ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អន្តរ​សភា​អាស៊ាន​ផ្តោតលើ​សុខភាព​ស្រ្តី​ពលករ​ចំណាកស្រុក

  • ម៉ែន គឹមសេង

រូបឯកសារ៖ ពលករចំណាក​ស្រុក​កម្ពុជាធ្វើដំណើរឆ្លងព្រំដែន​ថៃចូល​ប្រទេស​កម្ពុជា នៅខេត្តសាកែវ កាលពីថ្ងែទី១៥ ខែមិថុនា ឆ្នាំ២០១៤។

បញ្ហា​សុខភាព​របស់​ស្រ្តី​ជា​ពលករ​ចំណាកស្រុក​ត្រូ​វបាន​ក្រុម​អ្នក​តំណាងរាស្រ្ត​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ផ្តោតការ​យក​ចិត្តទុក​ដាក់​កាន់តែ​ខ្លាំង។

នៅក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៨​របស់​សមាគម​អន្តរសភា​អាស៊ាន​នៅក្នុង​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន​កាលពី​ខែ​កញ្ញា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី​មកពី​ប្រទេស​ជាសមាជិក​អាស៊ាន​ទាំង​១០ ​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដែល​ស្នើ​ឱ្យ​បង្កើត​យន្តការ​មួយ​តាមដាន​និង​បង្កើន​ថវិការ​ ដើម្បី​លើក​កម្ពស់សុខភាព​ស្រ្តី​ជា​ពលការីនី​ចំណាកស្រុក។

លោកស្រី​ មូរ សុខហួរ ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្តេជ្ញា​ថា លោកស្រី​នឹង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ថវិកា​ជាតិ​លើ​ផ្នែក​សុខាភិបាល​កាន់តែច្រើន។

លោកស្រី មូរ សុខហួរ​ បាន​បន្ថែម​ថា៖

«ថវិកា​នោះគឺ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០នេះ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ ដើម្បី​ឱ្យ​ពលករ​ចំណាកស្រុក​នៅប្រទេស​ណា​ក៏​ដោយ​ ក៏អាច​ទទួល​បាន​នូវសេវា​សម្រាប់​សុខភាព​របស់​ស្ត្រី​យើង​ដែរ​‍»។

ប្រទេសកម្ពុជា​បាន​បង្កើន​ថវិកា​ជាតិ​រហូត​ដល់​ជាង​៥ពាន់លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៧ ​ប៉ុន្តែ​នៅតែ​មាន​ការ​ចំណាយ​តិច​លើ​ផ្នែក​សង្គមកិច្ច​ដោយ​ការ​ចំណាយ​លើ​ផ្នែក​សុខាភិបាល​ស្ថិតនៅ​ក្នុង​រង្វង់​តែ​៦ភាគរយ​ប៉ុណ្ណោះ។

លោក​ស្រី​ មូរ សុខហួរ បាន​បញ្ជាក់​ថា​ ការ​ចំណាយ​លើ​ផ្នែក​សុខាភិបាល​នៅកម្ពុជា នៅ​មិន​ទាន់​មាន​តុល្យភាព​គ្នា​ជាមួយ​នឹង​តម្រូវការ​នៅឡើយ​ទេ​ ជាពិសេស​លើ​សុខភាព​ស្ត្រី៖

«យើង​មើល​ពលករ​របស់យើង​នៅ​ប្រទេស​យើង​ ទោះបីជា​សព្វថ្ងៃ​ហ្នឹង​បាន​ធូរដោយ​សារមាន​ការ​បង់ប្រាក់​ពីថៅកែ​ក៏ដោយ​ ក៏យើង​ឃើញ​ថា​បានតែ​សម្រាប់​ជំងឺ​តូចតាច​ទេ​តែ​បើសិន​ជា​ជំងឺ​ប្រចាំ​កាយ​ ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ទោះបី​ជា​ការ​ឆ្លងទន្លេ​ក៏ដោយ ក៏​មិន​បាន​សេវា​សុខភាព​សម្រាប់​ធានា​ និង​ការពារ​សុខភាព​របស់​ស្ត្រី​ដើម្បី​ឱ្យស្រ្តី​អាច​ប្រឈម​មុខ​នឹង​ការងារ‍»។​

អង្គការ​សហប្រជាជាតិ​បាន​រកឃើញ​ថា ​ពលការិនី​ចំណាកស្រុក​ក្នុងតំបន់​អាស៊ាន​ទាំងមូល​ គឺ​មាន​ជាង​៣​លាន​នាក់។ រីឯ​ប្រទេស​កម្ពុជា​វិញ​ មាន​ពលការិនី​ចំណាក​ស្រុក​នៅក្នុង​តំបន់​សរុប​ជិត​៧០០.០០០​នាក់។ នេះបើ​តាមការ​បញ្ជាក់​របស់​លោកស្រី​ មូរ សុខហួរ។

ពលការិនី​ខ្មែរ​ម្នាក់​ឈ្មោះ​ ដាំ ស្រីភៀន ​ដែល​ធ្វើការ​នៅក្នុង​ប្រទេសថៃ​ ដោយ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ត្រឹមត្រូវ​តាម​ច្បាប់​បាន​បញ្ជាក់​ពី​ការ​លំបាក​ក្នុងការ​ទទួល​បាន​សេវាសុខាភិបាល​ដោយ​អ្នកស្រី​ត្រូវ​បង់​ថ្លៃ​សេវា​ពេទ្យ​ឯកជន​ក្នុង​តម្លៃ​ខ្ពស់។

អ្នកស្រី​ ដាំ ស្រីភៀន​ បាន​បន្ថែម​ថា៖

«ក្នុងការ​ព្យាបាល​ហ្នឹង​គឺ​យើង​សន្សំ​ពី​កម្លាំង​របស់​យើង​ក្នុងការ​ដែល​យើង​ធ្វើការ​ហ្នឹង​តែ​ម្តង។ ...​អីចឹង​ក្នុងការ​ព្យាបាល​របស់​នាង​ខ្ញុំ​ គឺ​មាន​ការ​បង់ថ្លៃ​សេវា​ច្រើន​ព្រោះ​ខ្ញុំ​អត់មាន​ថៅកែ​ត្រឹមត្រូវ ​គឺខ្ញុំ​ចូលមក​ដោយ​ខុសច្បាប់​»។

ក្នុងខណៈពេល​ដែល​ពលការិនី​ម្នាក់​ទៀត ដែល​ធ្វើការ​ដោយ​ស្របច្បាប់​នៅក្នុង​រោងចក្រនៅ​ប្រទេស​ថៃ​ ទទួល​បាន​សេវាព្យាបាល និង​ពិនិត្យ​សុខភាព​យ៉ាង​ត្រឹមត្រូវ​និង​ទៀងទាត់។

អ្នកស្រី​ ឃឹម ស្រីមុំ ​ពលការិនី​រោងចក្រ​កាបូប ​បាន​បញ្ជាក់​ថា៖

«នៅពេល​ដែល​ជួបបញ្ហា​សុខភាព​ខ្ញុំ​មាន​ពេទ្យ​មើល​ការខុសត្រូវ។ .... ក្នុង​មួយ​ខែ​ជួនកាល​ត្រូវ​ជួប​ពេទ្យ​ពីរ​ដង​ឬបី​ដង​ដែរ‍»។

ប៉ុន្តែ​ពលការិនី​ចំណាក​ស្រុកខ្មែរ​លើក​ឡើង​ថា​ ពួកគេ​ទទួល​បាន​សេវា​សុខភាព​នៅ​ទីនោះ​ល្អជាង​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG