ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ថា​ ភាព​ហត់​នឿយ​ខ្លាំង​បណ្តាល​​ឱ្យ​លោក​ឆ្លង​កូវីដ ​ហើយ​ខកខាន​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល ​​G20 និង ​APEC


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោក Tito Karnavian និង​អភិបាល​កោះ​បាលី​លោក I Wayan Koster ពេល​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Ngurah Rai នៅ​មុន​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោក Tito Karnavian និង​អភិបាល​កោះ​បាលី​លោក I Wayan Koster ពេល​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Ngurah Rai នៅ​មុន​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់​ពី​មក​ដល់​ទឹក​ដី​កម្ពុជា​វិញ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ថ្លែង​ថា​ ​ការ​បំពេញ​ការ​ងារ​ជាង​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ប្រហែល​ជា​ហេតុផល​ដែល​នាំ​ឱ្យ​លោក​ឆ្លង​ជំងឺ​កូវីដ១៩ ​និង​សម្រេច​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល ​G20​ ​ដែល​បាន​រៀបចំ​នៅ​កោះ​បាលី ​ប្រទេស​ឥណ្ឌូណេស៊ី ​និង​កិច្ច​ប្រជុំ​កំពូល​នៃ​មេ​ដឹក​នាំ​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ​AP​EC ​នៅ​ប្រទេស​ថៃ។​

បើ​តាម​សារ​ជា​សំឡេង​មាន​រយៈ​ពេល​ជិត​៩​នាទី​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​លោក​បាន​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោយ​ពី​លោក​ធ្វើ​ការ​លើស​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ ខណៈ​លោក​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ ដែល​ទើប​តែ​បញ្ចប់​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន។​ យ៉ាង​ណា​ក៏​ដោយ​ ​លោក​ថា​ ​មក​ដល់​ពេល​នេះ​ លោក​មិន​មាន​អាការៈ​ធ្ងន់​ធ្ងរ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ខ្ញុំ​ ព្រះ​ករុណា​ខ្ញុំ​ យល់​ថា​ អ្វី​ដែល​ជា​ការ​ឆ្លង​សម្រាប់​ខ្ញុំ ​ព្រះ​ករុណា​ខ្ញុំ​នេះ​ ប្រហែល​ជាស្ថិត​ក្នុង​ពេល​វេលា​ដែល​ខ្ញុំ​ ព្រះ​ករុណា​ខ្ញុំ ​ហត់​នឿយ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គឺ​មួយ​អាទិត្យ​ចុង​ក្រោយ​នេះ​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ក្នុង​មួយ​ថ្ងៃ​ គឺ​ធ្វើការ​លើស​ពី​១០​ម៉ោង​ អាច​ថា​គឺ​១៥​ម៉ោង​ក្នុង​រង្វង់​ប៉ុណ្ណឹង។ ​ដូច្នេះ​ការ​ហត់​នឿយ​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ​អាច​ជា​មូលហេតុ​នៃ​ការ​វាយ​ឡុក​នៃ​កូវីដ១៩»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បន្ថែម​ថា​ លោក​មិន​ចាត់​តាំង​មន្ត្រី​កម្ពុជា​ណា​មួយ​ស្ថិត​ក្នុង​ប្រតិភូ​អម​ដំណើរ​ជាមួយ​លោក​ឱ្យ​ធ្វើ​ជា​តំណាង​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​ G20 ​និង​ APEC ​នោះ​ទេ ​ក្រោម​ហេតុ​ផល​បារម្ភ​អំពី​សុវត្ថិ​ភាព​សុខភាព​របស់​មេ​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​មហា​អំណាច​ទាំង​នោះ។​

លោក​ ហ៊ុន សែន​ លើក​ឡើង​ថា៖ ​«ដូច្នេះ​ដើម្បី​ធានា​សុវត្ថិ​ភាព​សម្រាប់​ការ​ប្រជុំ​នៃ​អ្នក​ចូលរួម​ទាំង​ឡាយ​ គណៈ​ប្រតិភូ​កម្ពុជា​ គឺ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​មិន​អាច​ចូល​រួម។ ​ ប៉ុន្តែ​គណៈ​ប្រតិភូ​ដែល​ធ្វើ​ដំណើរ​ជាមួយ​ ក៏​មិន​អាច​ធ្វើ​ជា​តំណាង​ចូល​រួម​បាន​ដែរ»។

បើ​តាម​លោក ​ហ៊ុន សែន​ គ្មាន​ប្រទេស​ណាមួយ​មិន​ទទួល​ស្វាគមន៍​លោក​ ឬ​មាន​ចេតនា​រារាំង​វត្តមាន​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​ខាង​លើ​ ដូច​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ខ្លះ​នោះ​ទេ។​

លោកថ្លែង​ថា៖​ «ហើយ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ក៏​សូម​ស្នើ​ឱ្យ​មាន​ការ​យោគ​យល់​អំពី​អ្នក​វិភាគ​ខ្លះ​ ដែល​លើក​ឡើង​ថា​ តើ​នេះ​វា​អាច​ជា​ឧបាយ​កល​នៃ​ប្រទេស​ខ្លះ​ ដែល​មិន​ចង់​ឱ្យ​ខ្ញុំ​ ព្រះ​ករុណា​ខ្ញុំ​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ដែរ​ឬ​ទេ?​ ពិត​ណាស់​ គ្មាន​អ្នក​ណា​មាន​បំណង​ ដើម្បី​ឱ្យ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំ​ទាំង​ការ​ប្រជុំ​ G20 ​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី ​ទាំង​ការ​ប្រជុំ​ APEC​ នៅ​ឯ​ប្រទេស​ថៃ​នោះ​ឡើយ»។​

លោក​ ហ៊ុន សែន​ឱ្យ​ដឹង​ទៀត​ថា​ លោក​ក៏​គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង ​និង​ប្រធានាធិបតី​បារាំង ​លោក​អេម៉ានុយអែល ម៉ាក្រុង ​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ តែ​ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។​

ដោយ​ឡែក​ ​អ្នក​ជំនាញ​នយោបាយ​ និង​អ្នក​តាម​ដាន​សង្គម​កម្ពុជា​យល់​ថា ​កម្ពុជា​បាន​បាត់​បង់​ឱកាស​ដ៏​កម្រ​មួយ ​ជា​មួយ​ប្រទេស​មហា​អំណាច​ទាំង​២០ ​ដោយ​សារ​តែ​កម្ពុជា​មិន​បាន​ដាក់​តំណាង​សម្រាប់​ថ្លែង​ការណ៍​ ឬ​ចូល​រួម​សង្កេត​ជំនួប​កំពូល​នោះ។​ ពួក​គេ​ថា​ កម្ពុជា​បាន​ខក​ខាន​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រទេស​ជឿន​លឿន​ ទាំង​នោះ​ ជា​ពិសេស​ផ្នែក​សេដ្ឋ​កិច្ច។​

សា​ស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​អវត្ត​មាន​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​កំពូល​G20 ​និង​ ​APEC​ ដោយ​មិន​ដាក់​តំណាង​កម្ពុជា​ចូល​រួម​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ ឬ​សង្កេត​ការណ៍​នេះ​ ​ជា​ការ​បាត់​បង់​ឱកាស​ដ៏​ធំ​មួយ​របស់​កម្ពុជា​នៅ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ជឿន​លឿន​ សម្រាប់​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច។

លោក​ថ្លែង​ថា៖ ​«កម្ពុជា​គួរ​មាន​អ្នក​តំណាង​ បើ​មិន​អាច​ថ្លែង​អី​បាន​ក៏​អាច​ចូលរួម​សង្កេត​ការណ៍​ ឬ​ដើម្បី​យក​ព័ត៌មាន​ដែរ​ ពី​ព្រោះ​ការ​យក​ព័ត៌មាន​ពី​ខាង​ក្រៅ ​ហើយ​ការ​ចូល​ដោយ​ផ្ទាល់​វា​មាន​តម្លៃ​ខុស​គ្នា​ ហើយ​អត្ថ​ប្រយោជន៍​ខុស​គ្នា»។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​នៅ​ពេល​ដែល​កម្ពុជា​យើង​បោះ​បង់​សិទ្ធិ​ដែល​ចូល​រួម​ថ្លែង​ ឬ​ចូល​រួម​ប្រជុំ​នៅ​APEC​ហ្នឹង​ ​ចូល​រួម​ថ្លែង​នៅ​G20​ហ្នឹង​ ជា​ការ​សោក​ស្តាយ​មួយ​ដែរ។​ សម្រាប់​កម្ពុជា​ មិន​សូវ​មាន​កិច្ច​ការ​អន្តរ​ជាតិ​ច្រើន​ទេ ​លើក​លែង​តែ​ប្រជុំ​អាស៊ាន​លើក​នេះ​សកម្ម​ភាព​ច្រើន​ហើយ​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ឧស្សាហ​កម្ម​ទាំង​២០​នេះ ​យើង​គួរ​តែ​មាន​សំឡេង​ថ្លែង​ឱ្យ​គេ​មាន​ការ​ចាប់​អារម្មណ៍​ពាក់​ព័ន្ធ​ការ​អភិវឌ្ឍ​ ​ហើយ​ក្នុង​វេទិកា​សេដ្ឋ​កិច្ច​ ក្នុង​ប្រទេស​ថៃ​ជា​ដើម»។​

ស្រដៀង​គ្នានេះ​ដែរ អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​ និង​សន្តិ​ភាព​ លោក ​វណ្ណ ប៊ុនណា​ លើក​ឡើង​ថា ​អវត្ត​មាន​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ទាំង​ពីរ​នេះ ​គឺ​ជា​ការ​ខាត​បង់​នៃ​ការ​រឹត​ចំណង​ទំនាក់​ទំនង​ការ​ទូត​របស់​កម្ពុជា​ជាមួយ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន។​

ប៉ុន្តែ​ លោក​កត់​សម្គាល់​ថា​ ប្រសិន​បើ​ មន្ត្រី​សុខា​ភិបាល​នៅ​កម្ពុជា​ពិនិត្យ​សំណាក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ហើយ​រកមិន​ឃើញ​មាន​វិជ្ជ​មាន​ជំងឺ​កូវីដ១៩​នោះ​ វា​អាច​មាន​សេណា​រីយោ​ ពាក់​ព័ន្ធ​នឹង​នយោបាយការ​បរ​ទេស​ ដែល​ទំនង​ជា​ផ្តើម​ចេញ​ពី​ការ​អាក់​អន់​ចិត្ត​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ លើ​បញ្ហា​មីយ៉ាន់ម៉ា។​ លោក​បន្ថែម​ថា​ បើ​សិន​ជា​មាន​ការ​អន់​ចិត្ត​បែប​នេះ ​មែន​នោះ​ វា​នឹង​បង្ក​ឱ្យ​មាន​ភាព​ល្អក់​កករ​ក្នុង​គ្រួសារ​អាស៊ាន​ ជា​ពិសេស​ក្នុង​ទំនាក់​ទំនង​របស់​ឥណ្ឌូណេស៊ី ​និង​កម្ពុជា។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ ​«ប្រសិន​បើ​ពេទ្យ​នៅ​ឥណ្ឌូណេស៊ី​ បញ្ជាក់​ថា​ សម្តេច​កើត​កូវីដ​មែន ​ហើយ​ពេល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ពិនិត្យ​អត់​ឃើញ ​ អ៊ីចឹង​មាន​ន័យ​ថា​ ជា​រឿង​នយោ​បាយ។​ ហើយ​បើ​រឿង​នយោបាយ​ យើង​អាច​ទាញ​សេណារីយោ​បាន​ថា ​ ប្រហែល​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​ឥណ្ឌូណេស៊ី​ អំពី​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ ជា​ពិសេស​ពាក់​ព័ន្ធ​បញ្ហា​មីយ៉ាន់ម៉ា»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី ​អ្នកស្រី ​ឱ វណ្ណ​ឌីន​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ​និង​ជា​អ្នក​នាំពាក្យ​និង ​អ្នកស្រី ​យក់ សម្បត្តិ​ ដែល​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​មួយ​រូប​ទៀត​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃពុធ​នេះ។​

បន្ទាប់​ពី​លោក​ ហ៊ុន សែន ​ត្រូវ​បាន​គេ​រក​ឃើញ​ថា វិជ្ជមាន​ជំងឺ​កូវីដ១៩​ លោក​បាន​ប្រញាប់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​មួយ​ប្រតិភូ​អម​ដំណើរ​ជាង​៤០​នាក់​ ដែល​មិន​បាន​ឆ្លង​ជំងឺ​កូវីដ១៩​នោះ​ទេ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ ជុំ សុន្ទរី ​បាន​នៅ​ឡើយ​ទេ។ ​វីអូអេ​ ក៏​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​សំណួរ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ទៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ដែរ​ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។​

គួរ​បញ្ជាក់​ថា ​មុន​ធ្វើ​ដំណើរ​ទៅ​កោះ​បាលី ​លោក​ ហ៊ុន សែន ​បាន​ជួប​មេ​ដឹកនាំ​អាស៊ាន​មួយ​ចំនួន​ក្នុង​ភាព​សិទ្ធ​ស្នាល​ រួមមាន​ ព្រះ​ចៅ​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ ​និង​នាយក​រដ្ឋមន្ត្រី​ថៃ​ ​ដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន។​ អំឡុង​ពេល​មាន​ការ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មេ​ដឹកនាំ​អាស៊ាន​ទាំង​នោះ​ លោក ​ហ៊ុន សែន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​បាន​ពាក់​ម៉ាស់​នោះ​ទេ។

អំឡុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ លោក​ហ៊ុន សែន ​បាន​ជួប​មេ​ដឹកនាំ​នៃ​ប្រទេស​ដៃ​គូ​ប្លុក​អាស៊ាន​មួយ​ចំនួន ​ក្នុង​នោះ​គឺ​មាន​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ ជប៉ុន​ ឥណ្ឌា ​និង​អគ្គ​លេខាធិការ​អាស៊ាន​ជាដើម។​

បើ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ ​សេតវិមាន​សហ​រដ្ឋ​អាមេរិក​ បញ្ជាក់​ថា​ ​លោក ​Joe Biden ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​ ហើយ​លទ្ធ​ផល​បង្ហាញ​ថា​ លោក​ប្រធានាតិបតី​មិន​បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG