រដ្ឋាភិបាលកម្ពុជាជំរុញឱ្យពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃដោយខុសច្បាប់ចុះឈ្មោះស្នើសុំឯកសារយ៉ាងយូរត្រឹមដើមខែកញ្ញាខាងមុខ ប៉ុន្តែអ្នកជំនាញមើលឃើញថា ពេលវេលាផ្តល់ជូននេះមិនគ្រប់គ្រាន់ទេ ក្នុងការដោះស្រាយសម្រាប់ពលករខុសច្បាប់ខ្មែររាប់សែននាក់។
ក្នុងពេលជាមួយគ្នានេះដែរ អ្នកនយោបាយគណបក្សប្រឆាំងបានស្តីបន្ទោសដល់អំពើពុករលួយក្នុងស្ថាប័ននៃប្រទេសថៃនិងកម្ពុជា ដែលបង្កការលំបាកដល់ពលករ និងកង្វះសមត្ថភាពរបស់មន្ត្រីខ្មែរក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលថៃ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់តាមបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២៣ ខែកក្កដា ដោយស្នើឱ្យពលករដែលមិនមានឯកសារអ្វីទាំងអស់ ក៏ដូចជាអ្នកដែលធ្លាប់មានឯកសារ ប៉ុន្តែផ្លាស់ប្តូរការងារ ហើយក្លាយទៅជាមិនស្របច្បាប់ក្នុងពេលកន្លងមក គឺត្រូវពន្យល់ទៅដល់ថៅកែឱ្យទៅប្រកាសឈ្មោះនៅក្នុងការិយាល័យចំនួន៩៧កន្លែង ដែលបានបង្កើតឡើងនៅទូទាំងប្រទេសថៃដើម្បីស្នើសុំឯកសារ បើមិនដូច្នេះទេថៅកែនឹងទទួលរងនូវការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីក្រសួងការងារថៃ។
ច្បាប់ថ្មីរបស់ថៃដែលបានអនុម័តកាលពីចុងខែមិថុនា នឹងធ្វើការពិន័យពលករខុសច្បាប់ម្នាក់រហូតដល់៣០០០ដុល្លារ និងត្រូវជាប់គុករហូតដល់៥ឆ្នាំ។ រីឯថៅកែអាចរងការពិន័យរហូតដល់២៣.៥៧១ដុល្លារ សម្រាប់ពលករខុសច្បាប់ម្នាក់។
លោក ហេង សួរ បានបន្ថែមទៀតថា៖
«ដោយឡែកសម្រាប់យើង បើសិនទោះបីជាថៅកែគាត់មិនចុះបញ្ជីឈ្មោះយើងនៅចន្លោះថ្ងៃទី២៤ ខែកក្កដាដល់ថ្ងៃទី៧ ខែសីហាខាងមុខក៏ដោយ ក៏ចាប់ពីថ្ងៃទី៨ ខែសីហារហូតដល់ថ្ងៃទី៩ ខែកញ្ញាក៏យើងអាចបង្ហាញខ្លួននៅការិយាល័យស្រង់ទិន្នន័យជនបរទេសទាំង៩៧កន្លែងហ្នឹងដែរ។ ប៉ុន្តែអ្វីដែលជាការល្អបំផុត គឺឱ្យថៅកែគាត់ទៅចុះឈ្មោះយើងជាមុនសិនជាមួយនឹងមន្ត្រីនៃក្រសួងការងារថៃ ដែលធ្វើការនៅទាំង៩៧កន្លែងហ្នុង»។
ការអនុវត្តច្បាប់ការងារថ្មីនៅប្រទេសថៃដែលមានលក្ខណៈតឹងរ៉ឹង បាននាំឱ្យពលរដ្ឋខ្មែររាប់ពាន់នាក់វិលត្រឡប់មកប្រទេសវិញដោយស្ម័គ្រចិត្ត និងបង្ខំក្នុងខែកក្កដានេះ។
ក្រសួងការងារបញ្ជាក់ថា ពលករខ្មែរធ្វើការនៅប្រទេសថៃមានចំនួន ១.០៥០.០០០ នាក់ ក្នុងនេះពលករខុសច្បាប់មានតែជាង៣០ម៉ឺននាក់ទេ ដែលត្រូវធ្វើការចុះបញ្ជី និងប្រគល់ឯកសាររហូតដល់ចុងឆ្នាំ២០១៧នេះ។
ប៉ុន្តែលោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សយល់ថា ពេលវេលាដែលផ្តល់ជូននេះនឹងមិនគ្រប់គ្រាន់ក្នុងការចុះឈ្មោះពលករខ្មែរដែលកំពុងធ្វើការដោយខុសច្បាប់ទេ ព្រោះមានចំនួនច្រើនជាងតួលេខរបស់រដ្ឋាភិបាល។ លោក ហូយ៉ា បន្ថែមថា ក្នុងចំណោមពលករដែលធ្វើការនៅប្រទេសថៃចន្លោះពី១,២លានទៅ១,៧លាននាក់ គឺ៦០ភាគរយគ្មានឯកសារត្រឹមត្រូវទេ។
លោក ហូយ៉ា បានបន្ថែមថា៖
«តាមខ្ញុំអង្កេតមើល ខ្ញុំមិនមានជំនឿថានឹងបានដោះស្រាយច្រើនទេ ប្រសិនបើមិនមានការផ្សព្វផ្សាយច្បាស់លាស់ ហើយប្រជាពលរដ្ឋក៏ដូចជាពលករចំណាកស្រុកដែលអត់ទទួលបានព័ត៌មាន និងទីពីរគឺមានចំនួនច្រើន ហើយមិនដឹងថា ថៅកែគាត់អាចរត់ទាន់ ឬមួយយ៉ាងណាទេ។ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ គឺមិនអាចគ្រប់គ្រាន់សម្រាប់ពួកគាត់ទេ»។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្ត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិលើកឡើងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃគួរតែចរចាគ្នាដោយឈរលើការពិត ដែលពលករកម្ពុជាបានចូលរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចប្រទេសទាំងពីរ។ លោកស្រីបញ្ជាក់ថា ក្នុងមួយឆ្នាំៗពលករចំណាកស្រុកផ្ញើប្រាក់មកជួយគ្រួសារវិញរហូតដល់១០០០លានដុល្លារ ដែលជួយដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា រីឯប្រទេសថៃវិញក៏ត្រូវការពលករខ្មែរធ្វើការដែរក្នុងវិស័យជាច្រើន ដូចជាកសិកម្ម សំណង់ និងម្អូបអាហារជាដើម។
លោកស្រីបន្ថែមថា៖
«ដូច្នេះ យើងយល់ឃើញថា គួរតែរាជរដ្ចាភិបាលទាំងពីរទទួលស្គាល់នូវវិភាគទានដ៏ធំធេងហើយបញ្ចប់ទៅការធ្វើឱ្យពលករចំណាកស្រុករបស់យើង[រងការលំបាក]ជាពិសេសប្រទេសកម្ពុជាយើងមានពលករដែលប្រទេសថៃត្រូវការ»។
លោកស្រី មូរ សុខហួរ បន្ថែមថា បញ្ហាធំគឺនៅលើប្រទេសកម្ពុជាដែលគួរតែដាក់លក្ខខណ្ឌទៅលើប្រទេសថៃវិញ ដោយឈរលើច្បាប់អន្តរជាតិព្រោះថៃមិនគោរពច្បាប់ជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីទេ។
លោកស្រីបន្ថែមថា៖
«ខ្ញុំអរគុណហើយដែលក្រសួងការងារទៅចរចាជាមួយនឹងក្រសួងការងារ ក៏ប៉ុន្តែក្នុងការចរចានេះ យើងដូចជាទៅសុំអង្វរគេឱ្យគេទទួលពលកររបស់យើង ម៉េចក៏យើងមិនថាទៅវិញថា ប្រទេសថៃត្រូវការពលករពីប្រទេសកម្ពុជាយើង។ យើងត្រូវដាក់លក្ខខណ្ឌទៅវិញមិនមែនឱ្យប្រទេសថៃដាក់លក្ខខណ្ឌ ហើយយើងរត់តាមប្រទេសថៃទេ»។
លោកស្រី មូរ សុខហួរ ស្តីបន្ទោសដល់អំពើពុករលួយក្នុងប្រព័ន្ធរដ្ឋាភិបាលខ្មែរនិងថៃ និងការយឺតយ៉ាវក្នុងការផ្តល់ឯកសារជូនពលរដ្ឋ។
ចំណែកលោក ឌី ថេហូយ៉ា យល់ថា ការការពារសិទ្ធិពលករមានសារៈសំខាន់ជាងការហាមឃាត់ព្រោះការធ្វើចំណាកស្រុក គឺជានិន្នាការពិភពលោកនាពេលបច្ចុប្បន្ន។ លោកយល់ថា ការពារដែលមានប្រសិទ្ធភាព គឺកាត់បន្ថយចំណាយលើការសុំឯកសារព្រោះសព្វថ្ងៃនេះពលករម្នាក់ចំណាយយ៉ាងហោចណាស់ចំនួន៨០០ដុល្លារ ដើម្បីបានទៅធ្វើការនៅស្រុកថៃ ដោយស្របច្បាប់ និងពេលវេលាសុំឯកសារកុំឱ្យយូរពេក ដែលអ្នកខ្លះរង់ចាំរហូតដល់៦ខែឬ១ឆ្នាំ៕