ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មានការអំពាវនាវនៅអ.ស.ប. ឲ្យមានការទទួលខុសត្រូវលើអំពើព្រៃផ្សៃរបស់រុស្ស៊ីនៅអ៊ុយក្រែន


រូបឯកសារ៖ បុរស​ម្នាក់​អង្គុយ​នៅ​ក្នុង​ទីធ្លា​ក្បែរ​អគារ​ដែល​រង​ការ​ខូច​ខាត​ក្នុង​អំឡុង​ពេល​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ក្នុង​ក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធម្សិលមិញថា បញ្ជីឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តិដោយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសរបស់លោកស្រីបានកើនឡើងជារៀងរាល់ថ្ងៃ ហើយការដាក់ឱ្យរុស្ស៊ីទទួលខុសត្រូវលើបញ្ហានេះជារឿងដ៏សំខាន់មួយ។

លោកស្រី Emine Dzhaparova បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងជំនួបក្រៅផ្លូវការមួយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ទីក្រុង Mariupol បានក្លាយជាគំនរផេះផង់។ មានជនស៊ីវិលរាប់ពាន់នាក់កំពុងរស់នៅក្នុងការបិទខ្ទប់និងឡោមព័ទ្ធដោយពុំមានទឹក ភ្លើង ទំនាក់ទំនងនិងរបស់របរប្រើប្រាស់ដែលពួកគេត្រូវការជាចាំបាច់នោះឡើយ»។

លោកស្រីបានបន្តទៀតថា រណ្តៅសពនិងសាកសពជនរងគ្រោះដែលត្រូវបានគេកប់ថ្មីៗត្រូវបានរកឃើញជារៀងរាល់ថ្ងៃនៅតាមបណ្តាទីក្រុងមួយចំនួនរបស់អ៊ុយក្រែន ហើយកងទ័ពរុស្ស៊ីជាអ្នកប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល ដូចជាការធ្វើទារុណ្ឌកម្ម ចាប់រំលោភនិងការធ្វើឃាតជាដើម។

លោកស្រីបានបន្ថែមទៀតថា៖ «រុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះបទឧក្រិដ្ឋរបស់ខ្លួនក្នុងនាមជារដ្ឋមួយ ហើយបុគ្គលដែលប្រព្រឹត្តិនូវអំពើទាំងនេះដោយផ្ទាល់នោះក៏ត្រូវទទួលការកាត់ទោសផងដែរ»។

អគ្គរដ្ឋអាជ្ញារអ៊ុយក្រែនលោកស្រី Iryna Venediktova បាននិយាយក្នុងរដ្ឋធានីកៀវថា ការិយាល័យរបស់លោកស្រីបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ចំនួន៨ពាន់ករណីស្តីពីការចោទប្រកាន់ការរំលោភបំពានរបស់រុស្ស៊ី ហើយបញ្ជីនៃការចោទប្រកាន់នឹងមានចំនួនបន្តកើនឡើង។

មានប្រទេសជាច្រើនបានផ្តល់ការគាំទ្រដល់អ៊ុយក្រែនដើម្បីបើកការស៊ើបអង្កេតនិងកត់ត្រាការរំលោភបំពានទាំងឡាយដែលបានកើតមានឡើងនៅក្នុងប្រទេសនេះ។

ទន្ទឹមនឹងនេះដែរនៅក្នុងចំណាត់ការមួយដែលមិនធ្លាប់មានពីមុន មានប្រទេសចំនួនជាង៤០ បានស្នើឱ្យដាក់ស្ថានភាពនៃអំពើព្រៃផ្សៃនេះទៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ផងដែរ។ ប្រធានអគ្គរដ្ឋអាជ្ញានៃតុលាការអន្តរជាតិនេះ គឺលោក Karim Khan បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនចំនួន២ដងរួចមកហើយក្នុងពេលកន្លងទៅនេះ ហើយក៏បានបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់ទីនោះដែលរួមមានអ្នកជំនាញ មេធាវី និងអ្នកសិក្សាស្រាវជ្រាវផងដែរ។

លោក Karim Khan ក៏បានលើកឡើងផងដែរថា លោកបានបញ្ជូនសារទំនាក់ទំនង៣ដងទៅកាន់រុស្ស៊ីរួចហើយក្នុងពេលកន្លងមក ក៏ប៉ុន្តែពុំទាន់ឃើញមានការឆ្លើយតបណាមួយនៅឡើយទេ។ លោកបានជំរុញឲ្យរដ្ឋាភិបាលក្រុងមូស្គូសហការជាមួយការិយាល័យរបស់លោក​ដោយនិយាយថាប្រសិនបើរុស្ស៊ីចង់បង្ហាញថាការចោទប្រកាន់ទាំងនោះមិនមែនជាការពិតនោះ វិធីដែលល្អបំផុតនោះ គឺការត្រួតពិនិត្យមើលរាល់បញ្ហាទាំងនោះ។

លោកបានធានាដល់រដ្ឋជាសមាជិកថា៖ «ការិយល័យរបស់ខ្ញុំនិងរូបខ្ញុំផ្ទាល់ពុំមានរបៀបវារៈ នយោបាយណាមួយក្រៅតែពីការស្វែងរកការពិតតែប៉ុណ្ណោះ»។

ប៉ុន្តែតំណាងប្រទេសរុស្ស៊ីបានទាត់ចោលនូវការលើកឡើងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ​ដោយនិយាយថា ស្ថាប័នតុលាការនេះ បានទទួលរងសម្ពាធខាងនយោបាយ និងការផ្តល់ហិរញ្ញវត្ថុពីប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម៕

XS
SM
MD
LG