ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដា​មេដឹកនាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជំរុញ​ឲ្យ​មាន​ពាណិជ្ជកម្ម​សេរី​នៅ​ក្រោយ​អាណត្តិ​លោក Trump


ពលរដ្ឋ​មើល​អេក្រង់​ដែល​បង្ហាញ​ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ពេល​ថ្លែង​សុន្ទរកថាតាមអនឡាញ នៅ​ក្នុង​វេទិកា​មួយ​របស់ APEC ដែល​ធ្វើឡើង​នៅ​ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ពលរដ្ឋ​មើល​អេក្រង់​ដែល​បង្ហាញ​ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ពេល​ថ្លែង​សុន្ទរកថាតាមអនឡាញ នៅ​ក្នុង​វេទិកា​មួយ​របស់ APEC ដែល​ធ្វើឡើង​នៅ​ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

មេដឹកនាំ​នានា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ឲ្យ​មាន​ពាណិជ្ជកម្ម​បើក​ចំហ​និង​ពហុ​ភាគី ​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​សាកលលោក​ដែល​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ មេដឹកនាំ​ខ្លះ​ក្នុង​ចំណោម​នោះ​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​បន្ថែម​ទៀត​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋបាល​របស់​លោក Joe Biden។

ប្រធានាធិបតី​ចិន​លោក Xi Jinping ស្ថិត​នៅ​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​នោះ​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​នៃ​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ដែល​មាន​ប្រទេស​ចំនួន ២១ ជា​សមាជិក។

លោក Xi Jinping បាន​ច្រានចោល​នូវ​ទស្សនៈ​ដែល​គាំពារ​តែ​ទំនិញ​ក្នុង​ប្រទេស និង​បាន​និយាយ​ថា សាកលភាវូបនីយកម្ម​គឺ «មិន​អាច​ប្រែ​ក្រឡាស់» បាន​ឡើយ។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពេល​មួយ​ថ្ងៃ មុន​ពេល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវ​គេ​រំពឹង​ថា ​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ។

លោក Xi Jinping បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​មួយ​របស់ APEC មុន​កិច្ច​ប្រជុំ APEC ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​អនឡាញ​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ថា៖ «យើង​នឹង​មិន​ធ្វើ​បញ្ច្រាស​ឬ​ប្រឆាំង​នឹង​និន្នាការ​ប្រវត្តិសាស្ត្រ​ដោយ​ការ​បង្កើត​ក្រុម​តូច​មួយ​ ហើយ​ទុក​ប្រទេស​ផ្សេង​ទៀត​ចោល​នោះ​ទេ»។

លោក Xi Jinping បាន​បន្ថែម​ទៀត​ថា៖ «ចិន​នឹង​នៅតែ​តាំងចិត្ត​ចំពោះ​ការ​បើក​ចំហ​និង​កិច្ច​សហ​ប្រតិបត្តិការ ហើយ​នឹង​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​ពហុនិយម និង​គោលការណ៍​នៃ​ការ​ពិគ្រោះ​យោបល់​ដ៏​ទូលំទូលាយ ការ​ធ្វើ​វិភាគទាន​រួម​គ្នា និង​ការ​ចែក​រំលែក​ផល​ប្រយោជន៍»។

លោក​ប្រធានាធិបតី Trump បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ពាណិជ្ជកម្ម​ការពារ​ទំនិញ​ក្នុង​ប្រទេស ចាប់តាំងពី​បាន​ចូល​កាន់​តំណែង​នៅ​ដើម​ឆ្នាំ ២០១៧ មក។ គោលការណ៍​ទាំង​នោះ​រួម​មាន​ផង​ដែរ​នូវ​ការ​យក​ពន្ធ​គយ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​ចិន ដែល​បាន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​ទាំង ២ នេះ​នៅ​លើ​ពិភពលោក៕

XS
SM
MD
LG