មេដឹកនាំមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានអំពាវនាវឱ្យបញ្ឈប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងបានសន្យាជំរុញសេដ្ឋកិច្ចរបស់តំបន់នេះឱ្យមានកំណើនដោយចិរភាព នៅពេលដែលមេដឹកនាំទាំងនោះបានបិទបញ្ចប់កិច្ចប្រជុំកំពូល កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងទៅលើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ប្រទេសថៃដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឬ APEC បានទទួលនូវលទ្ធផលផ្នែកការទូតមួយ ក្នុងការការធ្វើជាស្ពានភ្ជាប់ការបែកបាក់គ្នាក្នុងចំណោមសមាជិកទាំង២១របស់អង្គការ APEC ដោយនិយាយថា សមាជិកស្ទើរតែទាំងអស់របស់អង្គការនេះ បានថ្កោលទោសទៅលើសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ីក៏ជាសមាជិកមួយរបស់អង្គការនេះដូចប្រទេសចិនផងដែរ ហើយចិនបានព្យាយាមមិនរិះគន់រុស្ស៊ីទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះឡើយ។
សេចក្តីប្រកាសរួមដែលបានដាក់ចេញដោយមេដឹកនាំអង្គការ APEC បានទទួលស្គាល់នូវការខ្វែងទស្សនៈគ្នាទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងបាននិយាយថាវេទិការបស់ APEC ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ចំណងទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយមិនមែនជាវេទិកាសម្រាប់ដោះស្រាយជម្លោះសង្គ្រាមនោះឡើយ។
ប៉ុន្តែទោះជាយ៉ាង ក៏សេចក្តីថ្លែងការណ៍នេះ បានកត់សម្គាល់ផងដែរថា ជម្លោះនិងបញ្ហាសន្តិសុខដទៃទៀត «អាចជះផលដ៏ខ្លាំងក្លាទៅលើសេដ្ឋកិច្ចជាសាកលផងដែរ»។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំអង្គការ APEC នេះក៏បានលើកឡើងផងដែរថា សមាជិកស្ទើរតែទាំងអស់របស់អង្គការនេះ បានថ្កោលទោសយ៉ាងខ្លាំងទៅនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងបានគូសបញ្ជាក់ថា សង្គ្រាមនេះបានបង្កឱ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាច្រើន និងបង្កឱ្យមានអតិផរណាកាន់តែខ្លាំង បង្កបញ្ហាដល់សង្វាក់ផ្គត់ផ្គង់ បង្កើតហានិភ័យផ្នែកហិរញ្ញវត្ថុនិងបង្កឱ្យមានអសន្តិសុខស្បៀងអាហារផងដែរ៕
មេដឹកនាំអាស៊ីប៉ាស៊ីហ្វិកថ្កោលទោសសង្គ្រាមនៅអ៊ុយក្រែន និងអំពាវនាវឱ្យមានការបើកចំហវិស័យពាណិជ្ជកម្ម
ទីក្រុងបាងកក ប្រទេសថៃ —