ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា ការ​ដក​កងទ័ព​របស់​ខ្លួន​ពី​ព្រំដែន​ជាប់​អ៊ុយក្រែន​ត្រូវការ​ពេលវេលា


ទិដ្ឋភាព​បង្ហាញ​ពី​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ក្នុង​អំឡុង​ពេល​សមយុទ្ធ​យោធា «Allied Resolve» ដែល​រៀបចំ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី និង​បេឡារុស្ស នៅ​កន្លែង​ហ្វឹកហ្វឺន Osipovichsky ក្នុងតំបន់ Mogilev ប្រទេស​បេឡារុស្ស ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ការ​ដក​កងទ័ព​រុស្ស៊ី​ដែល​បាន​បញ្ចប់​សមយុទ្ធ​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន​គឺ​ត្រូវការ​ពេលវេលា។ ការ​លើកឡើង​នេះ​បាន​ធ្វើឡើង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា មិន​មាន​សញ្ញា​ជាក់ស្តែង​ណា​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​រុស្ស៊ី​បាន​ដក​កងទ័ព។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​យប់​ថ្ងៃ​ពុធ​ថា ថ្វីបើ រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​ចាប់ផ្តើម​ដក​កង​កម្លាំង​ខ្លះ​ត្រឡប់​ទៅកាន់​មូលដ្ឋាន​វិញ​ក៏ដោយ ក៏​តាម​ការពិត រុស្ស៊ី​បាន​បន្ថែម​កងទ័ព​ជាង ៧.០០០ នាក់​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ុយក្រែន។

មន្ត្រី​ជាន់ខ្ពស់​រូប​នោះ​បាន​បញ្ជាក់​ថា៖ «រុស្ស៊ី​ក៏​បាន​លើកឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ផងដែរ​ថា ពួកគេ​ត្រៀម​ខ្លួន​ប្រឡូក​ផ្នែក​ការទូត នៅពេល​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​ម្តង​ហើយ​ម្តង​ទៀត។ ក៏ប៉ុន្តែ រាល់​សញ្ញា​ដែល​យើង​ឃើញ​នៅ​ពេល​ឥឡូវ​នេះ​គឺ​ថា រុស្ស៊ី​ស្នើ​ជា​សាធារណៈ​ឲ្យ​មាន​ការ​ចរចា និង​អះអាង​អំពី​ការ​កាត់​បន្ថយ​ភាព​តានតឹង ប៉ុន្តែ​ស្រប​ពេល​នោះដែរ​គឺ​កំពុង​រៀបចំ​កងទ័ព​ស្ងាត់ៗ​ដើម្បី​ធ្វើ​សង្គ្រាម»។

រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​គ្មាន​ផែនការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ទេ ហើយ​រុស្ស៊ី​បាន​ស្វះស្វែង​ចង់​ឲ្យ​មាន​ការ​ធានា​ផ្នែក​សន្តិសុខ​ដូចជា​ការ​ចង់​ឲ្យ​អង្គការ​អូតង់ (NATO) ប្ដេជ្ញា​មិន​អនុញ្ញាតិ​ឲ្យ​អ៊ុយក្រែន​និង​ប្រទេស​ផ្សេង​ទៀត​ដែល​ធ្លាប់​ស្ថិត​ក្រោម​សហភាព​សូវៀត​ក្លាយជា​សមាជិក​របស់​អង្គការ​អូតង់​ជាដើម។

សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​ទាមទារ​នេះ​នឹង​មិន​ត្រូវ​បាន​ពិចារណា​នោះឡើយ៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ Reuters។

XS
SM
MD
LG