ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​ហោច​ណាស់​១៨​នាក់​​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​បាក់​ផ្ទាំង​ទឹក​កក​ដ៏​ធំ​មួយ​ក្នុង​តំបន់​ភ្នំ​ហិមាល័យ​នៅ​ឥណ្ឌា


ក្រុមអ្នកជួយសង្គ្រោះកំពុងជួយសង្គ្រោះមនុស្ស នៅតំបន់ភ្នំហិមាល័យ បន្ទាប់ពីផ្ទាំងទឹកកកដ៏ធំមួយបានធ្លាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមអ្នកជួយសង្គ្រោះកំពុងជួយសង្គ្រោះមនុស្ស នៅតំបន់ភ្នំហិមាល័យ បន្ទាប់ពីផ្ទាំងទឹកកកដ៏ធំមួយបានធ្លាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​អ្នក​ជួយ​សង្គោ្រះ​បន្ទាន់​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ បានជួយ​សង្គ្រោះ​បុគ្គលិករោងចក្រ​អគ្គិសនី​ចំនួន​ ៣៧ ​នាក់​ ដែល​បាន​ជាប់​គាំង​ក្នុង​ផ្លូវ​រូង​ភ្នំ​មួយ​កន្លែង​ បន្ទាប់​ពីផ្ទាំង​ទឹក​កក​ដ៏​ធំ​មួយ​ក្នុង​តំបន់​ភ្នំ​ហិមាល័យ​ នៅ​ប្រទេស​ឥណ្ឌា​ បាន​បាក់​ធ្លាក់​ទៅ​ក្នុង​ទឹក ហើយ​បានបង្ក​ការ​ខូចខាត​ដល់​ទំនប់​ទឹក​មួយ​កន្លែង​ និង​រោងចក្រ​វារី​អគ្គិសនី​យ៉ាង​ហោច​ណាស់ចំនួន​ ២​ កាល​ពី​ព្រឹកព្រហាម​ថ្ងៃ​អាទិត្យ។

អាជ្ញាធរ​ឥណ្ឌា​និយាយ​ថា ​យ៉ាង​ហោច​ណាស់​សាកសព​ជន​រង​គ្រោះ​ចំនួន​ ១៨ ​នាក់ ​ត្រូវ​បាន​គេរក​ឃើញ​ ប៉ុន្តែ​មាន​មនុស្ស​ប្រមាណ​ជាង​ ២០០​ នាក់​ផ្សេង​ទៀត ​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ ហើយ​ត្រូវ​គេ​បារម្ភថា​ បាន​ស្លាប់នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ។​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ ​២ ពាន់​នាក់​ ដែល​រួមមាន​ទាំង​ក្រុម​យោធា​និង​ប៉ូលិស​ផង​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ ដើម្បីស្វែងរក​និង​ជួយ​សង្គ្រោះជន​រងគ្រោះ​ នៅក្នុង​តំបន់​ជ្រលង​ភ្នំ​ហិមាល័យ​នោះ។

ទឹក​ជំនន់​ដែលកើត​ចេញ​ពី​ការបាក់​ធ្លាក់​ផ្ទាំង​ទឹក​កក​ដ៏​ធំ​នេះ​បាន​ធ្វើ​ឲ្យ​ខូចខាត​រោងចក្រ​វារី​អគ្គិសនី​មួយកន្លែង​ នៅលើ​ទន្លេ ​Alaknanda និង​ធ្វើ​ឲ្យ​ខូច​ខាត​រោងចក្រ​វារី​អគ្គិសនី​មួយ​កន្លែង​ទៀត លើទន្លេ Dhauli Ganga ផង​ដែរ។ ទន្លេ​ទាំង​ពីរ​នេះ​ហូរ​ចេញ​ពី​តំបន់ជួរ​ភ្នំ​ហិមាល័យ ហើយ​ហូរ​ប្រសព្វ​គ្នា មុន​នឹង​ហូរ​ចាក់ចុះ​ទៅក្នុង​ទន្លេ Ganges។

ឧបទ្ទវហេតុ​នៃការបាក់​ធ្លាក់​ផ្ទាំង​ទឹក​កក​ដ៏​ធំ​ពីលើ​ភ្នំ​នេះ​បាន​បង្កើត​ឲ្យ​មានបរិមាណ​ទឹក​ធំ​ និង​កម្ទេចកម្ទីជា​ច្រើន​ហូរ​ចុះ​មក​ក្រោម ដោយ​បង្ក​ឲ្យមានទឹក​ជន់ជោរ​ក្នុង​ទន្លេ Dhauli Ganga និង​បង្ខំ​ឲ្យ​មានការជម្លៀសអ្នក​ភូមិ​ ដែល​កំពុង​រស់​នៅ​តាម​ខ្សែទឹក​ខាង​ក្រោម​នៃ​ដង​ទន្លេ​នេះ​ផង​ដែរ។​

វីដេអូ​ដែល​ត្រូវ​បាន​បង្ហាញ​ពី​កន្លែង​កើត​ហេតុ​នោះ​បង្ហាញ​ពីទឹក​ជំនន់​មាន​ពណ៌​ប្រផេះ​ ដែល​កើត​ចេញ​ពី​ផ្ទាំង​ទឹក​កក និង​កម្ទេចកម្ទី​ហូរ​ធ្លាក់ចុះ​តាម​ជ្រលង​ភ្នំ​កាត់​តាម​ទំនប់​ទឹកក្នុង​រដ្ឋ Uttarakhand ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បន្ទោស​ដល់​ការ​ឡើង​កម្ដៅផែន​ដី​ថា​ ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យមាន​ការ​រលាយផ្ទាំង​ទឹក​កក​ដ៏​ធំ​ ហើយ​បាក់​ធ្លាក់ចុះ​មកក្រោម​នោះ៕

XS
SM
MD
LG