សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានរឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាឬភូមាចំពោះការសម្លាប់់រង្គាលប្រជាជនរ៉ូហ៊ីងយ៉ាខណៈប្រទេសនេះកំពុងនិយាយការពារខ្លួនប្រឆាំងការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ។
សហរដ្ឋអាមេរិកកាលពីខែកក្កដាបានហាមឃាត់មិនឱ្យលោក Min Aung Hlaing មេបញ្ជាការយោធាភូមាមកស.រ.អា. ប៉ុន្តែការសម្រេចកាលពីថ្ងៃអង្គារនេះជំរុញបន្ថែមដោយបង្កកទ្រព្យសម្បត្តិរបស់លោកនៅអាមេរិក ហើយការផ្ទេរហិរញ្ញវត្ថុរវាងលោកនិងនរណាក៏ដោយនៅសហរដ្ឋអាមេរិកគឺជាបទឧក្រិដ្ឋ។
ក្រសួងហិរញ្ញវត្ថុស.រ.អា.បានដាក់ទណ្ឌកម្មដូចគ្នាទៅលើមេបញ្ជាការជាន់ខ្ពស់ភូមា៣នាក់ផ្សេងទៀតនិងមនុស្ស១៤នាក់ក្នុងប្រទេសដទៃទៀតដែលរួមមានលោកគន់ គីម និងសមាជិកគ្រួសារនិងលោកឧកញ៉ាទ្រី ភាព អំឡុងទិវាសិទ្ធិមនុស្សអន្តរជាតិ។
លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ស.រ.អា.មិនអត់ឱនការធ្វើទារុណកម្ម ការចាប់ជម្រិត អំពើហិង្សាផ្លូវភេទ ឃាតកម្ម អំពើព្រៃផ្សៃលើជនស៊ីវិលស្លូតត្រង់ទេ។ស.រ.អា.ជាមេដឹកនាំប្រឆាំងការរំលោភសិទ្ធិមនុស្សក្នុងពិភពលោក ហើយស.រ.អា.នឹងឲ្យជនល្មើសទទួលខុសត្រូវ៕