ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Obama យល់ព្រម​ផ្ដល់​ជំនួយ​យោធា​ទ្រង់ទ្រាយ​ធំ​ដល់​ប្រទេស​កូស្តារីកា


ប្រធានាធិបតី សហរដ្ឋអាមេរិក​លោក​ បារ៉ាក់​ អូបាម៉ា​​ (កណ្តាល) ជា​មួយ​នឹង​​ប្រធានាធិបតី​អ៊ុយរូហ្គាយ​លោក Tabare Vazquez​ (ឆ្វេង) និង ប្រធានាធិបតី​ប្រទេស​កូស្តារីកា លោក Luis Guillermo Solis Rivera អំឡុង​កិច្ច​ប្រជុំ​តុមូលជា​មួយ​នឹង​មេដឹក​នាំ Civil Society​ ក្នុង​ទីក្រុង​ Panama កាល​ពី ថ្ងៃ​ទី​១០​ សីហា ​២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama បាន​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​កូស្តារីកា Luis Guillermo Solis នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​សម្រេច​ចុងក្រោយ​លើ​កិច្ច​ព្រៀមព្រៀង​ផ្ដល់​ជំនួយ​យោធា​ក្នុង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​ប្រទេស​កូស្តារីកា ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​ទ្វីប​អាមេរិក​កណ្ដាល។

នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​រៀបចំ​ទុក និង​ការ​ជួញដូរ​មនុស្ស លោក Obama ដែល​មាន​ការ​ចូលរួម​ពី​លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden ផង​ដែរ បាន​យល់ព្រម​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​យោធា​ក្នុង​ទឹក​ប្រាក់​ប្រហែល ៣០ លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ប្រទេស​កូស្តារីកា។ ជំនួយ​ទាំង​នោះ​មាន​ដូចជា យន្តហោះ​ដឹក​ទំនិញ​ពីរ​គ្រឿង នាវា​ល្បាត​តាម​សមុទ្រ​ធំៗ​ពីរ​គ្រឿង នាវា​ល្បឿន​លឿន​តូចៗ​ពីរ​គ្រឿង ឧបករណ៍​តាមដាន​ពី​លើ​អាកាស និង​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ជួយ​កំណត់​អត្តសញ្ញាណ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ សហរដ្ឋ​អាមេរិក​ក៏​យល់ព្រម​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​ផ្សេងៗ​សម្រាប់​សកម្មភាព​ពង្រឹង​ច្បាប់ ដែល​ក្នុង​នោះ​មាន​ដូចជា​រថពាសដែក ៣ គ្រឿង ការ​កសាង​កន្លែង​ហាត់​សម​បាញ់​កាំភ្លើង​ឲ្យ​ដូច​កន្លែង​ពិតៗ និង​ឧបករណ៍​ទំនាក់ទំនង​សម្រាប់​សន្តិសុខ​យាម​ល្បាត​ប្រចាំ​ឧទ្យាន​ជាតិ Corcovado ជា​ដើម។

បន្ថែម​ទៅ​លើ​សម្ភារៈ​អស់​ទាំង​នេះ សហរដ្ឋ​អាមេរិក​ក៏​នឹង​ផ្ដល់​ឲ្យ​ប្រទេស​កូស្តារីកា​ផង​ដែរ នូវ​ការ​បណ្ដុះបណ្ដាល​សន្តិសុខ​ល្បាត​តាម​ឆ្នេរ​សមុទ្រ​ទ្រង់ទ្រាយ​ធំ និង​កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​ការ​ជួសជុល​នាវា​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ឲ្យ។

លោក Solis បាន​ហៅ​ការ​ផ្ដល់​ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ថា​ជា «ជំនួយ​ដ៏​ធំ​បំផុត​ដែល​ផ្ដល់​ឲ្យ​ប្រទេស​កូស្តារីកា​នៅ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​នេះ‍» និង​បាន​លើក​សរសើរ​ថា នេះ​ជា​សញ្ញា​នៃ​ឆន្ទៈ​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG