ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធានាធិបតី​អាមេរិក​ជួប​​ប្រធានាធិបតី​ចិន​​នៅ​បាងកក​ មុន​ទស្សនកិច្ច​ទៅ​​កោះ​ហ្វីលីពីន​​នៅ​ជិត​​​​ដែនសមុទ្រ​មាន​ជម្លោះ​​​​


អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​​លោកស្រី Kamala Harris ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​មុន​កិច្ចប្រជុំ​មេដឹកនាំ​នៃ​អង្គការ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក ឬ APEC ​ក្នុង​រាជធានី​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​​លោកស្រី Kamala Harris ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​មុន​កិច្ចប្រជុំ​មេដឹកនាំ​នៃ​អង្គការ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក ឬ APEC ​ក្នុង​រាជធានី​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

អនុប្រធានាធិបតី​សហរដ្ឋអាមេរិកលោកស្រី Kamala Harris ​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិនលោក Xi Jinping កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​នៃ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក ឬ APEC ​ក្នុង​រាជធានី​បាងកក​ប្រទេស​ថៃ។​

មន្ត្រី​សេតវិមាន​មួយ​រូប​បាន​ថ្លែង​ឱ្យដឹង​ថា៖​ «លោកស្រី​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​កត់សម្គាល់​នូវ​សារ​ដ៏​សំខាន់​មួយ​ ដែល​ប្រធានាធិបតី​អាមេរិក​លោក​ [Joe] Biden បាន​គូស​បញ្ជាក់នៅ​ក្នុង​ជំនួប​របស់​លោកជាមួយ​លោក Xi កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​នោះ​ថា​ យើង​ត្រូវ​រក្សា​នូវមធ្យោបាយ​ទំនាក់ទំនងបើក​ចំហ ដើម្បី​គ្រប់គ្រង​ដោយ​ការ​ទទួលខុសត្រូវនូវ​ការ​ប្រកួតប្រជែង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ»។​ ​

សារដែល​បាន​លើក​ឡើង​នេះ​អាច​ជាការផ្ទុយ​គ្នា​មួយ​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​កាន់​កោះ Palawan របស់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ដែល​ចិនមើល​ឃើញ​ថា​ អាច​ជាការ​សម្តែង​ការ​ប្រឆាំង​នឹង​ខ្លួន។​

ប្រជុំ​កោះ Palawan ស្ថិត​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​មាន​ចម្ងាយ​ប្រមាណ​៣៣០​គីឡូម៉ែត្រ​ខាង​កើតប្រជុំ​កោះ Spratly ដែល​ត្រូវ​បាន​ទាមទារ​យក​ទាំង​ស្រុង​ដោយ​ប្រទេស​ចិន​ និង​មាន​ការ​ទាម​ទារ​យកជា​ផ្នែក​ផង​ដែរ​ ដោយ​ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀតណាម។​

លោក​ស្រី Harris នឹង​ក្លាយ​ជាមន្ត្រី​អាមេរិក​ជាន់​ខ្ពស់​បំផុត​ដែល​នឹងទៅ​ធ្វើ​ទស្សនកិច្ច​នៅ​លើ​កោះ Palawan នេះ។​ ​

ស្របពេល​ដែលប្រទេស​ជា​ច្រើន​នៅក្នុង​តំបន់​បារម្ភ​ខ្លាច​មាន​ការ​ឈ្លានពាន​របស់​ចិនទៅ​លើ​កោះ​តៃវ៉ាន់​នោះ​ ​ចិន​កំពុង​ពង្រីក​សកម្ម​យោធា​យ៉ាង​ខ្លាំងបំផុត​នៅ​លើ​តំបន់ដែនទឹក​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។​ ​

ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក ​ប្រទេស​ចិន​បាន​ធ្វើ​សកម្មភាព​បូម​ដី​និង​សាងសង់​កោះ​សិប្បនិម្មិត​មួយ​ចំនួន​នៅក្នុង​ដែនទឹក​ ដោយចាក់​ដី​ថ្មី​បាន​ទំហំ​ប្រមាណ​១.២៩៥​ហិកតា​ នៅប្រជុំកោះ Spratly។​ នេះ​បើតាមការ​ឱ្យ​ដឹង​របស់​គម្រោងគំនិត​ផ្តួចផ្តើម​តម្លាភាព​នៃដែន​សមុទ្រ​អាស៊ី។​ ​

ប្រទេស​ចិន​ កោះ​តៃវ៉ាន់​និង​ប្រទេស​វៀតណាម​ បាន​ទាមទារ​យក​រៀងៗ​ខ្លួននូវទីប្រជុំ​កោះ Spratlys ទាំង​មូល​ ខណៈ​ប្រទេស​ម៉ាឡេស៊ីនិង​ប្រទេស​ហ្វីលីពីន​ ទាមទារ​យកកោះ​មួយ​ចំនួន។​ ​ដោយ​ឡែក​ប្រទេស​ព្រុយណេទាមទារតំ​បន់​សេដ្ឋកិច្ច​ផ្តាច់​មុខនៅ​លើ​ប្រជុំ​កោះ​នេះ។​ ​

ការ​ធ្វើ​ពាណិជ្ជកម្ម​ដឹក​ជញ្ជូនដែល​មាន​ទឹក​ប្រាក់​រាប់​លានលាន​ដុលា្លរ​ ឬ​ប្រមាណ​១ភាគ៣​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្មតាមជើង​ទឹក​ជា​សាកល​ បាន​ឆ្លងកាត់តាម​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ជារៀង​រាល់​ឆ្នាំ ដែល​ជា​ដែន​ទឹកយុទ្ធសាស្ត្រដ៏​សំខាន់​មួយ​។​ ​

លោក​ស្រី Harris នឹង​ចូលរួមជា​មួយ​សហគមន៍អ្នក​នេសាទរបស់​ហ្វីលីពីន​នៅ​លើ​កោះ Palawan និងគូស​បញ្ជាក់​ពី«ការ​តាំង​ចិត្តរបស់​សហរដ្ឋអាមេរិក​ ក្នុង​ការ​ធ្វើឱ្យ​មាន​សេរីភាព​ក្នុងការ​ធ្វើ​នាវាចរណ៍»។ នេះ​បើ​តាមមន្ត្រី​ជាន់ខ្ពស់​របស់​សេតវិមាន​មួយ​រូប​ ដែល​បាន​ប្រាប់​វីអូអេ ក្នុង​អំឡុង​ពេល​នៃសន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សុក្រ។​ ​

មន្រ្តី​រូបនោះ​ក៏និយាយ​ដែរថា​ លោកស្រី Harris នឹង​លើក​បញ្ជាក់​ផង​ដែរ​ ពី​ផលវិបាកមួយ​ចំនួន​ ដែល​កើត​ចេញ​ពី​ការ​ធ្វើ​នេសាទ​ដោយ​ខុសច្បាប់​ និង​មិនបាន​រាយការណ៍​ឱ្យ​ដឹង​ជា​មុន​នោះ»៕

XS
SM
MD
LG