ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ច្រើន​លាន​នាក់​រត់​ចោល​ផ្ទះ​សម្បែង​ដោយសារ​ទឹកជំនន់​នៅ​អាស៊ី


រូបភាព​ឯកសារ៖ មនុស្សម្នា​ដើរ​នៅ​លើ​ស្ពាន​ឈើ​មួយ​ កាត់​លូ​ទឹក​ស្អុយ នៅ​ក្នុង​ក្រុង Danapur រដ្ឋ Bihar ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ មនុស្សម្នា​ដើរ​នៅ​លើ​ស្ពាន​ឈើ​មួយ​ កាត់​លូ​ទឹក​ស្អុយ នៅ​ក្នុង​ក្រុង Danapur រដ្ឋ Bihar ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។

មនុស្ស​រាប់​លាន​នាក់​ត្រូវ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ ខណៈ​ទឹកជំនន់​នៅ​តែ​បន្ត​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា និង​កន្លែង​ផ្សេង​ទៀត​នៃ​តំបន់​អាស៊ី​ខាង​ត្បូង។ មន្រ្តី​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ៧៦នាក់​បាន​ស្លាប់។ រដ្ឋាភិបាល​បាន​ឱ្យ​ដឹង​ថា ទឹក​ជំនន់​បាន​បំផ្លិចបំផ្លាញ​តំបន់ Bihar ប្រទេស​ឥណ្ឌា​ដែល​មនុស្ស​១លាន៩សែន​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​លំនៅដ្ឋាន​ចាប់​តាំង​ពី​ទឹកជំនន់​បាន​ចាប់ផ្តើម។

តំបន់ Assam ប្រទេស​ឥណ្ឌា​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ផង​ដែរ​ដោយ​មនុស្ស​ជាង​១លាន៧សែន​នាក់​បាន​ផ្លាស់​ទីលំនៅ។ ប្រមុខ​រដ្ឋ Assam លោក Sarbanda Sonowal បានប្រាប់​អ្នក​យក​ព័ត៌មាន​ថា «ស្ថានភាព​ទឹកជំនន់​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ស្រុក​ចំនួន​៣១​នៃ​ស្រុក​ចំនួន​៣២​រង​ផលប៉ះពាល់»។

ទន្លេ Brahmaputra ដែល​ហូរ​ពី​ភ្នំ Himalayas ឆ្លង​កាត់​ប្រទេស​បង់ក្លាដែស​បាន​ជន់​លិច ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តំបន់​ជុំវិញ​នោះ។ ទឹក​ជំនន់​នៅ​ប្រទេស​នេប៉ាល់​បាន​សម្លាប់​មនុស្ស​៦៤នាក់ ហើយ​ យ៉ាង​ហោច​ណាស់​៣១នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ។ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ប្រជាជន​១៩ម៉ឺន​នាក់​ត្រូវ​ចេញ​ពី​ផ្ទះ​របស់​ពួកគេ។

លើសពី​នេះ​ទៀត ជំរំ​ជន​ភៀស​ខ្លួន Rohinyga នៅ​ប្រទេស​បង់ក្លាដែស​បាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់។ ក្រុម​មន្រ្តី​បាន​និយាយ​ថា ការ​បាក់ដី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១០នាក់​ហើយ​ជនភៀសខ្លួន​១០ម៉ឺន​នាក់​បាន​ផ្លាស់​ទីលំនៅ។ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ប្រជាជន​១ម៉ឺន៨ពាន់​នាក់​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ពី​លំនៅដ្ឋាន ហើយ​ជំរំ​ត្រូវ​បាន​ជន់​លិច​ដោយសារ​ភ្លៀង។

ទឹកជំនន់​បាន​បំផ្លាញ​តំបន់​នេះ​ជារៀងរាល់​ឆ្នាំ​ក្នុង​អំឡុង​រដូវ​វស្សាពី​ខែ​ឧសភា ដល់​ខែតុលា។ កាលពី​ឆ្នាំ​មុន មនុស្ស​ជាង​១២០០នាក់​ស្លាប់​ដោយសារ​ការ​បាក់ដី និង​ព្យុះ៕

XS
SM
MD
LG