​អ្នកវិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា​អាច​ជួយ​សម្រាល​មន្ទិល​សង្ស័យ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ថា តំបន់​កំពង់ផែ​សមុទ្ររាម​អាច​នឹង​ប្រែ​ក្លាយ​ជា​ការតាំង​ទី​នៃ​កងទ័ព​ចិន។

យោង​តាម​សេចក្តីរាយ​ការណ៍​របស់ទី​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​ (AKP) នាវា​ស្វ័យ​ការពារ​ជប៉ុន​ឈ្មោះ ​URAGA និង ​HIRADO ​បាន​ចូល​មក​ដល់​ដែន​សមុទ្រ​កម្ពុជា​ក្នុង​ខេត្តព្រះសីហនុ​ កាល​ពី​ថ្ងៃទី​១៤ ខែមីនា​ ហើយ​បើតាមបើតាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​Twitter របស់ក្រសួង​ការ​ពារ​ប្រទេស​និង​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន មេ​បញ្ជា​ការ​កង​ពល​ធំ​បោស​សម្អាតមីន​ទីមួយ​នៃ​នាវា​ស្វ័យការពារ​ជើងទឹក​ជប៉ុន​លោក ​NOGOCHI Yasushi បាន​ចូល​ជួប​ពិភាក្សា​ជា​មួយ​មេបញ្ជា​ការ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាមកាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

អ្នក​វិភាគ​នយោបាយ​លោក ​សេង សារី​ យល់​ថាទស្សនកិច្ច​របស់​នាវា​កងទ័ព​ជើង​ទឹកជប៉ុនធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ខែ​កុម្ភៈ​ឱ្យមាន​ការ​ធ្វើ​សមយុទ្ធ​យោធា​កម្ពុជា​ជប៉ុន​ដែលមាន​ភាព​ចាំបាច់​សម្រាប់​កិច្ចការ​សង្គ្រោះ​បន្ទាន់​ក្នុង​គ្រា​មាន​គ្រោះ​មហន្តរាយ​និង​ការ​ប្រឆាំង​អំពើ​ភេរវកម្ម។​

ក៏​ប៉ុន្ត​លោក​ថា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​យក​ឱកាស​នេះ​អនុញ្ញាត​ឱ្យ​កងទ័ព​ស្វ័យ​ការ​ពារ​ជប៉ុន​ចូល​ទៅ​តំបន់​កំពង់​ផែ​សមុទ្ររាម ដើម្បី​លាង​ជម្រះ​មន្ទិល​មុនៗ​ថា​ទីតាំង​នោះ​អាច​ក្លាយ​ជា​មូលដ្ឋាន​របស់​កងទ័ព​ចិន។

«អ៊ីចឹង​ដំណើរ​ទស្សនកិច្ច​មួយ​នេះ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​ព្យាយាម​ចង់​បង្ហាញ​ទៅពិភពលោក​ចង់​បង្ហាញ​ទៅ​សហរដ្ឋ​អាមេរិក​ថា​ខ្លួន​មាន​តម្លាភាព​គ្រប់​គ្រាន់​អាច​ឱ្យ​កង​ទ័ព​ស្វ័យ​ការ​ពារ​ជប៉ុន​ចូល​ទៅ​ទស្សន​កិច្ច​ដើម្បី​បង្ហាញ​ថា​គ្មាន​កង​ទ័ព​ចិន​នៅ​ប្រទេស​កម្ពុជាទេ។ ខ្ញុំមើល​របៀប​របប​បែបនេះ​គឺ​ជាការ​ឆ្លាត​វៃ​មួយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បញ្ជាក់​បន្ថែម​នូវ​ភស្តុតាង​បន្ថែម​ទៅ​ទៀត​ដើម្បី​បញ្ជាក់​ទៅ​សហរដ្ឋ​អាមេរិក​ថា​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​កន្លងមក​នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន»។​

ការ​មក​បំពេញ​ទស្សនកិច្ច​នាវា ​URAGA និង ​HIRADO ​ដែល​ជានាវា​បោស​សម្អាត​មីន​ប្រចាំ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​គឺ​ជា​ផ្នែក​មួយនៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​សម្រេច​បាន​«តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និងបើក​ទូលាយ»។​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ក្រសួង​ការពារ​ប្រទេស​និង​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុនចុះ​ថ្ងៃទី​១៤​ខែ​មីនា​ ឆ្នាំ​២០២២​នេះ។

សេចក្តី​ប្រកាស​បាន​លើក​ឡើង​ទៀត​ថា​គោលដៅ​នៃ​ទស្សនកិច្ច​របស់​នាវាទាំង​ពីរ​«គឺ​ជំរុញ​មិត្តភាព​និង​ការ​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា។

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ​ឯម​ សុវណ្ណារ៉ា ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃទី​១៥​ខែមីនា​ថា​ការ​មកដល់​របស់​នាវា​កង​ទ័ព​ជើង​ទឹក​ជប៉ុន​នៅ​កម្ពុជាអាច​បន្ថយ​ភាព​តាន​តឹង​ពាក់​ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ពីភាគី​អាមេរិក​ដែល​ថា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​មាន​បំណង​ឱ្យចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​តំបន់​ភូមិសាស្ត្រ​កំពង់ផែ​រាម។

លោក​និយាយ​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​នាវា​ចម្បាំង​ជប៉ុន​ពីរហ្នឹង​គេ​ហៅ​ថា​ការ​ចង​សម្ពន្ធភាព​រវាង​កម្ពុជា​និង​ជប៉ុន​ដែរ​ទីមួយ​។ ទីពីរ​ក៏វាបាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​កម្ពុជា​ដែរ​នៅ​ពេល​ដែល​នាវា​ចម្បាំង​ជប៉ុន​មក​ទស្សនកិច្ច​នៅ​កំពង់​ផែរាម​ហ្នឹង​ទីមួយ​អាច​កាត់​បន្ថយ​ថា​តំបន់​ហ្នឹង​មិនមែន​ជា​តំបន់ស្វយ័ត​ឬ​ក៏​តំបន់​ដាច់សម្រាប់​កង​ទ័ព​ចិន​ឬកង​ទ័ព​បរទេ​សណាមួយ​ទេ​ដែល​កន្លង​មក​មាន​ការ​លើក​ឡើ​ងពី​សហរដ្ឋ​អាមេរិក​ថាផ្តល់​ទីតាំង​នោះ​ដល់​កង​ទ័ព​ចិន»។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ក៏វា​ជួយ​កាត់​បន្ថយ​ភាព​មិន​ច្បាស់​លាស់​ហ្នឹង កាន់​តែ​ច្បាស់​ដែរ​ព្រោះ​ជប៉ុន​ក៏​ជា​សម្តន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ហើយ​ជា​ សម្ពន្ធមិត្ត ​quad countries [ប្រទេស​សមាជិក​ដៃគូ​សន្ទនា​សន្តិសុខ​ចតុ​ភាគី​] ប្រទេស​បួន​...មាន​អាមេរិក​អូស្ត្រាលី​ និង​ឥណ្ឌា​ថែម​ទៀត​ហ្នឹង​ដែល​ជា​ទិដ្ឋាភាព​មួយ​ដែល​រៀប​ចំ​ដើម្បី​តទល់​ជាមួយ​ចិន​ទៅ​ទៀត»។

ទិដ្ឋភាពនាវាស្វ័យការពារ​ជប៉ុន​ឈ្មោះ​ URAGA និង ​HIRADO ​នៅកំពង់ផែរាមនៃ​ដែន​សមុទ្រ​កម្ពុជា ​ក្នុង​ខេត្តព្រះសីហនុ​។
ទិដ្ឋភាពនាវាស្វ័យការពារ​ជប៉ុន​ឈ្មោះ​ URAGA និង ​HIRADO ​នៅកំពង់ផែរាមនៃ​ដែន​សមុទ្រ​កម្ពុជា ​ក្នុង​ខេត្តព្រះសីហនុ​។

​ក្នុង​ពេល​ទទួល​ស្វាគមន៍​នាវាស្វ័យ​ការពារ​ទឹក​ជប៉ុន​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៥​ខែ​មីនា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នាយ​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​ថ្លែង​ថា​ការ​ចូល​ចត​របស់​នាវា URAGA និង HIRADO ​បាន​បញ្ជាក់​អំពី​សក្ខីភាព​បង្ហាញ​ពីការពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ជើង​ទាំង​ពីរ​កម្ពុជា​ជប៉ុន​កាន់​តែមានភាព​ជិត​ស្និទ្ធ​និង​រីក​ចម្រើន​ថែម​ទៀត​ហើយ​ក៏​ជាផ្នែក​មួយ​នៃ​ការអបអរ​សាទរ​ខួបលើក​ទី​៣០ឆ្នាំដែល​កង​ស្វ័យ​ការពារ​ជប៉ុន​ចេញ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​(AKP)។

អ្នក​ជំនាញ​កិច្ចការ​អន្តរជា​តិ​លោក​ឈាង វណ្ណារិទ្ធមើល​ឃើញ​ពីភាព​វិជ្ជមាន​នៃ​ការ​ចូលមក​ដល់​របស់​នាវា​កង​ទ័ព​ជើង​ទឹកជប៉ុន​នៅកម្ពុជា​ដែល​ការណ៍នេះ​បញ្ជាក់​ថា​កម្ពុជា​មិន​ប្រកាន់ជំហរ​នយោបាយការ​បរទេស​លម្អៀង​ទៅ​រក​ប្រទេស​ជា​មិត្តណាមួយ​ដូច​ការ​ចោទ​ប្រកាន់​កន្លងមកនោះ​ទេ។​

លោក​បាន​ថ្លែង​ថា៖​«ចំពោះ​កម្ពុជា​នេះ​គឺ​ជា ការ​ឆ្លុះ​បញ្ចាំង​ថ្មី​មួយ​ទៀត​ដែល​ថា គោល​នយោបាយ​ការបរទេស និង​គោល​នយោបាយ​ការពារ​ហ្នឹង​គឺ​មាន​លក្ខណៈ​បើកចំហ​ និង​បិរយាបន្ន​បាន​ន័យ​ថា​បើក​ចំហ​ទៅ​បណ្តា​មិត្ត​ទាំង​អស់​របស់​កម្ពុជា។ អ៊ីចឹង​ កំពង់ផែ​រាម​ ជា​ឧទាហរណ៍​មិនមែន​ជា​អ្វី​មួយ​ដែល​ផ្តាច់​មុខ​ទៅ​ឱ្យប្រទេស​ណា​មួយ​ទេ។ អ៊ីចឹង​ប្រទេស​ជប៉ុន​ក្តី បណ្តា​ប្រទេស​មិត្ត​របស់​កម្ពុជា​ក្តី អាច​មក​ធ្វើ​ទស្សនកិច្ច ឬ​ធ្វើ​លំហាត់រួម​នៅ​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា​ហ្នឹង​ពីព្រោះ​ថា កម្ពុជា​ត្រូវ​ការ​ពង្រឹង​នូវ​សមត្ថភាព​សន្តិសុខ​លម្ហ​សមុទ្រ»។

មន្រ្តី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​នៃ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​កញ្ញា​ Stephanie Arzate បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​នាវាចម្បាំង​ជប៉ុន​នៅ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​នា​ពេល​ថ្មីៗនេះ​ប៉ុន្តែ​បាន​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាលអាមេរិក​លើ​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​រាម​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែសម្រួល​ជាខេមរភាសា​ថា៖

«រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​ក្តី​កង្វល់​ជា​យូរ​មក​ហើយ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​តម្លាភាព​ពេញ​លេញ​ពី​គោល​បំណង​ចរិត​លក្ខណៈ​និង​ទំហំ​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​រាម​ឬ​តួនាទី​ដែល​យោធា​ចិន​មាន​ពាក់ព័ន្ធ​នឹង​ការអនុវត្តគម្រោង​អភិវឌ្ឍន៍​នេះ​នោះ​ទេ ដែលការណ៍​នេះ​បង្ក​ការ​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​ទឹក»។

គួរ​រម្លឹក​ឡើងវិញ​ផងដែរ​ថា​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ [Center for Strategic and International Studies (CSIS)] ​របស់​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​អង្កេត​ថ្មីមួយ​ទៀត កាលពី​អំឡុង​ ខែ​មករា​ឆ្នាំ​២០២២​អំពី​សកម្ម​ភាព​នាវា​ជីក​កកាយ​ធំៗ​ចំនួន​២​ដែល​អាច​ធ្វើ​ឱ្យ​ទឹក​មាន​ជម្រៅ​ជ្រៅ​នៅ​បម្រើ​ដល់​ការ​ចូល​សំចត​នាវា​យោធា​ធំៗ​ក្នុង​តំបន់​ភូមិសាស្ត្រ​នៃ​មូលដ្ឋាន​កង​ទ័ព​ជើងទឹក​រាម។

បើតាម​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ប្រតិបត្តិ​ការ​របស់​នាវា​ខាង​លើ​ទំនង​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​យោធា​រវាង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​រដ្ឋា​ភិ​បាល​ទីក្រុង​ប៉េកាំង​របស់​លោក​ប្រធានាធិបតី​ស៊ីជីនពីង ​(Xi Jinping) ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១៩​ហើយ​ត្រូវ​បាន​រាយ​ការណ៍​ដោយ​កាសែត​អាមេរិកាំង​ល្បី​ឈ្មោះ​The Wall Street Journal ​កាលពី​ឆ្នាំ​២០១៩ដូចគ្នា។

យ៉ាង​ណា​ក៏ដោយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ជារឿយៗបានច្រាន​ចោល​ថា​ ទីតាំង​នោះ​នឹង​មិន​អាច​ក្លាយ​ជា​ការ​តាំង​ទី​របស់​កងទ័ព​ចិន​ទេ​ហើយ​ក៏​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​អនុព័ន្ធ​យោធា​ស្ថាន​ទូត​ប្រចាំ​កម្ពុជា​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ចូល​ទៅ​ទស្សនា​ផង​ដែរ៕

XS
SM
MD
LG