ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​លក់​រថក្រោះ​២៥០​គ្រឿង​ឲ្យ​ប៉ូឡូញ


រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ចូល​រួម​ពិធី​ត្រួតពល​មុន​ជួប​ក្រសួងការពារ​ជាតិ នៅ​ទីក្រុង​វ៉ាសូវូ​ ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ ឆ្នាំ​២០២២។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ចូល​រួម​ពិធី​ត្រួតពល​មុន​ជួប​ក្រសួងការពារ​ជាតិ នៅ​ទីក្រុង​វ៉ាសូវូ​ ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ ឆ្នាំ​២០២២។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​លក់​រថក្រោះ​ប្រភេទ M1 Abrams ចំនួន ២៥០ គ្រឿង​ឲ្យ​ប្រទេស​ប៉ូឡូញ សម្រាប់​ពង្រឹង​សន្ដិសុខ​នៅ​ក្នុង​ប្រទេស​នេះ ចំ​ពេល​ដែល​មាន​ការ​កើនឡើង​ភាពតានតឹង​ជាមួយ​នឹង​រុស្ស៊ី ជុំវិញ​បញ្ហា​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin បាន​ថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​ក្នុង​រដ្ឋធានីវ៉ាសូវី​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក និង​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ជូន​ដំណឹង​ដល់​សភា​អំពី​បំណង​នៃ​ការ​លក់​រថក្រោះ​នេះ​ហើយ។ ​

លោក Austin ថ្លែង​ថា៖ «ពេលវេលា​ជាក់លាក់​នៃ​ការ​ដឹកជញ្ជូន​រថក្រោះ​ទាំង​នេះ កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា»។

ប្រទេស​ប៉ូឡូញ​បាន​ប្រកាស​ផែនការ​ទិញ​រថក្រោះ​ពី​សហរដ្ឋ​អាមេរិក​នេះ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃប្រមាណ ៦ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការលក់​រថក្រោះ​នេះ​ចេះ​តែ​ត្រូវបាន​ពន្យារ​ពេល។ ​

លោក Austin បាន​មាន​ប្រសាសន៍​ថា ការទិញ​របស់​ប្រទេស​ប៉ូឡូញ​នេះ​ក៏​នឹង​ជួយ​«ធានា​នូវ​ការ​ចែកចាយ​មួយ​កាន់​តែ​មាន​សមធម៌»​នៃ​ការ​ទទួល​ខុសត្រូវ​ផ្នែក​ការពារ​ក្នុង​ចំណោម​ក្រុម​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់ (NATO) ​ផង​ដែរ»។

លោក Austin បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ប៉ូឡូញ​ដែល​បាន​ទទួល​ទាហាន​សហរដ្ឋ​អាមេរិក​បន្ថែម​ចំនួន ៤.៧០០ នាក់ ដែល​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ឆ្លើយតប ប្រសិន​បើ​រុស្ស៊ី​លុកលុយ​អ៊ុយក្រែន។ មាន​កងកម្លាំង​សហរដ្ឋ​អាមេរិក​ចំនួន​ពី ៩​ពាន់ ទៅ ១​ម៉ឺន​នាក់​ក្នុង​ប្រទេស​ប៉ូឡូញ ចាប់​តាំង​ពីប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បញ្ជា​ឲ្យ​បញ្ជូន​កងកម្លាំង​ទៅ​ឈរ​ជើង​បន្ថែម​ទៀត​កាល​ពី​ដើម​ខែ​នេះ​មក៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG