មន្ត្រីសេតវិមានមានការភ្ញាក់ផ្អើលនឹងសេចក្តីប្រកាសរបស់ប្រទេសឈីលីថា ខ្លួនលុបចោលសន្និសីទកំពូលពីរ ដោយមានរួមបញ្ចូលសន្និសីទមួយដែលលោកប្រធានាធិបតី Donald Trump មានកំណត់ចូលរួមនៅខែក្រោយដែលនៅទីនោះលោកគ្រោងជួបជាមួយប្រធានាធិបតីចិន Xi Jinping និងមេដឹកនាំឯទៀតៗ។
ប្រធានាធិបតី Sebastian Pinera នៃប្រទេសឈីលីបានប្រកាសកាលពីថ្ងៃពុធថាដោយសារមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលតទៅទៀតនៅក្នុងក្រុង Santiago ប្រទេសលោកនឹងមិនធ្វើជាម្ចាស់ផ្ទះចាត់ចែងសន្និសីទកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ទេនៅពាក់កណ្តាលខែវិច្ឆិកានិងសន្និសីទកំពូលខាងធាតុអាកាស COP25 នៅដើមខែធ្នូទេ។
លោក Pinera បាននិយាយប្រាប់ពួកអ្នកកាសែតថា «នេះជាសេចក្តីសម្រេចដ៏ពិបាកមួយដែលផ្អែកលើគោលការណ៍ប្រកបដោយគតិបណ្ឌិតនៃសុភនិច្ឆ័យ»។
លោក Pinera បានថ្លែងបន្ថែមថាក្នុងឋានៈជាប្រធានាធិបតី លោក «ត្រូវតែទុកក្រុមជនរួមជាតិរបស់លោកនៅលើអ្វីៗទាំងអស់»។
លោក Pinera បានពន្យល់ថា កង្វល់ចម្បងរបស់លោក គឺធ្វើឱ្យមានជាថ្មីឡើងវិញនូវរបៀបរៀបរយសាធារណៈ សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនិងសន្តិភាពសង្គមដោយជំរុញរបៀបវារៈសង្គមដើម្បីឆ្លើយតបនឹងការទាមទារធំៗរបស់ប្រជាពលរដ្ឋយើង។
មន្ត្រីសេតវិមានខ្លះបានដឹងអំពីការលុបចោលសន្និសីទកំពូលទាំងនេះតាមរយៈ tweets របស់ពួកអ្នកកាសែត។គេមិនបានដឹងទេថាតើលោក Pinera បានប្រាប់ឱ្យលោក Trump ដឹងឬទេនៅមុនពេលលោកនិយាយទៅកាន់ពួកអ្នកសារព័ត៌មាន៕