ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បរាជ័យ​នៃ​កិច្ចប្រជុំ APEC បង្ហាញ​ពី​ការ​បែកបាក់​គ្នា​កាន់​តែ​ខ្លាំង​លើ​បញ្ហា​ពាណិជ្ជកម្ម


មេដឹកនាំ​នានា​ថតរូប​នៅ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC នៅ​ក្នុង​ក្រុង Port Moresby ប្រទេស Papua New Guinea កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
មេដឹកនាំ​នានា​ថតរូប​នៅ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC នៅ​ក្នុង​ក្រុង Port Moresby ប្រទេស Papua New Guinea កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រទេសចិន បម្រុង​ផ្សព្វផ្សាយ​អំពីកំណែទម្រង់​របស់​ខ្លួន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផងដែរ ប្រទេស​ចិន ក៏​ចង់​បាន​អត្ថប្រយោជន៍ តាមរយៈ​ការបន្ត​ឋានៈ​របស់​ខ្លួន ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

អ្នក​វិភាគ​និយាយ​ថា សង្គ្រាម​វោហារសាស្ត្រ​រវាង​លោក​អនុប្រធានាធិបតី​អាមេរិកMike Pence និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ក្នុង​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ​ APEC នៅ​ក្នុង​ឆ្នាំ​នេះ និង​ការបរាជ័យ​របស់​អង្គការ​ថ្នាក់​តំបន់​មួយ​នេះ​ក្នុង​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម​ ជា​សញ្ញា​នៃ​ការ​បែកបាក់​គ្នា​ខ្លាំង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិនមែន​ត្រឹម​តែ​លើ​បញ្ហា​ពាណិជ្ជកម្ម នោះ​ទេ។

វា​ក៏​ជា​ការ​ក្រើន​រំឭក​ពី​វិបត្តិ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកអំពី​កំណែ​ទម្រង់ និង​ការ​ជជែក​ដេញដោល​គ្នា​អំពី​ឋានៈ​ប្រទេស​ចិន​នៅ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​ផងដែរ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​ឲ្យ​កិច្ចប្រជុំ APEC នា​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​ប្រទេស Papua New Guinea បរាជ័យ​នោះ​ទេ ហើយ​បាន​ដាក់​កំហុស​នេះ​លើ​អ្វី​ដែល​ខ្លួន​និយាយ​ថា ជា​ការ​ខឹងសម្បា​របស់​លោក Mike Pence នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​និយាយ​ថា វា​ជា​បំណង​របស់​ចិន​ក្នុង​ការ​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ ដែល​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ចេញ​មិន​បាន។

មូលហេតុ គឺ​បណ្តាល​មក​ពី​ពាក្យពេចន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ទាក់ទង​នឹង​ការ​អនុវត្ត​ផ្នែក​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​គ្នា។ វា​ជា​ពាក្យ​ពេចន៍​ដែល​ថ្នាក់​ដឹកនាំ​ចិន​យល់​ថា វា​មិន​ចាំបាច់​ផ្តោត​តែ​ទៅ​លើ​ប្រទេស​ចិន​នោះ​ទេ។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​មហាអំណាច​

លោក David Kelly នាយក​ផ្នែក​ស្រាវជ្រាវ​នៅ​អង្គការ​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​មាន​ឈ្មោះ​ថា China Policy បាន​និយាយ​ថា កិច្ចប្រជុំ​នេះ​ជា​ការប៉ះទង្គិច​គ្នា​រវាង​មហា​អំណាច​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​ចិន។

លោក Kelly បាន​និយាយ​ថា៖

«បើ​តាម​អ្នក​តាមដាន​ស្ថានការណ៍​ភាគច្រើន​មើលឃើញ​ថា របៀប​នៃ​កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ក្នុង​ក្រុង Port Moresby មិន​មែន​ជា​អ្វី​ដែល​ចិន​រំពឹង​ទុក​នោះ​ទេ។ ចិន​មិន​រំពឹង​ថា នឹង​មាន​ការ​ប្រឆាំង​ដែល​ខ្លួន​បាន​ទទួល​នោះ​ទេ»។

សេដ្ឋកិច្ច​របស់​ក្រុម​ប្រទេស APEC រួម​បញ្ចូល​គ្នា ស្មើ​នឹង​៦០%​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល ហើយ​ក្នុង​កិច្ចប្រជុំ​ឆ្នាំ​នេះ សមាជិក​សង្ឃឹម​ថា នឹង​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​កំណត់​ពី​វិធាន​ពាណិជ្ជកម្ម និង​សម្រេច​ថា អ្នក​ណា​ទទួល​ទណ្ឌកម្ម​នៅ​ពេល​មាន​ការ​រំលោភបំពាន​កើត​ឡើង។​

កំណែ​ទម្រង់​នេះ​មិន​បាន​ត្រូវ​ធ្វើ​ឡើង​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ​ទំនង​នឹង​បន្ត​ជា​បញ្ហា​រសើប និង​ចំណុច​ស្នូល​នៅ​ក្នុង​កិច្ចប្រជុំ​ G-20 នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន នៅ​ចុង​ខែ​នេះ។

វិបត្តិ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ អង្គ​ចៅក្រម​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ជម្លោះ​រវាង​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​មិន​មាន​សមាជិក​គ្រប់គ្រាន់​ដើម្បី​បន្ត​ដំណើរការ​ទៀត​នោះ​ទេ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រារាំង​ការ​តែងតាំង​ចៅក្រម​ថ្មីៗ ចាប់​តាំង​ពី​ខែសីហា​ ឆ្នាំ​មុន​ ដោយ​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​ដែល​អង្គ​ចៅក្រម​មួយ​នេះ បាន​ធ្វើ​ហួស​នូវ​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​យល់​ថា អង្គ​ចៅក្រម​មួយ​នេះ មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់ នៅ​ពេល​ដោះស្រាយ​ជាមួយ​នឹង​ការបំពាន​របស់​ប្រទេស​ចិន។​

លោក Scott Kennedy ដែល​អនុប្រធាន​គម្រោង​ការសិក្សា​អំពី​ប្រទេស​ចិន Freeman Chair in China Studies នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ បាន​និយាយ​ថា៖

«អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ច្បាស់​ណាស់​កំពុង​ជួប​វិបត្តិ​អត្តសញ្ញាណ​របស់​ខ្លួន និង​សមត្ថភាព​ដ៏​សាមញ្ញ​មួយ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ ដែល​វិបត្តិ​នេះ​នឹង​បន្ត​កាន់​តែ​ធ្ងន់ធ្ងរ រហូត​ទាល់តែ​សហរដ្ឋ​អាមេរិក ចិន និង​សមាជិក​ដទៃ​ទៀត​មាន​ការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​លើ​របៀប​ដោះស្រាយ​ជម្លោះ​ នៅ​អង្គការ​មួយ​នេះ»។​

នៅ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ ប្រទេស​ជាច្រើន​បាន​ចាប់​ផ្តើម​ដាក់​សំណើ​ឲ្យ​មាន​ការធ្វើ​កំណែ​ទម្រង់​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន​បាន​យល់ព្រម​នឹង​គ្នា​ថា នឹង​ធ្វើ​ការ​ជាមួយ​គ្នា។ ប្រទេស​ទាំង​នេះ កំពុង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​ឧបត្ថម្ភធន​ទៅ​លើ​សហគ្រាស​ដែល​គាំទ្រ​ដោយ​រដ្ឋ ការ​ផលិត​ហួស​កម្រិត និង​គោលនយោបាយ​ដែល​បង្ខំ​វិនិយោគិន​បរទេស​ផ្ទេរ​បច្ចេកវិទ្យា​របស់​ពួកគេ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ទីផ្សារ​របស់​ខ្លួន។ បញ្ហា​ទាំងនេះ ប្រទេស​ចិន ត្រូវ​បាន​គេ មើល​ឃើញ​ថា ជា​ប្រទេស ដែល​បំពាន​ខ្លាំង​ជាង​គេ​មួយ។

ប្រទេស​ចិន​បាន​ប្រកាស​ថា នឹង​ដាក់​ស្នើ​កំណែ​ទម្រង់​ផង​ដែរ ហើយ​ខ្លួន​ក៏​បាន​ព្រមាន​ថា ខ្លួន​នឹង​មិន​ទទួល​យក​វិធាន​ដែល​ខ្លួន​មិន​ចង់​ទទួល​នោះ​ទេ។

នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ក្រុង​ហ្សឺណែវ កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លង​ទៅ​នេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ លោក Zhang Xiangchen បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឆាំង​ចំពោះ​ អ្វី​ដែល​លោក​បាន​ហៅ​ថា ជា​កិច្ចខិតខំប្រឹងប្រែង​ «ដាក់​ប្រទេស​ចិន​ឲ្យ​ស្ថិត​ក្នុង​សំណាញ់​វិធាន​ពាណិជ្ជកម្ម​ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន» ក្នុង​នាម​កំណែ​ទម្រង់​នោះ។

ប្រទេស​កំពុង​អភិវឌ្ឍន៍?

ប៉ុន្តែ​ចំណុច​មួយ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​កាន់​តែ​ច្រើន​ទៅៗ​គឺ​ ឋានៈ​ពិសេស​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី២​នេះ ថា​ជា​ ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​នេះ​អនុលោម​តាម​លក្ខខណ្ឌ​តិចតួច​ជាង​ប្រទេស​អភិវឌ្ឍន៍ ពន្យារពេល​អនុលោម​តាម​វិធាន​ថ្មីៗ និង​ដាក់​របាំង​ពន្ធគយ​បាន​ខ្ពស់​ជាង​ប្រទេស​អភិវឌ្ឍន៍។

លោក Kennedy បាន​និយាយ​ថា ឋានៈ​នេះ​ជា​អ្វី​មួយ​ដែល​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន​ជាច្រើន​យល់​ឃើញ​ថា មិន​សមស្រប​នឹង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ទៀត​ទេ។

លោក Kennedy បាន​និយាយ​ថា៖

«ក្តី​បារម្ភ ក្រោយពី​ការ​មិន​យល់​ស្រប​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ APEC គឺ​ជា​ការសន្ទនា​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន​ស្តី​ពី​តួនាទី​របស់​ចិន​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ថា​តើ​តួនាទី​របស់​គេ​មាន​ឥទ្ធិពល​ប៉ុនណា និង​ថាតើ​ត្រូវ​ចាត់​ប្រទេស​នេះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ត​ទៅ​ទៀត​ឬ​យ៉ាង​ណា និង​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ប្រភេទ​ត​ទៅ​ទៀត​ឬ​យ៉ាង​ណា»។

លោក Kennedy បាន​កត់​សម្គាល់​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ករណី​របស់​ប្រទេស​ចិន មិន​មាន​និយមន័យ​ឲ្យ​ត្រូវ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី២​របស់​ពិភពលោក​មួយ​នេះ​ទេ។ ទីក្រុង​តាម​បណ្តោយ​ឆ្នេរ​របស់​ប្រទេស​ចិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អៗ ហើយ​ប្រទេស​នេះ​មាន​មហាសេដ្ឋី​រាប់រយ​នាក់ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នាដែរ មាន​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ​មាន​ភាព​ក្រីក្រ​ខ្លាំង បញ្ហា​សុខមាលភាព និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជួប​ប្រទះ។

លោក Kennedy បាន​និយាយ​ថា៖

«ការ​ពិត​គឺ​ថា ប្រទេស​ចិន​មិន​អាច​ពណ៌នា​បាន​ដោយ​តែ​មួយ​ពាក្យ​នោះ​ទេ។ សំណួរ​គឺ​ថា តើ​ផ្នែក​ណា​មួយ​ក្នុង​ប្រទេស​ចិន​ពាក់ព័ន្ធ​ខ្លាំង​នឹង​ការ​ចូលរួម​របស់​ចិន​ក្នុង​សេដ្ឋកិច្ច​ពិភពលោក។ ខ្ញុំ​គិត​ថា អ្វី​ដែល​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​ជិត​ខាង​របស់​ចិន​កំពុង​ប្រកែក​គ្នា​គឺ​ជា​ផ្នែក​អភិវឌ្ឍន៍​ខ្លាំង​របស់​ចិន»។

ទោះ​ជា​យ៉ាង​ណា សម្រាប់​ប្រទេស​ចិន ខ្លួន​បាន​បញ្ជាក់​ច្បាស់​ថា ខ្លួន​នឹង​មិន​ទទួល​យក​ការ​ផ្លាស់ប្តូរ​ឋានៈ​អ្វី​ផ្សេង ក្រៅតែ​ពី​ថា ខ្លួន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ​ឡើយ។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ក្នុង​កិច្ចប្រជុំ APEC លោក​ប្រធានាធិបតី ស៊ី ជីនពីង​បាន​លើក​ឡើង​ពី​សិទ្ធិ​ និង​តម្រូវការ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ម្តង​ហើយ​ម្តង​ទៀត ដោយ​បាន​បន្ថែម​ថា គោលការណ៍​ការ​ចាត់​ទុក​ «ផ្សេង​គ្នា និង​ពិសេស» សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​គួរ​ត្រូវ​បាន​គេ​ប្រឆាំង​នោះ​ទេ។

លោក​ប្រធានាធិបតី ស៊ី បាន​និយាយ​ថា៖

«បើ​មិន​ដច្នោះ​ទេ មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​នឹង​ត្រូវ​រង្គោះរង្គើ៕

XS
SM
MD
LG