ជាមួយរយៈពេលមិនដល់ប្រាំខែទៀតទេ នៅក្នុងសេតវិមាន លោក អូបាម៉ា នឹងធ្វើដំណើរលើកចុងក្រោយក្នុងនាមជាប្រធានាធិបតី បន្ទាប់ពីបានបំពេញការងារពីរអាណត្តិពេញដើម្បីបង្កើនអំណាច និងឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់។
ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងជួបប្រជុំជាមួយមេដឹកនាំពិភពលោកផ្សេងទៀតក្នុងជំនួបកំពូលនៃប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងជាងគេ ហៅកាត់ថា G20 ក្នុងទីក្រុង Hangzhou ប្រទេសចិន និងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា។
ការធ្វើឲ្យគោលនយោបាយការបរទេសមានតុល្យភាពជាថ្មី សំខាន់ណាស់សម្រាប់សន្តិសុខ និងភាពរុងរឿងរបស់សហរដ្ឋអាមេរិកនាពេលអនាគត នេះបើតាមលោក អូបាម៉ា។
មន្ត្រីសេតវិមានបានឲ្យដឹងថា ខណៈពេលបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី លោកប្រធានាធិបតីនឹងលើកឡើងម្ដងហើយម្ដងទៀតពី «ប្រសិទ្ធភាព» នៃការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលចុះហត្ថលេខាដោយប្រទេសចំនួន១២ ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះ គឺជាគ្រឹះសេដ្ឋកិច្ចនៃគោលនយោបាយងាកទៅរកតំបន់អាស៊ី។
លោក Ben Rhodes ទីប្រឹក្សាសន្តិសុខរងរបស់សេតវិមានបាននិយាយថា៖ «កិច្ចព្រមព្រៀង TPP គឺជាការសាកល្បងសម្រាប់ការដឹកនាំរបស់សហរដ្ឋអាមេរិក»។ លោកអះអាងថា បើគ្មានសច្ចាប័ន អាមេរិក «អាចនឹងប្រគល់តំបន់នេះទៅប្រទេសមួយចំនួនដូចជា ប្រទេសចិន ជាប្រទេសដែលមិនបានផ្ដល់នូវគំរូដែលមានស្តង់ដារខ្ពស់ដូចគ្នា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឡើយ»។
ប៉ុន្តែ ថាតើសភាអាមេរិកនឹងអនុម័តកិច្ចព្រមព្រៀងនេះឬយ៉ាងណា វាគឺស្ថិតនៅក្នុងការសង្ស័យនៅឡើយ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលការធ្វើពាណិជ្ជកម្មនេះត្រូវបានគេបន្ទោសថាជាមូលហេតុនៃការបាត់បង់ការងារ។
បេក្ខជនគណបក្សធំទាំងពីរគឺ លោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យសុទ្ធតែបានថ្លែងប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ។
លោក អូបាម៉ា ត្រូវបានគេរំពឹងថា នឹងធ្វើការជំរុញលើកចុងក្រោយសម្រាប់ការផ្ដល់សច្ចាប័ននេះ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខ។
លោក Doughlas Paal អនុប្រធានផ្នែកសិក្សាស្រាវជ្រាវប្រចាំអង្គការ ទាយជ្ជទាន Carnegie សម្រាប់សន្តិភាពអន្តរជាតិបាននិយាយថា៖ «ឱកាសនៃការសម្រេចកិច្ចព្រមព្រៀងនេះកាន់តែតូចទៅៗ។ ប្រសិនបើគ្មានសច្ចាប័ន ការធ្វើឲ្យមានតុល្យភាពសាជាថ្មីនៅតំបន់អាស៊ីហាក់ដូចជាមានចន្លោះប្រហោង»។
លើសពីនេះ លោក អូបាម៉ា នឹងប្រឈមមុខនឹងបញ្ហាធំជាច្រើននៅក្នុងជំនួបកំពូលនៃប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងជាងគេ ហៅកាត់ថា G២០។ មេដឹកនាំកំពូលប្រចាំប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុត ក្នុងពិភពលោកចំនួន២០ ត្រូវបានគេរំពឹងថានឹងជជែកពិភាក្សាអំពីមធ្យោបាយល្អបំផុតក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ និងរួមគ្នាទប់ស្កាត់ការផ្លាស់ប្ដូរអាកាសធាតុ។
ក្នុងនោះក៏មានកិច្ចប្រជុំសំខាន់មួយរវាងលោក អូបាម៉ា និងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីតួកគី លោក Recep Tayyip Ergodan ។
លោក អូបាម៉ា ក៏ទំនងជាជជែកក្រៅផ្លូវការជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin ផងដែរ។
កិច្ចចរចារវាងអាមេរិក និងចិន នឹងជជែកពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ការអនុវត្តសេដ្ឋកិច្ច និងសកម្មភាពឈ្លានពាននៅដែនសមុទ្រចិនខាងត្បូង ជាទីតាំងដែលត្រូវបានគេអះអាងថាជាទឹកដីបង្កជម្លោះ និងបង្កើនភាពតានតឹងជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Paal និយាយថា៖ «ការផ្លាស់ប្ដូរមេដឹកនាំនៅឆ្នាំក្រោយគឺជាការសំខាន់ ដើម្បីធ្វើឲ្យមានស្ថិរភាពរវាងទំនាក់ទំនងសហរដ្ឋអាមេរិកនិងចិន ខណៈដែលប្រទេសទាំងពីរនេះឆ្លងកាត់ការផ្លាស់ប្ដូរផ្នែកនយោបាយជាបន្តបន្ទាប់»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា អ្វីដែលសំខាន់សម្រាប់លោកអូបាម៉ា ក្នុងកិច្ចប្រជុំជាមួយលោក Xi Jinping គឺការគូសបន្ទាត់ក្រហមមួយចំនួន សំដៅទៅលើអ្វីដែលយើងមិនអាចអត់ធ្មត់បាន»។
មន្ត្រីសេតវិមានបាននិយាយថា កិច្ចប្រជុំបែបនេះគឺជាកិច្ចប្រជុំចុងក្រោយរវាងលោក អូបាម៉ា និង លោក Xi។
លោក Rhodes ថា៖ «មេដឹកនាំទាំងពីរនឹងពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងព្យាយាមរកវិធីធ្វើឲ្យប្រសើរឡើង»។
លោក អូបាម៉ា និង លោក Erdogan នឹងជជែកអំពីការបង្ក្រាបរបស់តួកគីចាប់តាំងពីការបរាជ័យក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ដែលលោកប្រធានាធិបតីតួកគី បានបន្ទោសលើសហរដ្ឋអាមេរិក។ លើសពីនេះមេដឹកនាំទាំងពីរក៏នឹងជជែកគ្នាអំពីការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម អស្ថិរភាពក្នុងប្រទេសស៊ីរី និង វិបត្តិជនភៀសខ្លួន។
ការពិភាក្សារវាងលោកអូបាម៉ា និង លោក Putin ត្រូវបានគេរំពឹងថានឹងផ្ដោតលើជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងតួនាទីរបស់រដ្ឋាភិបាលទីក្រុងមូស្គូ នៅប្រទេសស៊ីរី។
សហរដ្ឋអាមេរិកបានជំរុញរុស្ស៊ីឲ្យបញ្ចុះបញ្ចូលលោកប្រធានាធិបតីស៊ីរី Bashar al-Assad ឲ្យគោរពតាមកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាម និងអនុញ្ញាតឲ្យមានការនាំជំនួយចូល។
លោក អូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ នៅពេលដែលគាត់ធ្វើដំណើរទៅទីក្រុងវៀងច័ន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតនៅថ្ងៃទី០៥ ខែកញ្ញា។ លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំរបស់ឡាវដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីកសាងទំនាក់ទំនងជាមួយប្រជាជន និងដើម្បីអភិវឌ្ឍពាណិជ្ជកម្មនិងការវិនិយោគបន្ថែមទៀត។
បន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំសហរដ្ឋអាមេរិកនឹងថ្លែងសុន្ទរកថាមួយស្ដីពីគោលនយោបាយនៅតំបន់អាស៊ី និងចក្ខុវិស័យរបស់អាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Rhodes និយាយថា៖ «ខ្ញុំគិតថាគាត់នឹងនិយាយការពិត ដែលថា យើងបានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងខាងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូតក្នុងតំបន់ សន្តិសុខនៅក្នុងភាពជាដៃគូដែលយើងកំពុងកសាង ទាំងជាមួយសម្ព័ន្ធមិត្ត និងជាមួយដៃគូដែលកំពុងគិតគូលើបញ្ហាប្រឈមដូចជា សន្តិសុខដែនសមុទ្រ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ»។
លោក អូបាម៉ា ក៏នឹងជំរុញម្ដងទៀតឲ្យមានការផ្ដល់សច្ចាប័នរបស់សហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ក្នុងពេលថ្លែងសន្ទរកថាផងដែរ។
លោក អូបាម៉ា គ្រោងនឹងជួបជាមួយប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte ដើម្បីពិភាក្សាអំពីសេចក្ដីសម្រេចរបស់តុលាការ អន្តរជាតិ នៅទីក្រុងឡាអេ ប្រឆាំងនឹងការទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង។
លោកប្រធានាធិបតី អូបាម៉ា ព្យាយាមធានាចំពោះប្រទេសនៅអាស៊ីអាគ្នេយ៍អំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឲ្យមានតុល្យភាពសាជាថ្មីនៅតំបន់អាស៊ី។
ប៉ុន្តែការរីកចម្រើនលើសន្តិសុខ និងផ្នែកការទូត គឺមិនគ្រប់គ្រាន់ទេ នេះបើតាមសម្ដីលោក Matthew Goodman ជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់សេដ្ឋកិច្ចអាស៊ី ប្រចាំមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ។ លោកនិយាយថា អនាគតនៃការធ្វើតុល្យភាពសាជាថ្មី និងកេរដំណែលរបស់លោក អូបាម៉ា ពឹងផ្អែកលើកិច្ចព្រមព្រៀង TTP។
លោក Goodman និយាយថា៖ « ប្រសិនបើកិច្ចព្រមព្រៀងមិនទទួលសច្ចាប័ន ខ្ញុំគិតថា កេរដំណែលរបស់លោក អូបាម៉ា នៅក្នុងតំបន់អាស៊ី នឹងត្រូវបានគេមើលឃើញថាមានភាពលាយចម្រុះគ្នា»៕
រាយការណ៏ដោយ សឿន វឌ្ឍនា