ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការងារ​ថៃ​បើក​ការិយាល័យ​៩៧​កន្លែង​សម្រាប់​ធ្វើ​ឲ្យ​ពលករខ្មែរ​មាន​ភាព​ស្របច្បាប់


រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​រង់ចាំ​ធ្វើ​សំណុំឯកសារ នៅពេល​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅប្រទេស​កម្ពុជាវិញ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​ចាត់​វិធានការ​ទប់ស្កាត់​ការ​ធ្វើចំណាកស្រុកខុសច្បាប់​របស់​ពលករ​ចូលក្នុង​ប្រទេស​ថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​រង់ចាំ​ធ្វើ​សំណុំឯកសារ នៅពេល​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅប្រទេស​កម្ពុជាវិញ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​ចាត់​វិធានការ​ទប់ស្កាត់​ការ​ធ្វើចំណាកស្រុកខុសច្បាប់​របស់​ពលករ​ចូលក្នុង​ប្រទេស​ថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។

ក្រសួង​ការងារ​ថៃ​បាន​បើក​ការិយាល័យ​ចំនួន​៩៧​កន្លែង​រយៈ​១៥​ថ្ងៃ ​គិត​ចាប់​ពីថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧ ​ដល់​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៧​ ​ដើម្បី​ជូន​ដំណឹង​អំពី​ការ​ធ្វើ​ការ​របស់​ពលករ​បរទេស​ដែល​មិន​មាន​ឯកសារ ​និង​ដើម្បីបញ្ជាក់​ការ​ធ្វើ​ការ​ដោយស្រប​ច្បាប់។ នេះបើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ ដែល ​VOA ​ទទួល​បាន​នៅថ្ងៃ​អង្គារ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន ​ចុះថ្ងៃ​ទី​២៤​ ខែកក្កដា​ បាន​ឲ្យ​ដឹង​ថា​ ការិយាល័យ​ដែល​បាន​បង្កើត​ឡើង​នេះ​ នឹង​មិនមាន​ថ្ងៃ​ឈប់​សម្រាក​ទេ​ ដើម្បី​ឲ្យ​និយោជក​ដែល​ជួល​ពលករ​កម្ពុជា​ ដែល​មិនទាន់​មាន​ឯកសារ​ ឬ​ដែល​ធ្លាប់​ជា​ពលករ​ស្របច្បាប់​ប៉ុន្តែ​បាន​ផ្លាស់​ប្តូរ​ ឬ​មិន​បាន​បំពេញ​នីតិវិធី​នានា​របស់​ភាគី​ថៃ​ ហើយ​ក្លាយ​ជា​ពលករ​មិន​ស្រប​ច្បាប់​ អាច​មក​ចុះឈ្មោះ​នៅតាម​ការិយាល័យ​នីមួយៗ។​

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​បន្ត​ឲ្យ​ដឹង​ថា​ បន្ទាប់​ពីការ​ចុះ​ឈ្មោះ​នេះ​រួចរាល់​ ចាប់​ពី​ថ្ងៃ​ទី​៨ ​ខែសីហា​ ដល់​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ​គឺ​ជា​ដំណាក់​កាល​សម្រាប់​បងប្អូន​ពលករ​កម្ពុជា​ ដែល​និយោជក​បាន​ចុះ​ឈ្មោះ​រួច​ ទៅ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ទាំង​៩៧​កន្លែង​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ក្រោយពី​ការ​បង្ហាញ​ខ្លួន​របស់​បងប្អូន​ពលករ​កម្ពុជា​ ចាប់​ពីថ្ងៃ​ទី​៩​ ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​ ជា​ដំណាក់កាល​ដែល​បងប្អូន​ពលករ​កម្ពុជា​ត្រូវ​ទៅ​ធ្វើការ​បញ្ជាក់​អត្ត​សញ្ញាណ​ ស្នើ​សុំ​ទិដ្ឋាការ​ស្នាក់​នៅ​ ​Stay Permit​ ​និង​ប័ណ្ណ​អនុញ្ញាត​ការងារ​ ​Work Permit​ ពី​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ មន្ត្រី​អន្តោប្រវេសន៍​ថៃ​ និង​មន្ត្រី​ក្រសួង​ការងារ​ថៃ។​ ក្នុង​ដំណាក់​កាល​នេះ ​បងប្អូន​ពលករ​កម្ពុជា​មិនត្រូវ​ផ្លាស់​ប្តូរ​និយោជក​ ឬ​ទីកន្លែង​ធ្វើ​ការ​ ឬ​ឈប់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​និយោជក​ និង​ក្រសួង​ការងារ​ថៃ​នោះ​ឡើយ»។

ពលករ​ខ្មែរ​រាប់ពាន់​នាក់​ ដែល​ភ័យ​ខ្លាច​ការ​អនុវត្ត​ច្បាប់​ការងារ​ថ្មី​របស់​ថៃ​ បាន​ធ្វើ​ដំណើរ​ ឬ​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ ​បន្ទាប់​ពី​ច្បាប់​ការងារ​ថ្មី​របស់​ថៃ​ចូល​ជា​ធរមាន។ ច្បាប់​ថ្មី​ ដែល​ចងក្រង​ដោយ​រដ្ឋបាល​យោធា​របស់​ថៃ​ ​បាន​ធ្វើការ​រឹតត្បិត ​និង​ដាក់​ទោស​ទណ្ឌ​លើ​ពលករ​ខុសច្បាប់​ពី​ប្រទេស​នានា​ដូច​ជា​ឡាវ​ កម្ពុជា​ ​និង​មីយ៉ាន់ម៉ា​ជា​ដើម។​

យ៉ាងណា​ក៏ដោយ​ កាលពី​ដើម​ខែ​កក្កដា​នេះ​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ថៃ​បាន​ពន្យារ​ពេល​អនុវត្ត​ច្បាប់​ការងារ​ថ្មី​រយៈពេល​ប្រាំមួយ​ខែ​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​មាន​ពេល​ទទួល​បាន​សិទ្ធិ​ពេញ​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​នៅ​ទីនោះ។​ លោក​ពន្យល់​ថា​ ភាគី​ថៃ​ បាន​កែ​ទម្រង់​លក្ខខណ្ឌ​បទ​បញ្ញត្តិ​មួយ​ចំនួន​ដែល​អាច​បើក​ផ្លូវ​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន។​

អ្នក​ឃ្លាំ​មើល​ស្ថានភាព​ពលករ​ចំណាក​ស្រុក​ខ្មែរ​ នៅ​ទល់ដែន​ខ្មែរ​ថៃ​ ​បាន​សាទរ​ចំពោះ​ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ និង​មាន​បំណង​ឆ្លង​ចូល​ទៅ​ធ្វើ​ការ​នៅ​ទឹកដី​ថៃ​វិញ​ តែ​រយៈពេល​ដែល​បាន​លើក​ឡើង​នោះ​អាច​ជា​ការពិបាក​ដល់​មន្ត្រី​ថា្នក់​ក្រោម​អនុវត្តន៍​តាម៕

XS
SM
MD
LG