ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​នឹង​​លេច​ធ្លោ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ពេល​អវត្តមាន​​លោក Trump


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump (ឆ្វេង) ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump (ឆ្វេង) ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

ដោយទើប​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ពី​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរីធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីនពីង ​(Xi Jinping)​ នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​វាគ្មិន​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ ​(Donald Trump) បាន​សម្រេច​ចិត្ត​មិន​ចូលរួម។ នេះ​បើយោង​តាម​របាយ​ការណ៍​របស់​ Reuters។

កាលពី​សប្តាហ៍​មុន​ ប្រទេស​ចំនួន​១៥​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ចទូលំទូលាយ​ក្នុង​តំបន់ ហៅ​កាត់​ថា RCEP ហើយ​កិច្ច​ព្រមព្រៀង​គាំទ្រ​ដោយ​ប្រទេស​ចិន​នេះដែល​មិន​រាប់​បញ្ចូល​សហរដ្ឋ​អាមេរិក​នោះ ​នឹង​ជា​ប្រធានបទ​យ៉ាង​សំខាន់​នៅ​កិច្ច​ប្រជុំ​កំពូលកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ ហៅ​កាត់​ថា APEC ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ម៉ាឡេស៊ី។ ​

សមាជិក​ជាង​១០នាក់​នៃ​សមាជិក​២១​នាក់​របស់ ​APEC​ បាន​ចុះ​កិច្ច​ព្រមព្រៀង ​RCEP។​ អវត្តមាន​របស់​លោក​ត្រាំ​កើត​ឡើង​បន្ទាប់​ពី​លោក​ត្រូវ​បាន​ព្យាករណ៍​ថា បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃទី​៣ ​ខែ​វិច្ឆិកា​ តែ​ទោះ​បី​ជា​យ៉ាងណា​លោក​មិន​ទាន់​បាន​ទទួល​ស្គាល់និង​មិន​បាន​ចាប់ផ្តើម​ផ្ទេរអំណាច​រដ្ឋាភិបាល​ទៅ​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ​ចូ បៃដិន ​(Joe Biden)​ ទេ។

កិច្ច​ប្រជុំ​កំពូល ​APEC តែមួយ​គត់​ដែល​លោក​ត្រាំ​បាន​ចូលរួម​គឺ​កិច្ច​ប្រជុំរៀបចំ​ដោយ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៧។ ​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ប្រកាស​ឈ្មោះប្រធាន​គណៈប្រតិភូ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​នេះ​ទេ​ ទោះ​ជា​ លោក​ Stephen Biegun អនុ​រដ្ឋមន្ត្រី​ការ​បរទេស​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ APEC កាល​ពី​ថ្ងៃ​ច័ន្ទ​ក៏ដោយ។​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​លោក​ Azmin Ali​ បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​អង្គារ​ថា​ ​រដ្ឋ​ជា​សមាជិក​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី «កម្រិត​នៃ​មហិច្ឆតា» សម្រាប់​ចក្ខុវិស័យ​និង​វិធីសាស្រ្ត​របស់ ​APEC​ ស្តីពី​ការ​ធ្វើ​សមាហរណ​កម្ម​ពាណិជ្ជ​កម្ម​និង​សេដ្ឋកិច្ច​ពហុភាគី។

ប្រទេស​ចិនមាន​គោលជំហរ​ផ្ទុយ​ពី​គេទាក់ទង​នឹង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ។ លោក​ ស៊ី ជីនពីង ​និង​មេ​ដឹកនាំ​សមាជិក​ APEC​ ផ្សេងទៀត​គ្រោង​នឹង​ថ្លែង​នៅ​ឯ​សន្និសីទសម្រាប់​មេដឹកនាំ​ដែល​ចាប់​ផ្តើមនៅថ្ងៃ​ព្រហស្បតិ៍​ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃ​សុក្រ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG